អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ផ្អាក​វាយប្រហារ​យេ​ម៉ែន៥ថ្ងៃ
10, May 2015 , 10:45 am        
រូបភាព
ដោយ:

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ លោក អា​ដែល អាល់ ជូ​បី ជា​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ផ្អាក​វាយប្រហារ​ក្រុម​ហ៊ូ​ទី​នៅ​យេ​ម៉ែន ៥ថ្ងៃ គិត​ចាប់​ពីថ្ងៃ​អង្គារ១២ឧសភា​ទៅ ចាប់ពី​ម៉ោង១១យប់​ក្នុងស្រុក។ ការផ្អាក​ការវាយប្រហារ​នេះ​មាន​ទិសដៅ​បញ្ជូន​ជំនួយ​មនុស្សធម៌​អោយ​ប្រជាជន​ស៊ីវិល។ បទ​ឈប់​បាញ់​អាច​ពន្យារពេល​ទៀត ប្រសិន​ក្រុម​ប្រដាប់អាវុធ​ហ៊ូ​ទី​គោរព​បទ​ឈប់​បាញ់ និង​គិតដល់​សុខទុក្ខ​ប្រជាជន​ជា​ចំបង។



ការ ប្រកាស​ផ្អាក​ការវាយប្រហារ​យេ​ម៉ែន ធ្វើឡើង​ក្រោយពេល​ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រជុំគ្នា​ជាមួយ មេដឹកនាំ​ប្រទេស​ឈូង​សមុទ្រ​ពែ​រស៍ និង​ប្រមុខ​ការទូត​អាមេរិក ច​ន ឃែ​រ​រី​នៅ​ក្រុងប៉ារីស។ ប្រមុខ​ការទូត​អាមេរិក​ចង់អោយ​ភាគី​នយោបាយ​យេ​ម៉ែន​ចូល​តុ​ចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា ព្រោះថា​ការផ្អាក​ការវាយប្រហារ​មិនអាច​បញ្ចប់​ជម្លោះ​ទាំងស្រុង​ទេ។ គិត​តាំងពី​ពាក់​កណ្តាលខែ​មិនា​មក មនុស្ស​ជាង១៤០០នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ទំលាក់​គ្រាប់បែក របស់​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត។

យោងតាម​អង្គការសហប្រជាជាតិ ប្រជាជន​យេ​ម៉ែន​ប្រមាណ២០លាន​នាក់ ត្រូវ​នឹង៨០ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុងប្រទេស កំពុង​រង​ការគំរាមកំហែង​ដោយ​គ្រោះ​អត់ឃ្លាន។

ថ្ងៃ​សុក្រ​ម្សិលមិញ ប្រជាជន​អ៊ីរ៉ង់​រាប់ពាន់នាក់​បាននាំគ្នា​បាតុកម្ម​បរិហារ ការ​ទំលាក់​គ្រាប់បែក​របស់​ប្រទេស​សម្ព័ន្ធមិត្ត​អារ៉ាប់។ អ៊ីរ៉ង់​ត្រូវបាន​អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ចោទថា ជួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែល​បាន​ដណ្តើម​អំណាច​ពី​ប្រធានាធិបតី​ហា​ឌី កាលពីដើម​ខែមករា។ ប៉ុន្តែ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បដិសេធ​ការចោទប្រកាន់​នេះ​យ៉ាង​ដាច់អហង្កា៕



© រក្សាសិទ្ធិដោយ thmeythmey.com