ជាតិ
សង្គមជាតិ
មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះ​អង្គឌួង​ចំណាយ​ថវិកា ៨លាន​ដុល្លារ​នឹង​សម្ពោធ​នៅ​ថ្ងៃទី១៣ ឧសភា
09, May 2015 , 9:27 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួងនឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ។



មជ្ឈមណ្ឌល​នេះ  សង់​ឡើង​ក្រោម​គម្រោង​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (KOICA) ដោយ​ចំណាយ​ថវិកា​អស់​ជាង ៨លាន​ដុល្លារ​អាមេរិក។

មន្ត្រី​កម្មវិធីទីភ្នាក់ងារ KOICA លោក ម៉ៅ ឌី​ណា បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ចក្ខុរោគ​ព្រះ​អង្គឌួងនឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥នេះ ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​សកម្មភាព​វប្បធម៌​កូរ៉េ ប្រចាំឆ្នាំ២០១៥ កន្លងមក លោក​បន្ថែមថា មជ្ឈមណ្ឌល​ភ្នែក​ដ៏​ទំនើប​នេះ ត្រូវបាន​សាងសង់ឡើង​នៅក្រោម គម្រោង​ជំនួយ ឥត​សំណង ៨លាន​ដុល្លារ​អាមេរិក ក្នុងនោះ ជំនួយ KOICA ចំនួន ៥,៥ លាន ដុល្លារ និង​មន្ទីរពេទ្យ​គីម​ចំនួន ២,៥ លាន​ដុល្លារ ក្រោមជំនួយឈ្មោះថា គម្រោង​សម្រាប់​ការបង្កើត​មន្ទីរពេទ្យ​ចក្ខុរោគ​ព្រះអង្គ​ឌួង ក្នុងប្រទេស​កម្ពុជា។

មន្ត្រី KOICA រូបនេះ អះអាងថា៖«មជ្ឈមណ្ឌល​ភ្នែក​ដ៏​ទំនើប​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​នៃ​ការការពារ ការពិការ ភ្នែក និង​សេវា​ថែទាំ​សុខភាព​ភ្នែក​ទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា»។

ដោយឡែក យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ លោក ជុង អូយ វ៉ា (Chung Ui-Hwa) ក៏​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​មជ្ឈមណ្ឌល​ភ្នែក​មិត្តភាព​កម្ពុជា កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​នេះដែរ។ ប្រធានរដ្ឋសភា​រូបនេះ នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១០ ដល់ទី១៣ខែឧសភា ខាងមុខ។

គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (KOICA) ចាប់តាំងពី​ឆ្នាំ១៩៩១ រហូតមក​ត្រឹម​ឆ្នាំ ២០១៤ ទីភ្នាក់ងារ​នេះ បានផ្តល់​ជំនួយឥតសំណង ១៥៦ លាន​ដុល្លារ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា។

គួរ​រម្លឹក​ផងដែរ​ថា មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ ត្រូវបាន​ចុះ​បឋមសិលា​សាងសង់ កាលពី​ខែតុលា ឆ្នាំ២០១៣ ៕


© រក្សាសិទ្ធិដោយ thmeythmey.com