អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី​ដក​អគ្គរាជទូត​ពី​ឥណ្ឌូនេស៊ី​ក្រោយ​ការប្រហារជីវិត​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់
29, Apr 2015 , 10:32 am        
រូបភាព
ដោយ:

ដោយ​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​ក្រុង​ហ្សា​កាតា លោក តូ​នី​អា​បូត នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បានប្រកាស​ដក​ឯកអគ្គ​រាជទូត​របស់ខ្លួន​ពី​ក្រុង​ហ្សា​កាតា។ ការសម្រេច​ដក​មន្ត្រី​ទូត​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ឥណ្ឌូនេស៊ី​ប្រហារជីវិត​ជនជាតិ​អូស្ត្រាលី​ដែល​ជួញដូរ​គ្រឿងញៀន២នាក់​កាលពី​យប់​ម្សិលមិញ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ ហើយ​គេ​មិន​រំពឹងថា​ការផ្សះផ្សា​គ្នា​កើតឡើង​ឆាប់​នោះទេ។


ចុងក្រោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ប្រហារ​ជិវិត​អ្នកទោស​ប្រាំ​បីនាក់​ក្នុងចំណោម​ប្រាំបួន​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់។ការ​ប្រហារ​ជិវិត​នេះ​គឺ​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់កំពូល​ដ៏​តឹងរឹង​ទោះ​ឥណ្ឌូនេស៊ី​ទទួលរង​នូវ​ការព្រមាន​លើ​ចំណង​ការទូត​ពី​រដ្ឋាភិបាល​របស់​អ្នកទោស​និង​អង្គការសហប្រជាជាតិ​ក៏ដោយ។

យ៉ាងណាក៏ដោយ​ចំណាត់ការ​ឥត​ងាករេ​របស់លោក ប្រធានាធិបតី ចូ​កូ​វី​ដូ​ដូ ប្រឆាំង​អ្នកជួញដូរ​គ្រឿងញៀន​ធ្វើអោយ​អូស្ត្រាលី​ខឹងសម្បារ​ជាខ្លាំង ដ្បិត​ក្នុងចំណោម​អ្នកទោស​ទាំងនោះ​មាន​ពីរ​នាក់​ជា​ជនជាតិ​អូស្ត្រាលី។ អូស្ត្រាលី​ខឹង​ខ្លាំង​រហូតដល់​ហ៊ាន​ប្រកាស​ដក​ឯកអគ្គរាជទូត​របស់ខ្លួន​លោក  Paul Grigson នេះ​ដោយ​ការសម្រេចចិត្ត​នេះ​ជា​គំនិត​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​តូ​នី អា​បូត និង​រដ្ឋមន្ត្រីការបរទេស Julie Bishop។

គេ​មើលឃើញថា ការប្រហារជីវិត​អ្នកទោស​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នេះ​ធ្វើអោយ​ទំនាក់ទំនង​ការទូត​ដែល​កំពុង​ផុយស្រួយ​ស្រាប់​នោះ​កាន់តែ​ធ្លាក់ចុះ។ ហើយ​អ្វីដែល​គេ​មើលឃើញថា​ជា​កំហុសឆ្គង​នោះ​គឺ ការសម្រេច​ដក​មន្ត្រី​ទូត​មក​ប្រទេស​វិញ​ដែល​សម្រេច​ដោយ​អូស្ត្រាលី​នេះ។ ប​ញ្ហ​សំខាន់​ត្រង់​ថា តើ​ឯកអគ្គរាជទូត​ម្នាក់​នោះ​នឹងត្រូវ​បញ្ជូនទៅ​ឥណ្ឌូនេស៊ី​នៅពេលណា​វិញ ហើយ​ការផ្សះផ្សា​និង​បន្ថយកម្តៅ​ផ្នែក​ការទូត​នេះ​នឹង​ធ្វើឡើង​ដោយ​របៀប​ណា។

គួរបញ្ជាក់​បន្តិច​ថា នៅ​ពាក់កណ្តាល​អា​ធ្រា​ត​ឆ្លង​ចូល​ថ្ងៃ​ពុធ​នេះ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ប្រហារ​ជិវិត​អ្នកទោស​ទាំង​ប្រាំ​បីនាក់​ក្នុងចំណោម​អ្នកទោស​ទាំង​ប្រាំបួន​នាក់​ដោយ​បាញ់​នឹង​កាំភ្លើង។សម្រាប់​ការប្រហារជីវិត​អ្នកទោស​ស្ត្រី​ហ្វីលីពីន​ត្រូវបាន​ពន្យារ​ដោយសារ​មានការ​ស្នើរ​ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន។ការពន្យារពេល​ប្រហារ​ជិវិត​នេះ​ផងដែរ​ដោយសារ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​រកឃើញថា​ស្ត្រី​ដែល​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​នៅក្នុង​ឥណ្ឌូនេស៊ី​បាន​ចូលខ្លួន​នៅក្នុង​ប៉ុ​ស៌្ត​ប៉ូលីស​ហ្វីលីពីន​មុនពេល​នៃ​ការកាត់ទោស។ដូច្នេះ​តុលាការ​នឹង​ផ្តល់​ឳ​កាស​ដល់​ពលរដ្ឋ​ហ្វីលីពីន​ម្តងទៀត​ដើម្បី​បញ្ហា​ពី​បញ្ហា​នេះ។

ការ​ប្រហារ​ជិវិត​ដែល​ត្រូវបាន​អនុវត្ត​ទៅលើ​អ្នកទោស​ទាំង​ប្រាំបី​នាក់​នោះ គឺ​ប្រហារជីវិត​តាម ទំនៀម​ទំលាប់​របស់​ឥណ្ឌូនេស៊ី ពោលគឺ​នៅក្នុង​អំឡុងពេល​ពាក់កណ្តាល​អា​ធ្រា​ត​នៅក្នុង​គុក​Besiលើ​កោះ Nusakambangan។អ្នកទោស​ទាំង​ប្រាំ​បីនាក់​ដែល​ត្រូវបាន​ប្រហារជីវិត​នោះ​រួមមាន​ពលរដ្ឋ​អូស្ត្រាលី​នី​ហេ​ស្សារី​យ៉ា​ប្រេ​ហ្ស៊ី​ល​និង​ឥណ្ឌូនេស៊ី។
គួរបញ្ជាក់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ផ្អាក ការកាត់ទោស​បែបនេះ។ ក៏ប៉ុន្តែ ចាប់ពី​ឆ្នាំ២០១៣ មក​អាត្រា​នៃ​ការកាត់ទោស​ប្រហារ​ជិវិត​ទណ្ឌិត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន បាន​កើនឡើង​ជាថ្មី​ម្តងទៀត ជាពិសេស​នោះ គិត​ចាប់តាំងពី​ការឡើង​កាន់តំណែង របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ៕


© រក្សាសិទ្ធិដោយ thmeythmey.com