អន្តរជាតិ
ចិន​ចង់​ឲ្យ​ហ្វីលីពីន​​ដក​បណ្តឹង​សំណុំរឿង​សមុទ្រ​ចិន​ព្រោះ​ខ្លាច​អាម៉ាស​លើ​ឆាក​អន្តរជាតិ
24, Jul 2015 , 2:47 pm        
រូបភាព
ដោយ:
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​ជា​បញ្ហា​ដែល​ត្រូវបាន​ដឹងលឺ​នៅក្នុង​តំបន់​នោះទេ តែ​សហគមន៍​អន្តរជាតិ​ផ្តោតអារម្មណ៍ និង កំពុង​លូកដៃ​ចូល​ផងដែរ។ កាលពីថ្មីៗនេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភ្លាម​ស្រាប់តែ​ទទូច​ឲ្យ​ហ្វីលីពីន​ដក​ពាក្យបណ្តឹង​ប្រឆាំង​ខ្លួន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ស្របគ្នា​តែម្តង។ គេ​សន្និដ្ឋានថា នេះ​ប្រហែលជា​ចិន​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ក្នុងនាម​ជា​មហា​យក្ស​មួយ​របស់​ពិភពលោក ។



រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល១០ថ្ងៃ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ ខណៈ​ស្ថានភាព​កំពុងតែ​មានការ​តានតឹង​ស្រាប។ ស្របពេល ជាមួយគ្នា​នោះដែរ​ចិន​ក៏បាន​ទទូច​ឲ្យ​ហ្វីលីពីន ដក​ពាក្យបណ្តឹង​ប្រឆាំង​ខ្លួន​នៅ​ម​ជ្ឈ​ត្ត​ការ អន្តរជាតិ​ពីបទ​រំលោភបំពាន​ដែន​អធិបតេយ្យ​ផងដែរ។ សកម្មភាព​ពីរ​ផ្សេងគ្នា ក្នុងពេល​តែមួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ «វាយ​ផង អង្អែល​ផង» របស់​ចិន​ដើម្បី​ការពារ​កុំ​ឲ្យ​អាម៉ាស់​កើតឡើង​នៅក្នុង​ឆាក​អន្តរជាតិ។

យោងតាម​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​ចិន នាវាចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ភាគ​ខាងកើត​នៃ​កោះ​ហៃ​ណាន ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធ្វើ​លំ​ហាត់​យោធា​នៅ​ទីនោះ។ អ្វីដែល​គួរកត់សម្គាល់​នោះ ក្រៅពី​នាវា​ដែល​ត្រូវធ្វើ​សមយុទ្ធ គេ​ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មានការ​ចរាចរណ៍​នាវា​នៅក្នុង​តំបន់​នោះឡើយ។ សន្តិសុខ​ដែនសមុទ្រ ត្រូវបាន​រឹតត្បិត​ចំពោះ​ការឆ្លងកាត់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់។ ជុំវិញ​ការធ្វើ​លំ​ហាត់​យោធា​ជា​លក្ខណៈ​ឯកតោភាគី គេ​ចាត់ទុកថា​ជាការ​បង្ហាញ​សាច់ដុំ​យោធា​កំញើញ​ហ្វីលីពីន ដែល​បាន​ដំណើរការ​មូលដ្ឋាន​យោធា​ដ៏​ធំ​របស់​អាមេរិក​នៅក្បែរ​តំបន់​ជម្លោះ និង ថែមទាំង​ទិញ​អាវុធថ្មីៗផ្សេង​ទៀតផង។ ជាពិសេស​នោះ ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺ​ចង់បង្ហាញ​ទៅកាន់​ជប៉ុន​ដែល​មិនមែនជា​ភាគ​ជម្លោះ កុំ​ឲ្យ​លូកដៃ​ជ្រៅ ជួយ​ហ្វីលីពីន​ខ្លួន​ជុំវិញ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។

ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​ស្រាប់តែ​ទទូច​ឲ្យ​ហ្វីលីពីន​ដក​ពាក្យបណ្តឹង​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​វិញ​ផង។ សំណុំរឿង​នោះ ត្រូវបាន​ហ្វីលីពីន​បញ្ជូនទៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​តាំងពី​ឆ្នាំ២០១៣ ហើយ​បច្ចុប្បន្ន​ហ្វីលីពីន​កំពុង​រង់ចាំ​ការសម្រេច​ពី​ម​ជ្ឈ​ត្ត​ករ​ជុំវិញ​យុត្តាធិការ​លើ​សំណុំ​រឿងនេះ​តែប៉ុណ្ណោះ។ បន្ថែម​ពីនេះ​ចិន​ក៏បាន​ស្នើ​ហ្វីលីពីន ត្រលប់មក​ចរចា​ជា​លក្ខណៈ​ទ្វេរ​ភាគី​ដើម្បី​បញ្ចៀស​បញ្ហា។

ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ សកម្មភាព​របស់​ចិន​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ចង់​កេងចំណេញ​ទាំង​កេរ្តិ៍ឈ្មោះ​និង បង្ហាញ​ពី​សក្តានុពល​យោធា​របស់ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ ជាពិសេស​ទៅ​រដ្ឋ​ទាំងឡាយ ដែល មាន​ចេតនា​ប្រឆាំង​ជាមួយ​ចិន។

គួរបញ្ជាក់​ផងដែរ ចិន មិនបាន​យល់ព្រម​តាម​សំណើ​របស់​ហ្វីលីពីន​ដោយ​ចូលរួម​ក្នុង​សវន​កា​រម​ជ្ឈ​ត្ត​ការ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ​នោះទេ។ ក៏ប៉ុន្តែ ករណី​ហ្វីលីពីន​នាំ​សំណុំរឿង​ទៅ​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ អាចធ្វើ​ឲ្យ​ចិន​ដែលជា​ភាគី​តែមួយគត់​ដែល​ទាមទារ​ដែន​អធិបតេយ្យ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​យោងតាម​ប្រវត្តិសាស្ត្រ​រង​ភាពអាម៉ាស់​ខ្លាំង។ នេះ​ក៏ ព្រោះ​ចិន​ក៏​ជា​ភាគី​អនុសញ្ញា​ស្តី​នៃ​ច្បាប់​សមុទ្រ ប៉ុន្តែ​កំពុង​បំពាន​ច្បាប់​ទៅវិញ។ មួយវិញទៀត បើ​ចិន​មិន​ព្រម​បន្ទន់ខ្លួន​នោះទេ អ្នក​ដែល​ត្រូវ​ខាតបង់​ដោយសារ​ការប៉ះទង្គិច​គ្នា ដោយ​អាវុធ គឺ​ចិន​ខ្លួនឯង​តែម្តង។ នោះ​ក៏​ព្រោះតែ​ចិន បាន​កសាង​សំណង់​ជាច្រើន​រួមមាន​ស្ថានីយ៍​បូម​ប្រេង មូលដ្ឋាន​យោធា និង កោះ​សិប្បនិម្មិត​ជាដើម៕


Tag:
 ចិន
 ហ្វីលីពីន
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com