កីឡាជាតិ
ម៉ោង៦:៣០នាទី​ល្ងាច​នេះ U-16 ម្ចាស់ផ្ទះ​កម្ពុជា ជួប​ហ្វីលីពីន​ក្នុង​ពាន​ជើងឯក​អាស៊ាន
28, Jul 2015 , 11:39 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ១៦ឆ្នាំ ម្ចាស់ផ្ទះ​កម្ពុជា (U-16) នឹងត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល B ពានរង្វាន់​បាល់ទាត់ AFF BIDC U16 Championship 2015 ជាមួយ​ក្រុម​ហ្វីលីពីន នៅវេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ ២៨ ខែ កក្កដា​ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​ស្មៅ​សប្ប​និមិត្ត ពហុ​កីឡដ្ឋាន​ជាតិ។



លោក Yusuke Ikiគ្រូបង្វឹក​ជនជាតិ​ជប៉ុន​របស់​ក្រុម​ជម្រើសជាតិ U-16 កម្ពុជា បានបញ្ជាក់​ថា​លោក​ជឿជាក់​លើ​កូនក្រុម​របស់លោក ប៉ុន្ដែ​លោក​មិនអាច​ព្យាករណ៍​ពី​លទ្ធផល​ថា​នឹង​ល្អ​ដល់​កម្រិតណា​បាន​នោះទេ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​គ្រូបង្វឹក​រូបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ទី ២៦ ខែ កក្កដា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។

ក្រុម​លោក Ikiដែលមាន​សមាជិក​ភាគច្រើន​មកពី​ឈុត​សាលា​បាល់ទាត់​ជាតិ (Academy Team) ទើប​មកពី​ប្រកួត​កម្ដៅ​សាច់ដុំ និង បោះ​ជម្រុះ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ជាង​កន្លះ​គិតពី​ដើមខែ​កក្កដា ឆ្នាំ ២០១៥ មកនេះ។ ចំណែក​នៅ​ល្ងាច​នេះ​ក្រុម U16 កម្ពុជា នឹង​ប្រើប្រាស់​ឯកសណ្ឋាន​ពណ៌​ខៀវ។

ចំណែក​ក្រុម​ហ្វីលីពីន មិនសូវមាន​ប្រវត្តិ​ខ្លាំង​ក្នុង​ពានរង្វាន់​នេះ​ទេ ប៉ុន្ដែ​បើតាម​ការអះអាង​របស់​គ្រូបង្វឹក​ក្នុងពេល​សន្និសីទ​សារព័ត៌មាន លើកឡើងថា ក្រុម​លោក​មិន​គិតពី​លទ្ធផល​ថា​ឈ្នះ​ឬ ចាញ់ ឬ ស្មើ​នោះទេ តែ​អ្វីដែល​សំខាន់​នោះទេ​ទម្រង់ និង បច្ចេកទេស​របស់​កីឡាករ​ល្អ ព្រោះនេះ​ជា​ពាន​សម្រាប់​យុវជន។

ពានរង្វាន់ AFF U16 Championship 2015 រៀបចំ​ពីថ្ងៃ​ទី ២៧ ខែ កក្កដា ដល់​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ចែកជា២ ពូ​ល​ក្នុងនោះ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា។

នៅថ្ងៃនេះ​ដែរ ក្រៅពី​គូ​ក្រុម​កម្ពុជា ត្រូវ​ជួប​ក្រុម ហ្វីលីពីន នៅ​ម៉ោង ៦កន្លះ​ល្ងាច ពូ​ល B នេះ​ក៏មាន​ការប្រកួត​ជម្រុះ ១គូ​ផ្សេងទៀត​ដែរ​ដោយ​ក្រុម សិង្ហ​បុរី ត្រូវ​ជួប​ក្រុម​ជើងឯក ២ សម័យកាល​មី​យ៉ាន់​ម៉ា នៅវេលា​ម៉ោង ៣:៣០ នាទី ព្រមទាំង​មាន​ផ្សាយ​ផ្ទា​លើ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTVផងដែរ។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​ពានរង្វាន់​នេះ នៅខាងមុខ​ច្រកចូល​ពហុ កីឡដ្ឋាន​ជាតិ​ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀល។ សម្រាប់​ពត៌មាន​បន្ថែម​អាចទាក់ទង​ទៅកាន់​លេខ:០៧១ ៤៨ ៦៩ ៤៧៥ឬ០១៥ ៤៤ ៧៦ ៨។

ចំណែក​លទ្ធផល​នៅក្នុង​ពូ​ល A កាលពី​ម្សិលមិញ​ដែលមាន​ប្រកួត ៣ គូ​គឺ៖
-U-16 ម៉ាឡេស៊ី ១ – ០ U-16 វៀតណាម
-U16 ឡាវ ១ – ០ U-16 ថៃ
-U16 ប្រ៊ុយណេ ២ – ២ ទី​ម័​រ​ខាងកើត



Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com