ជាតិ
សង្គមជាតិ
យុវជន​កម្ពុជា៤រូប​នឹងចូលរួម​ប្រកួត​តស៊ូ​មតិ និង​វោហា​ស័ព្ទ​ថ្នាក់​តំបន់​នៅ​ម៉ាឡេស៊ី
09, Jun 2015 , 11:51 am        
រូបភាព
ដោយ:

ភ្នំពេញ៖ វេទិកា​ប្រកួតប្រជែង​ផ្នែក​តស៊ូ​មតិ និង​វោហា​ស័ព្ទ​ជា​សាធារណៈ​ថ្នាក់​តំបន់​នឹង​រៀបចំ ក្នុងអំឡុង​សន្និសីទ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASPAC2015) របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) ចាប់ពី​ថ្ងៃទី១១ ដល់ទី១៤ មិថុនា នៅ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ថ្ងៃទី១០ មិថុនា ស្អែកនេះ កម្ពុជា​នឹងបញ្ជូន​ជ័យលាភី ៤រូបទៅ​ចូលរួម​ការប្រកួត​នេះ ជាមួយ​បេក្ខជន​មកពី​ជាង ១០ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់។



ការប្រកួត​តស៊ូ​មតិ និង​វោហា​ស័ព្ទ​ជា​សាធារណៈ​នេះ មានបំណង​លើកកម្ពស់​ជំនាញការ​រិៈ​គិត និង​ប្រកួត​ការជជែក​តាម​បញ្ញា។ កម្មវិធី​ប្រកួត​ផ្នែក​វោហា​ស័ព្ទ​សាធារណៈ​វគ្គ​ដំបូង​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃទី១២ មិថុនា សម្រាប់ ១១ប្រទេស រីឯ​ការប្រកួត​ផ្នែក​តស៊ូ​មតិ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៣ មិថុនា សម្រាប់ ៦ប្រទេស។

ប្រធាន​ថ្នាក់ជាតិ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក គួច ផេង ជឿជាក់ថា បេក្ខជន​របស់​កម្ពុជា​នឹង​ឈ្នះ​ការប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ដោយ​លោក​អះអាងថា ពួកគេ​មាន​ភាព​ស្ទាត់ជំនាញ​ខាង​ភាសា​អង់គ្លេស ចំណេះដឹង ការស្រាវជ្រាវ ពិសេស​គឺ​ការត្រៀមខ្លួន​មុន​ការប្រកួត​តែម្តង។

«ពួកគេ​បានបង្ហាញ​សមត្ថភាព និង​ភាពជឿជាក់​លើ​ការប្រកួត​ថ្នាក់ជាតិ​កន្លងមក ពួកគេ​នឹង​ត្រៀមខ្លួន​យកជ័យ​ជំនះ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់ លោក គួច ផេង។

បេក្ខជន​ដែល​នឹងត្រូវ​ចាកចេញ​ទៅ​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សុទ្ធសឹងជា​ជ័យលាភី​ដែល​ត្រូវបាន​ជ្រើសរើស​ពី​វេទិកា​ប្រកួតប្រជែង​តស៊ូ​មតិ និង​វោ​ហោ​ស័ព្ទ​ជាសាធារណៈ​ថ្នាក់ជាតិ កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៥កន្លងទៅ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា។ វេទិកា​តស៊ូ​មតិ​ និង​វោហា​ស័ព្ទ​ជា​សាធារណៈ​ថ្នាក់ជាតិ​កន្លងមក មាន​សិស្ស​ និង​និស្សិត​​មកពី​គ្រឹះ​ស្ថាន​អប់រំ​ចំនួន ៧ បាន​ចូលរួម ក្នុងនោះ រួមមាន ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ (ZAMAN) ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (AEU) សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) សាកលវិទ្យាល័យ​ន័​រ​តុ​ន (NU) សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU)  និង​វិទ្យាស្ថាន​អន្តរ​ទី្វ​ប​អាមេរិកាំង (AII) ។ បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ និង​ការផ្តល់​ពិន្ទុ​ពី​សំណាក់​ចៅក្រម​វិនិច្ឆ័យ​ពេលនោះ ជា​លទ្ធផល​ជ័យលាភី​អ្នកតស៊ូ​មតិ​ឆ្នើម​បាន​ធ្លាក់​លើ​សិស្ស​មកពី​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AII)  រីឯ​ផ្នែក​វោហា​ស័ព្ទ​ជា​សាធារណៈ​បាន​លើ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តជាតិ។

តំណាង​ជ័យលាភី​ក្រុម​អ្នកតស៊ូ​មតិ​ឆ្នើម​នៃ AII កញ្ញា ប៉ែន សុខ​អាន បាន​សម្តែង​អារម្មណ៍ រីករាយ​ជាខ្លាំង​នៅពេលដែល​ក្រុម​របស់​កញ្ញា​បាន​ជ័យ​ឈ្នះ។ សុខ​អាន និយាយ​យ៉ាង​ដូច្នេះ​ថា៖«មោនភាព​របស់​យើង និង​សាលា​របស់​យើង​នៅ​ដែល​ក្រុម​របស់​យើង​ឈ្នះ​លើ​ក្រុម ឆ្នើមៗដ៏ទៃទៀត។ ក្រុម​យើង​បាន​សហការគ្នា​បាន​យ៉ាង​ល្អ ទាំង​ការស្រាវជ្រាវ​លើ​ប្រធានបទ​និង​ទាំង​ការតស៊ូ​មតិ​លើ​វេទិកា»។ ទន្ទឹមនឹង​ការបន្ត​ទៅ​ប្រកួត​ប្រចាំ​តំបន់​អាស៊ី នាពេល​ខាងមុខនេះ សុខ​ អាន​ បាន​ប្តេជ្ញា​ថា នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​យកជ័យ​ជំនះ​ឲ្យ​កម្ពុជា​ផងដែរ។ កញ្ញា​ញញឹម​ប្រាប់ថា៖«ខ្ញុំ​មិន​ហ៊ាន​ថា​ឈ្នះ ឬ​យ៉ាងណាទេ​ប៉ុន្តែ​ក្រុម​យើង​នឹង​សហការគ្នា​ឲ្យ​កាន់តែខ្លាំង ដើម្បី​កម្ពុជា»។

គួររម្លឹកថា កាលពី​ឆ្នាំ ២០១៤ កញ្ញា ប៉ែន សុខ​អាន បានក្លាយ​ជើងឯក​ការប្រកួត​វោហារ​សព្ទ​ជា​សាធារណៈ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​កញ្ញា​បាន​ផ្ដួល​យុវជន​ពី​ប្រទេស​ក្នុង​តំបន់ ដូចជា​ជប៉ុន ម៉ុង​ហ្គោ​លី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ជាដើម។ ពេលនោះ​ នាង​បាន​ក្លាយជា​បេក្ខជន​តំណាង​អាស៊ី​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ពិភពលោក​នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់​ ជាមួយ​ដៃគូ​ឆ្នើម ៣នាក់​ទៀត ​ដែលជា​ជើងឯក​ប្រចាំ​ទ្វីបអាមេរិក អឺរ៉ុប និង​អាហ្វ្រិក។ ប៉ុន្តែ សុខ​អាន ពុំ​ចំណាត់ថ្នាក់​ជើងឯក​នោះទេ ពេលនោះ​តំណាង​មកពី​ទ្វីបអាហ្វ្រិក​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា លោក Paul Akingbola ​​បាន​កា្ល​យ​ជា​ជ័យលាភី​ថ្នាក់​ពិភពលោក។ ទោះបីជា​យ៉ាងណា នារី​វ័យ ១៩ ឆ្នាំ​រូបនេះ នៅតែមាន​មោទនភាព​ចំពោះ​កម្ពុជា​ដែលមាន​បេក្ខជន​បាន​ក្លាយជា​តំណាង​ឲ្យ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​គឺ ប្រទេស​កម្ពុជា។

ដោយឡែក​ជ័យលាភី​វោហា​ស័ព្ទ​ជា​សាធារណៈ​ប្រចាំឆ្នាំ ២០១៥នេះ​វិញ ត្រូវបាន​ទៅលើ កញ្ញា ​តារា រត្ន ជា​និស្សិត​ច្បាប់ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។ មុននឹង​ចាកចេញ​ទៅ​ប្រកួត​វោហា​ស័ព្ទ​នៅ​ម៉ាឡេស៊ី​នោះ និស្សិត​ឆ្នាំ​ទី៤ រំពឹងទុក​ទាំង​រឹងមាំ​ថា នាង​នឹង​យកឈ្នះ​ក្នុង​កម្មវិធី​នេះ។ «ខ្ញុំ​សង្ឃឹម៩៩,៩ភាគរយ ថា នឹង​អាច​យកឈ្នះ​បេក្ខជន​នៅ ក្នុង​តំបន់​អាស៊ី»។ នេះ​ការរំពឹង​របស់​កញ្ញា រត្ន។

ប្រធានបទ​ប្រកួត​ក្នុង​កម្មវិធី​ឆ្នាំ២០១៥នេះ ​ផ្តោត​សំខាន់​លើ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ (UN-MDGs) ដែល​ទាក់ទង​នឹង​ប្រធានបទ​កាត់បន្ថយ​ភាពក្រីក្រ​ធ្ងន់ធ្ងរ ​និង​បញ្ឈប់​ការរីក​សាយ​នៃ​មេរោគ​អេដស៍​ព្រមទាំង​ការផ្តល់​នូវ​ការអប់រំ​បឋមសិក្សា​ជា​សាកល​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០១៥ ។

គួរ​បញ្ជាក់ថា ជ័យលាភី​តំណាង​កម្ពុជា​នឹងត្រូវ​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​ប្រចាំ​តំបន់​ដែល​នឹង​ធ្វើឡើង​អំឡុង​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នៅ​ថ្ងៃទី១១ដល់ទី១៤ ខែមិថុនា​ក្នុងប្រទេស​ម៉ាឡេស៊ី។ ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជំនះ​ក្នុង​កម្មវិធី​នោះ​នឹង​បន្តទៅ​ប្រកួតប្រជែង​ជ្រើស​ជើងឯក​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ក្នុង​ខែ​វិ​ច្ឋិ​កា​នៅ​ប្រទេស​ជប៉ុន៕



© រក្សាសិទ្ធិដោយ thmeythmey.com