អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​ពង្រឹង​អំណាច​យោធា​និង​ផ្តើម​លូកដៃ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាស​ញ្ញា​អវិជ្ជមាន?
21, Jul 2015 , 5:10 pm        
រូបភាព

ជប៉ុន​ចាប់ផ្តើម​ចេញមុខ​ចេញ​មាត់​កាន់តែខ្លាំង​ដោយ​រិះគន់​ក្រុង​ប៉េកាំង​រឿង​វាតទី​ដណ្តើម​ដែនទឹក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សង់​កោះ​សិប្បនិម្មិត​កន្លងមក។ ការរិះគន់​ចិនធ្ងន់ៗនេះ​មាន​ក្នុង​របាយការណ៍​ការពា​រ​ជាតិ​ប្រចាំឆ្នាំ​កម្រាស់៥០០ទំព័រ​របស់​ជប៉ុន ដែល​ទើប​ចេញផ្សាយថ្មីៗនេះ។ ជប៉ុន​បង្ហាញ​ក្តីបារម្ភ​ថា សកម្មភាព​និង​ការដាក់​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ប៉ះពាល់​ដល់​ដល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​សមុទ្រ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន។ គេ​រំពឹងថា ក្រោយ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ជប៉ុន​ត្រូវ​សភា​អនុម័ត​ជោគជ័យ និង​ចូល​ជា​ធរមាន រដ្ឋាភិបាល​ជប៉ុន​នឹង​ពង្រីក​តួនាទី​សន្តិសុខ​ក្នុង​តំបន់​ជាពិសេស​ជួយ​ជ្រោមជ្រែង​រដ្ឋ​ជាប់​ជម្លោះ​ជាមួយ​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ។ បច្ចុប្បន្ន ជប៉ុន​ប្រឹង​ពង្រីង​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ លុយ ១១០ពាន់​លាន​ដុល្លារ ត្រូវ​រដ្ឋាភិបាល​ជប៉ុន​ដាក់ចេញ​ដើម្បី​សម្រេច​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​អាស៊ី​ប្រជែង​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​និង​ធនាគារ​វិនិយោគ​ចិន​ផង។


សូម​ស្តាប់​ការបកស្រាយ​របស់​សៅ​ផល​និស្ស័យ៖



របាយការណ៍​ការពារ​ជាតិ​ថ្មី​របស់​ជប៉ុន​ដែល​ទើប​ចេញផ្សាយថ្មីៗ មាន​បង្ហាញ​រូបភាព​កោះ​របស់​ចិន​ដែល​ថត​ដោយ​ផ្កាយរណប និង​បង្កប់​ពាក្យ​ទិតៀន​របប​ដឹកនាំ​ក្រុង​ប៉េកាំងធ្ងន់ៗផង​ជុំវិញ​ការ​វាតទី​យក​ដែនទឹក​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន។ របាយការណ៍​ការពារ​ជាតិ​ជប៉ុន​ដែលមាន​កម្រាស់រ​ហូត​ដល់ ៥០០ទំព័រ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ។ ហើយ​វា​ជា​លើកដំបូង​បំផុត​ដែល​របាយការណ៍​នេះ​មាន​បង្កប់​រូបភាព​និង​អត្ថន័យ​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

ចិន​ទារ​យក​ដែនទឹក​ប្រហែល៩០ភាគ​នៃ​ដែនទឹក​សរុប​ក្នុង​តំបន់​ជម្លោះ ដោយ​ផ្អែក​តាម​ផែនទី រាង​អក្សរ U ឬ​ផែនទី៩ ចំណុច​ដែល​ខ្លួន​គូស​ជា​លក្ខណៈ​ឯកតោភាគី​តាំងពី​ឆ្នាំ ១៩៤៧មកម្ល៉េះ។ ប៉ុន្តែ​ប្រទេស​ផ្សេងទៀត​ដូចជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់​ផង​សុទ្ធតែ​ទាមទារ​យក​ដែន​ជម្លោះ​នោះ​ដូចគ្នា​ដែរ។

យោងតាម​របាយការណ៍​នេះ ជប៉ុន​បានទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​វាតទី​យក​ដែនទឹក​ជម្លោះ​ជា​លក្ខណៈ​ឯ​តោ​ភាគី​ទៀត និង​ចាត់ទុក​ទង្វើ​ចិន​ជា​សកម្មភាព​ខុសច្បាប់​ប​ង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​តំបន់​ផង។ របាយការណ៍​កម្រាស់៥០០ទំព័រ នេះ​ត្រូវគេ​បញ្ចេញ ប៉ុន្មាន​ថ្ងៃក្រោយ​ពេលដែល​សភា​ជាន់​ទាប​ជប៉ុន​បោះឆ្នោត​ទទួលយក​សេចក្តីព្រាងច្បាប់​សន្តិសុខ​ថ្មី​របស់​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ដោយ​មិន​ខ្វល់​ការខឹង​សម្បារ​របស់​ប្រជាជន​ជប៉ុន​ទូទៅ។ ដែល​នេះ​បញ្ជាក់ថា​ច្បាស់​ថា ជប៉ុន​កំពុង​ប្រឹងប្រែង​កសាង​ឥទ្ធិពល​និង​អំណាច​យោធា​របស់ខ្លួន​ឡើងវិញ ទុក​គ្រាន់​ប្រឆាំង​ក្រុង​ប៉េកាំង​ដែល​អុង​អាត់​កាន់តែខ្លាំងឡើងៗក្នុង​តំបន់​នេះ។ ប៉ុន្តែ ចិន​ធ្លាប់​តប​វិញ​ដែរ​រឿង​រិះគន់​ចិន​ឥត​សំចៃ​រឿង​វាតទី​យក​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចិន​លើកឡើងថា ហេតុអ្វី​រិះគន់​តែ​ចិន ចុះ​វៀតណាម​ដែល​ដណ្តើម​កាន់កាប់​យក​ដែន​ទីក​យ៉ាងច្រើន​ក្បែរ​កោះ​ស្ព្រា​ត់​លី រយៈពេល២ទសវត្ស​កន្លងមក ម្តេចក៏​គ្មាន​អ្នក​ថ្កោលទោស។

 តាមពិតទៅ អ្វីដែល​ជប៉ុន​បារម្ភ​ខ្លាំង​នៅពេល​ចិន​ប្រឹង​សាងសង់​មូលដ្ឋាន​យោធា​ខ្លួន​កណ្តាល​តំបន់​ជម្លោះ​នោះ គឺ​ការ​កាត់ផ្តាច់ ឬ​ការគំរាមកំហែង​ចរាចរណ៍​ទំនិញ និង​កម្ម​ភាព​ពាណិជ្ជកម្ម​តាម​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទំហំ​ពាណិជ្ជ​កម្មរាល់​ឆ្នាំ​ស្មើ៥ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ភាគច្រើន​ទំនិញ​នាំចេញ​និង​នាំ​ចូលទៅ​ជប៉ុន​នេះឯង។ បើសិន​ចិន​កាន់តែ​មានអំណាច​យោធា​ខ្លាំង និង​កាន់កាប់​ផ្លូវ​ពាណិជ្ជកម្ម​តាម​សមុទ្រ​ចិន​ខាងត្បូង​នោះ វា​ប្រាកដ​ណាស់​ថា ជប៉ុន​អាច​ខាតបង់​ច្រើន​ដែរ។

យ៉ាងណាក៏ដោយ ការ​លូក​ដៅ​កាន់តែ​ជ្រៅ​របស់​ជប៉ុន អាច​និយាយបានថា មិនមែនជា​សញ្ញា​វិជ្ជមាន​ឡើយ។ ជប៉ុន​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​សោះ តែ​ជប៉ុន​មាន​ជម្លោះ​ជាមួយ​ចិន​លើ​កោះ​តូច​មួយ​នៅ​សមុទ្រ​ចិន​ខាងកើត​ប៉ុណ្ណោះ។បើ​ជប៉ុន​មាន​វិស័យ​យោធា​ខ្លាំង​ខាងមុខ វា​ជា​រឿង​ចៀស​មិន​រួច​ដែល​ប្រទេសជិតខាង​ពីរ​ចិន​និង​ជប៉ុន​ត្រូវ​ប្រឈមមុខ​ដាក់គ្នា និង​អាច​ឈានទៅ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ផង​ក៏​មិនដឹង។

តាំងពី​ចិន​ព្យាយាម​បន្ត​បង្កើន​អំណាច​របស់ខ្លួន​ក្នុង​តំបន់​និង​គ​ឃើ្ល​ន​ទន្ទ្រាន​យក​ដែន​ជម្លោះ​ដោយ​សង់​កោះ​សិប្បនិម្មិត​សម្រាប់​បម្រើ​វិស័យ​យោធា​នោះ ជប៉ុន​ចាប់ផ្តើម​លូកដៃ​បន្តិចម្តង។ ហើយ​ក្រុង​ត្យូ​ក្យូ​លូកដៃ​កាន់តែខ្លាំង​ក្រោយ​រដ្ឋាភិបាល​ហ្វីលីពីន​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ជប៉ុន​ដើម្បី​ទប់ទល់​ចិន​ក្នុង​បញ្ហា​ជម្លោះ​ដែនទឹក​នេះ​ផង។ ជប៉ុន​កន្លងមក​ធ្លាប់​ឧបត្ថម្ភ​នាវា​ល្បាត​ជាច្រើន​គ្រឿង ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ដើម្បី​ពង្រឹង​សកម្មភាព​ល្បាត​តាម​សមុទ្រ ប៉ុន្តែ​ជប៉ុន​មិនអាច​ផ្តល់ជំនួយ​យោធា​ធំដុំ​ជាង​នេះ​ទេ ដ្បិតតែ​មានការ​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​សន្តិភាព។ ដូច្នេះ បើសិន​ច្បាប់​សន្តិសុខ​ថ្មី​ត្រូវដាក់​អនុវត្ត ក្រុង​តូ​ក្យូ នឹងមាន​ឱកាស​ពង្រឹង​ទ័ព​ខ្លួន​ផង និង​មានលទ្ធភាព​ផ្តល់ជំនួយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​មិត្ត​ខ្លួន​ជាពិសេស​រដ្ឋ​ដែល​កំពុង​តតាំង​ចិន​ដូចជា​ហ្វីលីពីន​នេះ​ផង។ ក្រៅពី​ហ្វីលីពីន វៀតណាម​ក៏​អាច​ក្លាយជា​គោលដៅ​ចម្បង​របស់​ជប៉ុន​ដែរ។ ជប៉ុន​អាច​នឹង​ជួយ​រដ្ឋ​ដើម្បី​ទប់ទល់​អំណាច​ចិន​ក្នុង​តំបន់។ អាច​និយាយបានថា ផែនការ​រយៈពេល​វែង ជប៉ុន​និង​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​សហការគ្នា​ជួយ​បណ្តា​រដ្ឋ​ដែលមាន​ជម្លោះ​ជាមួយ​ចិន។ វៀតណាម​ងាក​ទៅរក​អាមេរិក​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយថ្មីៗនេះ​ហ្វីលីពីន​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​យោធា Subic Bayរបស់ខ្លួន​ឡើងវិញ​ទៀត។ ទៅ​ថ្ងៃមុខ ហ្វីលីពីន​និង​វៀតណាម​នឹង​ក្លាយជា​តួអង្គ​សំខាន់ ដែលមាន​នាទី​ទប់ទល់​ចិន ដែល​ពួកគេ​ស្ថិតក្រោម​ការ​ជ្រោមជ្រែង​របស់​អាមេរិក​និង​ជប៉ុន​ផ្ទាល់។

ក្រៅពី​ជួយ​ជ្រោមជ្រែង​ភាគី​ជម្លោះ ជប៉ុន​ក៏​ប្រឹងប្រែង​ពង្រឹង​ចំណង​ការទូត​ជាមួយ​រដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​កាន់តែ​ស្អិតល្មួត​ឡើង​ដែរ ព្រោះ​ចិន​ក៏​កំពុង​ប្រឹង​អូសទាញ​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​ស្រាប់។ ជប៉ុន​មិនបាន​នៅ​ស្ងៀម​ឡើយ​កន្លងមក តែ​បានសម្រេច​ចេញ​គម្រោង​ហិរញ្ញវត្ថុ​ទំហំ ១១០ពាន់​លាន​ដុល្លារ​សម្រាប់​លើកកម្ពស់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ផង។ គេ​មើលឃើញ​ច្បាស់​ថា គម្រោង​ថ្មី​របស់​ចិន គឺ​ដើម្បី​ប្រជែង​គម្រោង​របស់​ចិន​ដែល​បង្កើតឡើង​ដើ​ម្ប​ទាក់ទាញ​បណ្តា​រដ្ឋ​នានា និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ផង។
ក្រុង​ប៉េកាំង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​ដោយ​ប្រើ​លុយ​ជំនួយ​វាល់​លាន​ដុល្លារ ហើយក៏​ដាក់ចេញ​គម្រោង​លើកកម្ពស់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើន​ការផ្សារភ្ជាប់​រវាង​រដ្ឋ​ជា​មិត្ត​របស់​ចិន ជាមួយ​ចិន​ឲ្យ​ជិតស្និទ្ធ​និង​ឈានទៅ​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ ដូច​ឃើញស្រាប់ ចិន​ដាក់ចេញ​គំនិត​ផ្តូ​ច​ផ្តើម​ថ្មី «ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ» និង​មួយវិញទៀត​នោះ​គឺ​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ថ្មី​នេះ​ផងដែរ ដែល​ធនាគារ​នេះ​ទាក់ទាញ​រដ្ឋ​ជាច្រើន​ក្នុងនោះ​មាន​ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ផង លើកលែងតែ​ជប៉ុន៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង
  ស៊ីន​ហ្សូ​អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com