ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃស្អែក
09, Jun 2015 , 4:17 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី១០ មិថុនា ក្រោយពី​លោក​បានធ្វើ​ដំណើរ​ទស្សន​កិច្ច និង​បំពេញការងារ​ជួប​អ្នកគាំទ្រ​របស់ខ្លួន នៅក្រៅ​ប្រទេស​រយៈពេល​មួយខែ។ គួរ​បញ្ជាក់ថា លោក សម រង្ស៊ី បាន​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​រយៈពេល​មួយខែ​នេះ ដើម្បី​ពន្យល់​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​បណ្ដា​ប្រទេស​ទាំងនោះ។



អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការវិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ធ្វើតាម​ការកំណត់ ក្រោយពី​បញ្ចប់​ការងារ​នៅក្រៅ​ប្រទេស។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក យឹម សុវណ្ណ បន្ថែមថា ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន និង​ជា​ប្រធានព្រឹទ្ធសភា។ ប៉ុន្ដែ​អ្នកនាំពាក្យ​រូប​នេះមិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​បានទេ ដោយ​រង់ចាំ​លោក សម រង្ស៊ី មក​កម្ពុជា​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com