អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​ការពារ​ជាតិ​ជប៉ុន​បំផ្លាញ​ទំនាក់ទំនង​ជប៉ុន​ជាមួយ​ចិន
22, Jul 2015 , 3:21 pm        
រូបភាព

របាយការណ៍​ការពារ​ជាតិ​ប្រចាំឆ្នាំ​របស់​ជប៉ុន​បានធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង ដែល​របាយការណ៍​នោះ​ថ្កោលទោស​ចិន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។  ចិន​ខឹងច្រឡោត​ដោយ​ហៅ​របាយការណ៍​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ថា​ជា​របាយការណ៍​បំភាន់ បំភ្លៃ និង​ផ្ទុយ​ជា​ការពិត​ទាំងស្រុង។ ចិន​អះអាង​យ៉ាង​ថា​ច្បាស់ របាយការណ៍​កម្រាស់៥០០សន្លឹក​នឹង​បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី​ដែល​ប្រទេស​ទាំងពីរ​ប្រឹង​សាង​យូរ​ឆ្នាំ​មកហើយ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



របាយការណ៍​ការពារ​ជាតិ​ប្រចាំឆ្នាំ​ដែល​ចេញ​កាលពី​ថ្ងៃ អង្គារ របស់​ក្រុង​តូ​ក្យូ​មាន​ទិតៀន​ចិនខ្លាំងៗរឿង​បន្ត​វាតទី​កាត់​យក​ដែនទឹក​នៅ​តំបន់​ជម្លោះ​ជាមួយ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត​និង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ជប៉ុន​ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​ចេតនា​ទុច្ចរិត ប្រឹង​តំឡើង​ឧបករណ៍​បូ​ប​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅក្បែរ​តំបន់​ជម្លោះ​កោះ​សេន​កា​គូ​នៅ​សមុទ្រ​ចិន​ខាងកើត​រវាង​ជប៉ុន​និង​ចិន។ របាយការណ៍​នេះ​ក៏​ចាត់ទុក​មហាអំណាច​ចិន​ដែល​ស្ថិតនៅ​ក្បែរ​ខាង​ខ្លួន​នោះ​ជា​គ្រោះថ្នាក់​ធំ​សម្រាប់​សន្តិសុខ​ជប៉ុន និង​តំបន់​ទាំងមូល។

របាយការណ៍​កម្រាស់ ៥០០ទំព័រ ដែល​គេ​ហៅ​របាយការណ៍​ក្រដាស​ស​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ខឹងច្រឡោត ដោយ​ចិន​ចោទ​ជប៉ុន​វិញ​ថា​កំពុង​ប្រឹង​លាប​ពណ៌ និង​បំភ្លៃ​ការពិត​ជុំវិញ​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​និង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ 

ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ប្រសើរឡើង​កាលពី​ឆ្នាំមុន ក្រោយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ និង​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បាន​ជួប​ពិភាក្សាគ្នា​ជា​លក្ខណៈ​ឯកតោភាគី​ជា​ប្រវត្តិសាស្ត្រ​ក្រៅ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង។ ជំនួប​នេះ​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ប្រសើរឡើង​បន្តិច និង​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពង្រឹង​សហប្រតិបត្តិការ​ផងដែរ។ ប៉ុន្តែ​ក្រោយ​ត វា​ជា​រឿង​ចៀស​មិន​ផុត​ដែល​របាយការណ៍​ការពា​រ​ជាតិ​របស់​ចិន​នេះ​ធ្វើ​ឲ្យ​ខូចខាត​ប្រយោជន៍ និង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​ជប៉ុន​ដែល​ទើប​ល្អ​ប្រសើរឡើង​កាលពី​ឆ្នាំទៅ​មិញ​នេះ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​Lu Kang បាន​សង្កត់ធ្ងន់ថា របាយការណ៍​ជប៉ុន​មិនបាន​ទទួលស្គាល់​ការពិត ជាពិសេស​មិន​ទទួលស្គាល់​សកម្មភាព​ចិន​ដែល​កំពុង​ធ្វើ​បច្ចុប្បន្ន​ជា​សកម្មភាព​ស្របច្បាប់​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ។ លោក​បាន​បន្ថែមថា សកម្មភាព​ចិន​សុទ្ធតែ​ស្របច្បាប់​និង​ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន ហើយ​កោះ​ដៀវ​យូ (សេន​កា​គូ) ជា​កោះ​របស់​ចិន​តាំងពី​សម័យបុរាណ​មកម្ល៉េះ។ ចិន​ប្តេជ្ញា​ថា​នឹង​ប្រើប្រាស់​រាល់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន​ទប់ទល់​ជាមួយ​អ្នក​ដែល​ចង់​ឈ្លានពាន​និង​រំលោភ​អធិបតេយ្យ​ខ្លួន​ផងដែរ។ អ្នកនាំពាក្យ​ម្នាក់នេះ​ក៏បាន​ផ្តាំផ្ញើរ​ទៅ​ក្រុង​តូ​ក្យូ​ផងដែរ កុំ​ឲ្យ​ព្យាយាម​បំភ្លៃ​ការពិត ធ្វើ​ឲ្យ​ចិន​ខូច​កេរ្តិ៍ឈ្មោះ​ដូច្នេះ​ទៀត។

អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នៅពេលនេះ គឺ​ជប៉ុន​ស្រាប់តែ​ចេញមុខ​រិះគន់​សកម្មភាព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត ទាំង​ដែល​ខ្លួន​មិនមែនជា​ភាគី​ជម្លោះ​ទាល់តែសោះ​នោះ។ ជប៉ុន​ក៏​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​សាងសង់​កោះ និង​ត្រៀម​ដាក់​មូលដ្ឋាន​យោធា​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា​ដែរ ដោយ​ជប៉ុន​បារម្ភ​ខ្លាំង​ពី​អនាគត​សកម្មភាព​ពាណិជ្ជកម្ម​តាម​សមុទ្រ​ជាពិសេស​ពាណិជ្ជកម្ម​ឆ្លងតាម​សមុទ្រ​ចិន​ខាងត្បូង​តែម្តង៕


Tag:
 សមុទ្រចិនខាងត្បូវ
  ស៊ីន​ហ្សូ​អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com