អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ស្នើ​ឲ្យ​ចាត់វិធានការ​បញ្ឈប់​លំហូរ​ចូល​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ទៅ​ស៊ី​រី
09, Jun 2015 , 3:42 pm        
រូបភាព

ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទទួលស្គាល់ថា​ការបញ្ឈប់​ការហូរចូល​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ទៅក្នុង​ប្រទេស​ស៊ី​រី ជា​រឿង​សំខាន់បំផុត​មួយ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម។ សហរដ្ឋអាមេរិក​នៅ​បន្ត​ដឹកនាំ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​តាម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ប៉ុន្តែ​ក្រុម​រដ្ឋ​ឥស្លាម​ហាក់​មិនសូវ​ថមថយ​កម្លាំង​សោះ​ដោយសារ​មាន​សមាជិក​ថ្មី​ចូលរួម​ជាប្រចាំ។ ក្រុម​សកម្ម​យុទ្ធ​បរទេស​បន្ត​លួច​ឆ្លងដែន​ប្រទេស​តួ​ក​គី និង​បន្ត​ចូល​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​ធំ​ល្វឹងល្វើយ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់។


លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ



ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុងប្រទេស​អាឡឺម៉ង់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​ពី​ការកើនឡើង​នៃ​លំហូរ​ចូល​របស់​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ចូលទៅក្នុង​ប្រទេស​ស៊ី​រី។ មេដឹកនាំ​អាមេរិក បាន​ព្រមាន​ដូច្នេះ ស្រប​ពេលដែល​ក្រុម​សកម្មប្រយុទ្ធ​រាប់ពាន់នាក់​បាន​បន្តរ​ត់​ឆ្លង​ចូល​តាម​ច្រកព្រំដែន​តួ​ក​គី​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​មួយចំនួន​នៃ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់។

ជុំវិញ​ការបន្ត​ហូរ​ចូល​របស់​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ទៅ​ស៊ី​រី និង​អ៊ីរ៉ាក់​គេ​ចាត់ទុកជា​សញ្ញា​អាក្រក់​មួយ និង​បញ្ជាក់ថា កងកម្លាំង​ក្រុម​រដ្ឋ​ឥស្លាម​មិន​អន់​ខ្សោយ​ឡើយ​ព្រោះ​មាន​សមាជិក​ថ្មី​ចូលរួម​ជាមួយ​ខ្លួន​ឥត​ដាច់។ សមាជិក​ថ្មី​ចូលរួម​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​ជី​ហាត​ឥត​ដាច់ ដែល​វា​ជំរុញ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​រក្សា​កម្លាំង​សម្រាប់​ប្រយុទ្ធ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា បើទោះជា​គេ​មិនអាច​គ្រប់គ្រង និង​ការពារ​រាល់​ការរត់​ឆ្លង​ចូលទៅ​ស៊ី​រី​របស់​ក្រុម​សកម្មប្រយុទ្ធ​ក៏ដោយ ក៏​គេ​នៅតែមាន​វិធានការ​ពិសេស​ដើម្បី​រឹតបន្តឹង​ច្រកព្រំដែន​តួ​ក​គី ជា​ច្រកព្រំដែន​ដែល​ក្រុម​សកម្មប្រយុទ្ធ​រាប់ពាន់នាក់​ឆ្លងកាត់។ យ៉ាងណាក៏ដោយ ច្រកព្រំដែន​ប្រទេស​តួ​ក​គី-ស៊ី​រី មិនមែន​ត្រឹមតែ​ច្រក​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ច្រករបៀង​សំខាន់​សម្រាប់​ក្រុម​រដ្ឋ​ឥស្លាម​លួច​លក់​ប្រេង​ដែល​ខ្លួន​បូម​បាន​ដើម្បី​ផ្គត់ផ្គង់​សកម្មភាព​ខ្លួន។ បើ​គ្មាន​ចំណាត់ការ​តឹងតែង​ចំពោះ​ការ​រឹតបន្តឹង​ការឆ្លងកាត់​ច្រកព្រំដែន​តួ​ក​គី​នេះ​ទេ វា​ប្រាកដ​ណាស់​ថា យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​មិនមាន​ប្រសិទ្ធភាព​ឡើយ។

សហរដ្ឋអាមេរិក​ខ្វល់ខ្វាយ ដោយសារ​ខ្លួន​ជា​អ្នកដឹកនាំ​ក្រុម​សម្ព័ន្ធ​ប្រទេស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ អស់​មួយឆ្នាំ​មកហើយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ហាក់ដូច​ជាមាន​ក​ម្រិ​ត​ទាប។ ចំនួន​ក្រុម​រដ្ឋ​ឥស្លាម​កើនឡើង ពិតជា​កង្វល់​ដ៏​ធំ ប៉ុន្តែ​បច្ចុប្បន្ន​ចំណុច​យុទ្ធសាស្ត្រ​មួយទៀត​គឺ​ការពង្រឹង​កម្លាំង​ទាហាន​អ៊ីរ៉ាក់។ លោក អូ​បា​ម៉ា បាន​លើកឡើងថា​អ៊ីរ៉ាក់​ចាំបាច់​ពង្រឹងកម្លាំង​រប​ស់​ខ្លួន​ឲ្យ​ខ្លាំង​ដើម្បី​ត្រៀមប្រយុទ្ធ ព្រោះ​កន្លងមក​កងទ័ព​អ៊ីរ៉ាក់​មិនបាន​ត្រៀមលក្ខណៈ​ទេ និង​គ្មាន​ឆន្ទៈ​ចង់​ប្រយុទ្ធ​ឡើយ។  បច្ចុប្បន្ននេះ ក្រុម​រដ្ឋ​ឥស្លាម​នៅតែមាន​លទ្ធភាព​រក្សា​តំបន់​ដែល​ខ្លួន​កាន់កាប់ និង​អាច​បន្ត​វាយ​ដណ្តើម​ទឹកដី​បន្ថែម​ពី​កងកម្លាំង​រដ្ឋាភិបាល​ថែម​ទៀតផង។

និយាយ​ទៅ​ការ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​ការទប់ស្កាត់​រាល់​លំហូរ​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​ចូលទៅក្នុង​ប្រទេស​ស៊ី​រី ឬ​អ៊ីរ៉ាក់ សុទ្ធតែជា​វិធានការ​សំខាន់​ដែល​បណ្តា​ប្រទេស​សម្ព័ន្ធ​អន្តរជាតិ​ត្រូវ​ប្រើប្រាស។ ជាធម្មតា​បើ​កាត់ផ្តាច់​លុយ និង​ផ្តាច់​រាល់​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​ដែល​ប៉ង​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នោះ ក្រុម​រដ្ឋ​ឥស្លាម​នឹង​ទន់ខ្សោយ​ចៀស​មិន​ផុត​ឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com