កីឡាជាតិ
ជាតិ
កីឡា៩ប្រភេទ​របស់​កម្ពុជា​ប​ញ្ច​ប់​ការប្រកួត​ដោយ​មិន​ទទួលបាន​លទ្ធផលល្អ​
09, Jun 2015 , 3:17 pm        
រូបភាព
កីឡាវាយកូនឃ្លីលើតុ គុន​ដាវ ទូក​ប្រពៃណី ទ្រី​យ៉ា​ត្លុង យូ​ដូ កាយសម្ព័ន្ធ ​បាល់ឱប​ វូស៊ូ និង​ទូក​កានូ​កម្ពុជា បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨នៅ​ប្រទេស​សឹង្ហ​បុរី។ សម្រាប់​កីឡា​ទាំងនេះ កម្ពុជា​មិន​ទទួលបាន​លទ្ធផល​ល្អ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ។ ក្រៅពី​ជ័យជម្នះ ៣ប្រកួត​លើ​កីឡាវាយកូនឃ្លីលើតុ កីឡាករ-កីឡាការិនី​ភាគច្រើន បាន​ហាលអាវ​នៅ​វគ្គ​ជម្រុះ ហើយ​លទ្ធផល​ភាគច្រើន កម្ពុជា​បញ្ចប់​ចំណាត់ថ្នាក់​ចុងក្រោយ​គេ។



វាយ​កូនឃ្លី​លើ​តុ៖
-វិញ្ញាសា​វាយ​គូ​បុរស៖ កម្ពុ​ជាមាន២ក្រុម ដោយ​ក្រុម​ទីមួយ លឹម សុខ​ឡុង និង​ណៃ សា​រ៉ា​វៃ ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ៣-១ នៅ​វគ្គ១/៨ផ្តាច់ព្រ័ត្រ តែ​ចាញ់​ក្រុម​វៀតណាម ៣-០ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ចំណែក​ក្រុមទី​ពីរ សឹង តុលា និង អឿង ស្រ៊ូ​យ​ហួរ ចាញ់​ក្រុម ថៃ ៣-០ នៅ​វគ្គ១/៨ផ្តាច់ព្រ័ត្រ។
- វិញ្ញាសា​វាយ​ឯកត្តជន៖ កម្ពុ​ជាមាន​កីឡាករ២នាក់​ចូលរួម។ ណៃ សា​រ៉ា​វៃ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី​ពូ​ល B ដោយ​ចាញ់​សឹង្ហ​បុរី ៣-០ ចាញ់​ម៉ាឡេស៊ី ៣-០ តែ​ឈ្នះ​ឡាវ ៣-១ ។ លឹម សុខ​ឡុង​ស្ថិតនៅ​លេខ៤ ពូ​ល D ដោយ​ចាញ់​សឹង្ហ​បុរី ៣-០ ចាញ់​ឥណ្ឌូនេស៊ី ៣-១ ចាញ់​ថៃ ៣-០ តែ​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-១ ។

-វិញ្ញាសា​វាយ​ជា​ក្រុម ដោយមាន​កីឡាករ៥នាក់ (លឹម សុខ​ឡុង, ណៃ សា​រ៉ា​វៃ, អ៊ឹង ស្រ៊ួ​យ​ហួរ, សារៈ ស៊ូ​ព្រីង, សឹង តុលា)។ កម្ពុជា​ស្ថិតនៅ​បាត​តារាង ពូ​ល B ដោយ​ចាញ់​វៀតណាម ៣-០ ចាញ់​ថៃ ៣-០ ចាញ់​ហ្វីលីពីន ៣-១ និង​ចាញ់ ឥណ្ឌូនេស៊ី ៣-០ ។

គុន​ដាវ៖

-វិញ្ញាសា Men’s Individual Epée៖ ឃឹម សា​មាន ជាប់​លេខ១៤ក្នុងចំណោម១៨នាក់​ត្រូវ​ឈានទៅ​វគ្គ១/៨ ហើយ​ក្រោយមក គេ​ប្រកួត​ចាញ់​កីឡាករ​ម៉ាឡេស៊ី ១៥-៥ ។ ដោយឡែក ថុង តាំង​ជីន ធ្លាក់​នៅ​វគ្គ​ជម្រុះ​ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ១៧ក្នុងចំណោម១៨នាក់។

-វិញ្ញាសា Men’s Individual Foil៖ ហង់ ជេដ្ឋា និង​ជី​ម ធារ៉ា ហាលអាវ​នៅ​វគ្គ​ជម្រុះ​ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ១៥ និង​លេខ១៦ក្នុងចំណោម​កីឡាករ១៦នាក់។

-វិញ្ញាសា Men’s Team Epée៖ កម្ពុជា​ចាញ់​សឹង្ហ​បុរី ៤៥-១៩ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។
-វិញ្ញាសា Men’s Team Foil៖ កម្ពុជា​ចាញ់​សឹង្ហ​បុរី ៤៥-១២ នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។

ទូក​ប្រពៃណី (Traditional Boat Race)៖

កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង៤វិញ្ញាសា​នៃ​កីឡា​ប្រណាំងទូក​ប្រ​ពី​ណី​នៅ​បឹង Marina Bay លើ​វិញ្ញាសា​ចម្ងាយ២០០ម៉ែត្រ ចំណុះ៦នាក់ ចម្ងាយ២០០ម៉ែត្រ​ចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រ​ចំណុះ៦នាក់ និង​ចម្ងាយ៥០០ម៉ែត្រ​ចំណុះ១២នាក់។ លើ​វិញ្ញាសា​ទាំង៤ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ចុង​គេ​ទាំងអស់​ក្នុងចំណោម​ក្រុម​ចូលរួម​សរុប​ចំនួន៦ ។

ទ្រី​យ៉ា​ត្លុង (ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង)៖

កម្ពុជា​ចូលរួម​ប្រកួត​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដោយមាន​កីឡាករ២រូប។ ក្នុងការ​ប្រកួត​វិញ្ញាសា​ឯកត្តជន​ដែលមាន​អត្ត​ព​លិ​ក១២នាក់​ចូលរួម​នោះ កីឡាករ នាង ពេជ្រ​ពិសិដ្ឋ បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៩ ខណៈ ចេង ចាន់​តា​រ៉ា ស្ថិតនៅ​លេខ១២ ។ មេដាយមាស​បាន​លើ​កីឡាករ​ហ្វីលីពីន មេដាយប្រាក់​បាន​លើ​កីឡាករ​ម៉ាឡេស៊ី និង​សំរឹទ្ធ បាន​លើ​កីឡាករ​សឹង្ហ​បុរី។

យូ​ដូ៖
កម្ពុ​ជាមាន៤វិញ្ញាសា ហើយ​សុទ្ធតែ​បាន​ធ្លា​ក់នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ស៊ន់ បញ្ញា​វឌ្ឍន៍ ចាញ់​កីឡាករ​វៀតណាម​ក្នុង​វិញ្ញាសា​បុរស​ទម្ងន់​ក្រោម៦៦គីឡូក្រាម  គឹម សា​រុំ ចាញ់​កីឡាករ​ឥណ្ឌូនេស៊ី ក្នុង​ទម្ងន់៦៦-៧៣គីឡូក្រាម ប្រាក់ ពិភព ចាញ់​កីឡា​ករមី​យ៉ាន់​ម៉ា ក្នុង​ទម្ងន់៧៣-៨១គីឡូក្រាម និង កីឡាការិនី ហេង លី​លី ចាញ់​កីឡាការិនី​វៀតណាម ក្នុង​ទម្ងន់​ក្រោម៥២គីឡូក្រាម។

កាយសម្ព័ន្ធ៖
កីឡាករ សំ រី​ម គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​របស់​កម្ពុជា។ ក្នុងចំណោម​អត្ត​ព​លិ​ក​ចំនួន៣៥នាក់ សំ រី​ម បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​នា​ការប្រកួត​នៅ Bishan Sports Hall។

បាល់ឱប (Rugby 7s)៖
កីឡា​បាល់ឱប​កម្ពុជា មាន​សមាជិក១០នាក់​ចូលរួម​ប្រកួត​នៅ​កីឡដ្ឋាន Choa Chu Kang Stadium។ នៅ​វគ្គ​ជម្រុះ កម្ពុជា ចាញ់​សឹង្ហ​បុរី ៣៦-០ ចាញ់​ហ្វីលីពីន៥៥-០ ចាញ់​ម៉ាឡេស៊ី ៥២-០ ចាញ់​ថៃ ៧៦-០ ស្មើ​ឡាវ ១៤-១៤ ។ ក្នុងការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ៦ កម្ពុជា​ចាញ់​ឡាវ ២៦-១០ ។ សម្រាប់​កីឡា​នេះ ហ្វីលីពីន បាន​មេដាយមាស ម៉ាឡេស៊ី​បាន​ប្រាក់ និង​សឹង្ហ​បុរី បាន​សំរឹទ្ធ ខណៈ​ថៃ ឡាវ និង​កម្ពុជា ហាលអាវ។

វូ​ស៊ូ៖
កម្ពុ​ជាមាន​អត្ត​ព​លិ​ក៥នាក់​ចូលរួម​ប្រកួតប្រជែង​លើ៥វិញ្ញាសា ហើយ​សុទ្ធតែ​បាន​ធ្លា​ក់នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ និង​វគ្គ​ជម្រុះ។ លើ​វិញ្ញាសា Men Sanda កីឡាករ លុយ រិ​ន​ដា ចាញ់​កីឡាករ​ឡាវ ២-០ ក្នុង​ទម្ងន់៦០គីឡូក្រាម កីឡាករ វ៉េង វីរៈ ចាញ់​កីឡាករ​វៀតណាម ២-០ ក្នុង​ទម្ងន់៦៥គីឡូក្រាម។

កីឡាករ អាន់ សាន់ និង ហេង វាសនា បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី១២ និង​ទី១៣ លើ​វិញ្ញាសា Men Optional Changquan ក្នុងចំណោម​កីឡាករ១៥នាក់ ខណៈ​ការប្រកួត​ជា​ក្រុម​លើ​វិញ្ញាសា Men’s Duel Event-Barehand ក្រុម​កម្ពុជា​ដែលមាន​កីឡាករ អាន់ សាន់, ហេង វណ្ណៈ និង​ហេង វាសនា បញ្ចប់​ក្នុង​ចំណាត់​ទី៦ចុង​គេ។

ទូក​កា​នូ៖
កម្ពុ​ជាមាន​កីឡាករ២នាក់​ចូលរួម​ប្រកួតប្រជែង​លើ៤វិញ្ញាសា។ កីឡាករ រ៉​ន ភិ​រ៉ូ ស្ថិតនៅ​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម​កីឡាករ៧នាក់​លើ Men K1-1000m  និង Men K1-200m ។ ដូចគ្នា​ផងដែរ  កីឡាករ ហ៊​ល លីដា ទៅ​ដល់ទី​ចុងក្រោយ​គេ​ក្នុងចំណោម៧នាក់​លើ​វិញ្ញាសា Men C1-1000m  និង Men C1-200m ។





© រក្សាសិទ្ធិដោយ thmeythmey.com