អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម​គ្មាន​ជម្រើស​ក្រៅពី​នៅ​ស្ងៀម ទោះជា​មិន​ពេញចិត្ត​មហា​យក្ស​ចិន
27, Jul 2015 , 7:59 pm        
រូបភាព
ក្រុង​ហាណូយ បាន​ថ្កោលទោស​ក្រុង​ប៉េកាំង​រឿង​បញ្ចេញ​សាច់ដុំ​យោធា​ដោយ​បញ្ជូន​ទ័ព​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខា​ត្បូង។ សមយុទ្ធ​កងទ័ព​ចិន​ធ្វើឡើង​រយៈពេល១០ថ្ងៃ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ថ្ងៃទី២២កក្កដា​រហូតដល់​ចុងខែ​នេះ។ កន្លងមក​វៀតណាមរ​ត់ទៅ​អែប​អាមេរិក​ដើម្បី​រក​ខ្នងបង្អែក ខណៈពេលដែល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចេះតែ​តានតឹង ហើយ​ចិន​បន្ត​វាតទី​យក​តំបន់​ជម្លោះ​ឥត​ឈប់។  ការបង្ហាញ​សាច់ដុំ​យោធា​របស់​ក្រុង​ប៉េកាំង​ទោះ​ធ្វើ​ឲ្យ​វៀតណាម​មិន​ស្រួល​ចិត្ត​កាន់តែខ្លាំង​ក៏ដោយ ក៏​ចិន​បាន​អះអាងថា​ខ្លួន​គ្មាន​ចេតនា​អាក្រក់​ឡើយ។សមយុទ្ធ​នេះ​មិន​ឲ្យ​ភាគី​ប៉ះទង្គិច​គ្នា​ឡើយ ព្រោះ​វៀតណាម​ក្រៅពី​ស្រែក​ក្តែ​ង​រិះគន់​ចិន ប្រទេស​នេះ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​អ្វី​ទៀត​ទេ។ វៀតណាម​ទទួលស្គាល់ថា ទោះ​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​ក៏ដោយ វៀតណាម​ត្រូវ​អត់ធ្មត់​ដោយ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​មិត្ត​ជិតខាង​ដូច​ចិន​នេះ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ស្រែក​ថ្កោលទោស​សកម្មភាព​សមយុទ្ធ​យោធា​របស់​ក្រុង​ប៉េកាំង​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ស និង ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​យោធា​នេះដែរ។ ការទាមទារ​នេះ​កើតឡើង ក្រោយ​ពេលដែល​ទាហាន​ចិន​ចាប់ផ្តើម​លំ​ហាត់​យោធា​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រយៈពេល ១០ថ្ងៃ ចាប់ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ទៅដល់​ចុងខែ​កក្កដា​នេះ។ វៀតណាម​អះអាងថា សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​តាម​សមុទ្រ​នៅក្នុង​តំបន់​ជម្លោះ​ជាការ​គំរាមកំហែង​សន្តិសុខ ប៉ុន្តែ​ចិន​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​មាន​ចេតនា​ល្អ​ធម្មតា​ទេ។

១.វៀតណាម​មិន​ហ៊ាន​តប ទោះ​ចិន​បញ្ជូន​ឧបករណ៍​បូម​ប្រេង​ទៅវិញ និង​ធ្វើ​សមយុទ្ធ​យោធា
ក្រៅពី​ចោទថា​ចិន​គំរាមកំហែង​សន្តិសុខ​និង​រំលោភ​អធិបតេយ្យ​ខ្លួន វៀតណាម​បាន​ទិតៀន​ចិន​ថា​និយាយ​ដូច​ក្មេង​បៀម​ដៃ ក្រឡិច​ក្រ​ឡុ​ចុះឡើង​ឥត​ឈប់ ព្រោះ​មេដឹកនាំ​ចិន​សន្យា​ផ្សេង ចំណែក​សកម្មភាព​ជាក់ស្តែង​ផ្សឹ​ង​ទៅវិញ។  តាមពិតទៅ សមយុទ្ធ​ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល​ឬ​កោះ​ហូ​ង​សា(Hoang Sa) នេះ​កើតឡើង​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ មន្ត្រីជាន់ខ្ពស់​ចិន​ជាន់ដី​វៀតណាម​ដើម្បី​ស្តារ​ទំនាក់ទំនង​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។ទស្សនកិច្ច​មន្ត្រី​ចិន​នេះ​កើតឡើង ខណៈ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ល្អក់​ករក​ខ្លាំង​ក្រោយ​ព្រឹត្តិការណ៍​កុបកម្ម​កម្ទេច​រោងចក្រ​ចិន​កាលពី​ខែឧសភា​ឆ្នាំមុន។ មន្ត្រី​ចិន​នោះ​គឺ​ឧបនាយករដ្ឋមន្ត្រី​Zhang Gaoli ដែល​លោក​ទៅ​ក្រុង​ហាណូយ​ដើម្បី​បញ្ជាក់ប្រាប់​ក្រុង​ហាណូយ​ថា ចិន​មានបំណង​ស្តារ​ទំនាក់ទំនង​និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ឲ្យ​ខ្លាំង។ ក្រៅពី​លើកឡើង​អំពី​បញ្ហា​ការទូត​និង​សេដ្ឋកិច្ច តំណាង​លោក ស៊ី ជីន​ពីង​ក៏​អះអាង​ផង​ថា ចិន​ប្រកាន់​ភ្ជាប់​វប្បធម៌​សន្ទនា​ជាមួយ​វៀតណាម​ដើម្បី​រក​ដំណោះស្រាយ​សន្តិវិធី​បញ្ចប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ។ ប៉ុន្តែ​ចុងក្រោយ​ចិន​លេង​ក្បាច់​ចាស់​ប្រើ​អំណាច​យោធា​ដដែល ទោះ​សន្យាថា​មិន​ធ្វើ​ឲ្យ​ភាព​តានតឹង​ក៏ដោយ។ ប៉ុន្តែ​ឆ្លើយតប​ការទិតៀន​របស់​វៀតណាម មន្ត្រី​យោធា​ចិន​បាន​តប​វិញ​ថា វា​ជា​រឿង​សាមញ្ញ​ប៉ុណ្ណោះ​ដែល​សមយុទ្ធ​យោធា​ចិន ត្រូវ​រៀបចំ​ឡើងជា​ញឹកញយ។ ប៉ុន្តែ​ចិន​សង្កត់ធ្ងន់ថា លំ​ហាត់​យោធា​លើក​នេះ​មិន​មានបំណង​គំរាម​វៀតណាម​ឡើយ ហើយ​ចិន​ក៏​រៀបចំ​ផែនការ​យូរ​ដែរ​មុន​រៀបចំ​សមយុទ្ធ​នេះឡើយ។

វៀតណាម​បាន​ត្រឹម​ស្រែក​ថ្កោលទោស​ចិន​ប៉ុណ្ណោះ ដោយ​មិន​ហ៊ាន​ធ្វើ​អ្វី​ដើម្បី​រារាំង​ចិន​ឡើយ។ ឬ​ដោយសារ​បានចិត្ត​ព្រោះ​វៀតណាម​មិន​ហ៊ាន​ធ្វើ​អ្វី​បានជា​ចិន​ធ្វើ​នេះ​ធ្វើ​នោះ​តាមចិត្ត​មិន​ខ្លាចរអា​អ្នកណា​សោះ។  ជាក់ស្តែង​ចិន​មិន​ត្រឹមតែ​ធ្វើ​សមយុទ្ធ​ប៉ុណ្ណោះ​ទេ តែ​មហា​យក្ស​នេះ​កាលពី​ចុងខែ​មិថុនា​ក៏បាន​បន្ត​គឃ្លើន​បញ្ជូន​ឧបករណ៍​ខួង​បូ​បយក​ប្រេង​ទៅក្បែរៗកន្លែងចាស់​ដែល​ខ្លួន​ធ្លាប់​តំឡើង​កាលពី​ឆ្នាំ២០១៤ដែរ។   គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​មេបក្ស​កុម្មុយនីស្ត​វៀតណាម​ធ្លាប់​ទទួលស្គាល់ថា ទោះជា​វៀតណាម​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​ចិន​ក៏ដោយ ចិន​ជា​អ្នកជិតខាង​ដ៏​ធំ ដែល​តម្រូវ​ឲ្យ​វៀតណាម​ត្រូវ​សម្រប​ខ្លួន​ដើម្បី​រស់នៅ​ជាមួយគ្នា។ នេះ​ព្រោះថា​វៀតណាម​គ្មាន​សិទ្ធិ​រើស​មិត្ត​ជិតខាង​តាមចិត្ត​ចង់​ឡើយ។

២.ចិន​គំរាម​វៀតណាម​ដែលរ​ត់ទៅ​តោង​អាមេរិក?
យ៉ាងណាក៏ដោយ សមយុទ្ធ​ចិន​នៅមាន​អ្នកវាយតម្លៃ​ផ្សេងគ្នា។អាច​ថា​ជាការ​គំរាម​ដោយ​ការបង្ហាញ​សាច់ដុំ​យោធា​ក៏​ថា​បាន ព្រោះ​ចិន​មិន​ចង់​ឲ្យ​វៀតណាម​ឆ្លេឆ្លា​ចុះឡើង​រត់​តោង​មហាអំណាច​អាមេរិក។ ចិន​មើលឃើញ​ច្បាស់​ថា កាលណា​បើ​អាមេរិក​លូកដៃ​កាន់តែខ្លាំង ហើយ​វៀតណាម​ធ្លាក់​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​អាមេរិក​ហើយ​នោះ ចិន​ខ្លួនឯង​នឹង​ប្រឈម​បញ្ហា​ធំ។

ចិន​បារម្ភ​នៅពេល ប្រធាន​បក្ស កុម្មុយនីស្ត​វៀតណាម Nguyen PhuTrongដែល​មិនមាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្រុង​វ៉ាស៊ីនតោន និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា។ វត្តមាន​មេបក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​អាមេរិក បញ្ជាក់​ច្បាស់​ថា អាមេរិក និង​វៀតណាម​កំពុង​ក្លាយជា​មិត្ត​ជិតស្និទ្ធ ដោយ​លុបចោល​ស្នាម អតីតកាល​ដ៏៏​ជូរចត់​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​វៀតណាម​មក​នោះ។ ហើយ​អាមេរិក និង​វៀតណាម​រំពឹងថា​នឹង​តំឡើង​ចំណង​ការទូត​ឲ្យ​ដល់​កម្រិត​ដៃគូ យុទ្ធសាស្ត្រ​ថែមទៀត។

ចិន​ប្រហែលជា​មើលឃើញ​ពីស​ញ្ញា​អវិជ្ជមាន នៅពេល​ឥទ្ធិពល​អាមេរិក​បន្ត​កើន ឡើង​គ្របដណ្តប់​ក្រុង​ហាណូយ។ ចង់​មិន​ចង់ ចិន​ត្រូវមាន​វិធានការ​ក្តៅ​ផង​ត្រជាក់​ផង​ទាញ​វៀតណាម។នេះ​គឺ ដើម្បី​ការពារ​កុំ​ឲ្យ​អាមេរិក​ឆ្លៀតឱកាស ទាញ​ប្រយោជន៍​ដោយ​អូស​វៀតណាម​ដាក់​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ ដើម្បី​ជា​ឈ្នាន់​ទុក ប្រឆាំង​ចិន​នៅពេល​ខាងមុខ​ផង។
ម្យ៉ាង​ចិន​មិន​ចង់​ខាតបង់​ប្រយោជន៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​ហាណូយ។ បើ​វៀតណាម​កាន់តែ​កៀក​អាមេរិក​មែន​នោះ ពាណិជ្ជកម្ម​វៀតណាម និង​ចិន​ក៏​អាច​ថយចុះ​តាម​នោះដែរ។ ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេសជិតខាង​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់ ៦០ពាន់​លាន​ដុល្លារ ទៅហើយ​គិត​ត្រឹម​ឆ្នាំមុន ហើយ​ទំហំ​ពាណិជ្ជកម្ម​នេះ​នឹង​កើនឡើង​ថែមទៀត​នៅពេល ខាងមុខ​ផង៕



Tag:
 សមុទ្រចិនខាងត្បូវ
© រក្សាសិទ្ធិដោយ thmeythmey.com