អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្បួន​ដង្ហែរ​បង្រួប​ប​ង្តួ​ម​កូរ៉េ​ទាំងពីរ​ឆ្លងកាត់​ដែនដី​កូរ៉េ​ទាំងពីរ​ដោយ​ជោគជ័យ
25, May 2015 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​បណ្ដាញ​ស្ត្រី​អន្តរជាតិ​ដែលមាន​សមាជិក៣០នាក់​ដឹកនាំ​ដោយ​លោកស្រី Gloria Steinemបាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​ដែល​ខ័​ណ្ឌ​ចែក​កូរ៉េ​ទាំងពីរ កាលពី​ម្សិលមិញ​នេះ។សកម្មភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​អោយ​កួ​រ៉េ​ទាំងពីរ​រួបរួមគ្នា​ឡើងវិញ បន្ទាប់ពី​មាន​ប្រទេស​ទាំងពីរ​បន្ត​ឈ្លោះ និង​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​អស់​រយៈពេល​ជិត ៧០ឆ្នាំ​មក​នោះ។



នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុម​បណ្ដាញ​ស្ត្រី​ទាមទារ​សន្តិភាព​ដែល​ហៅ​កាត់​ថា (WomenCrossDMZ) បាន​ផ្ដើមចេញពី​កូរ៉េខាងជើង​ដោយ​ឆ្លងកាត់​តំបន់​គ្មាន​យោធា​ដែល​ខ័​ណ្ឌ​ចែក​កូរ៉េ​ជា​ពីរ​អស់​រយៈពេល​ជិត៧០ឆ្នាំ​មកហើយ​នោះ។ សកម្មភាព​នេះ​បង្កើតឡើង​ក្នុងទិសដៅ​អំពាវនាវ​អោយ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​មានការ​រួបរួមគ្នា​ឡើងវិញ និង​បញ្ចប់​ជម្លោះ។ក្នុង​សកម្មភាព​ក្បួន​ដង្ហែ​នោះគេ​ឃើញ​មាន​វត្តមាន​របស់លោក​ស្រី Mairead Maguire និង​លោកស្រី​LeymahGboweeដែលជា​អ្នក​ដែល​បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ផងដែរ។

គេ​សង្កេតឃើញថា ក្រុម​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​មាន​តួនាទី​ចម្បង​ក្នុង​ការជួយ​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​រវាង​កូរ៉េ​ទាំងពីរ​ដែលជា​បងប្អូន​គ្នា។ ស្ត្រី​ម្នាក់​ដែល​ចូលរួម​ក្នុង​សកម្មភាព​នេះ​ប្រាប់​អោយដឹងថា​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងកា​កសាង​ប្រទេសជាតិ​អោយមាន​សន្តិភាព ជាពិសេស​ក្នុង​ការជួយ​ជំរុញ​ឲ្យ​មានការ​រួបរួមគ្នា​វិញ​បន្ទាប់ពី កូរ៉េ​ទាំងពីរ​បែកបាក់​គ្នា​ដោយសារ​សង្គ្រាម​កន្លងទៅ។ ពួកគេ​ចង់អោយមាន​កា​រ​ប្រែក្លាយ​សន្ធិសញ្ញា​សន្តិភាព​ឆ្នាំ១៩៥៣អោយទៅជា​សន្ធិសញ្ញា​បង្កើត​សន្តិភាព​ពិតប្រាកដ​ជូន​ដល់​ប្រជាជាតិ​កូរ៉េ​ទាំងពីរ។

គួរ​បញ្ជាក់ថា​គំនិត​រៀបចំ​ក្បួន​ដង្ហែរ​នេះ​ផ្តួចផ្តើម​និង​ដឹកនាំ​ដោយ​លោកស្រី Gloria Steinem។ ចំណែក​ក្បួន​ដង្ហែរ​នេះ​អាច​ប្រព្រឹត្តិទៅបាន​យ៉ាង​ជោគជ័យ គឺ​ដោយសារ​មានការ​អនុញ្ញាត និង​ចូលរួម​ពី​សំណាក់​រដ្ឋាភិបាល​កូរ៉េ​ទាំងពីរ ព្រោះ​វា​ជា​សកម្មភាព​មួយ​ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បួ​ង​បញ្ឈប់​ការប្រឈមមុខ​ដាក់គ្នា។ ផ្ទុយទៅវិញ​ពួកគេ​ទាំងពីរ អាច​ងាក​មករក​ការបង្រួបបង្រួម​គ្នា​ដោយ​សន្តិភាព​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com