ជាតិ
ព្រះមហាក្សត្រ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម ព្រឹក​ថ្ងៃ​ពុធ
09, Jun 2015 , 2:57 pm        
រូបភាព
ភ្នំពេញ៖ តាំងពី​ល្ងាច​ថ្ងៃទី៨មិថុនា រហូតដល់​ថ្ងៃទី៩មិថុនា​នេះ មានតែ​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​បាន​ចូលទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​របស់លោក ជា ស៊ីម ដែលជា​ប្រធាន​គណបក្ស។ ការគោរព​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​ពី​សំណាក់​ស្ថាប័នរដ្ឋ​នឹងត្រូវ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី១០មិថុនា។


ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី មុនីនាថ សីហនុ នឹង​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម នៅ​ម៉ោង៩និង៣០នាទី​ព្រឹក​ថ្ងៃទី១០មិថុនា។ នេះ​បើ​យោងតាម​កម្មវិធី​បុណ្យសព។ បន្ទាប់ពី​ការយាង​គោរព​វិញ្ញាណក្ខន្ធ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ គណៈប្រតិភូ​ព្រឹទ្ធសភា​នឹង​បន្ត​ការគោរព​វិញ្ញាណក្ខន្ធ។

សមាជិក​រដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័នរដ្ឋ ​ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី​ទាំង​២៥​ ​នឹង​ដឹកនាំ​សមាជិក​របស់ខ្លួន​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម  រហូតដល់ថ្ងៃទី​១៨មិថុនា។ ពិធី​រំកិល​សព​ឡើង​លើ​ថយន្ត​បុស្បុក​ដើម្បី​ដង្ហែ​ ទៅបូជានៅ​លើមេន​នៅលើទីធ្លា​មុខវត្ត​បុទុម​វត្តី នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧ព្រឹក​ថ្ងៃទី​១៩​មិថុនា។​

គេ​នៅ​មិនទាន់​ដឹង​អំពី​កាលវិភាគ​នៃ​ការចូល​គោរព​វិញ្ញាណក្ខន្ធ​របស់​ក្រុម​បណ្តា​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​នៅឡើយ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com