អន្តរជាតិ
ចិន​ពង្រឹង​ការត្រួតពិនិត្យ​លើ​ការនាំចេញ​ដ្រូ​ន និង​កុំព្យូទ័រ​ល្បឿន​លឿន
03, Aug 2015 , 3:14 pm        
រូបភាព
ដោយ:
សារព័ត៌មាន​រដ្ឋ​ចិន​បាន​ចុះផ្សាយ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា រដ្ឋាភិបាល​ចិន​នឹង​ពង្រឹង​ការត្រួតពិនិត្យ​លើ​ការនាំចេញ​ដ្រូ​ន​និង​កុំព្យូទ័រ​ល្បឿន​លឿន​មួយចំនួន ក្នុងទិសដៅ​ការពារ​សន្តិសុខ​ជាតិ។ ការសម្រេច​ពង្រឹង​បែបនេះ ធ្វើឡើង២សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​ប៉ះទង្គិច​នៅ​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន។ កងទ័ព​ប៉ា​គី​ស្ថាន​បានប្រកាសថា បាន​កំចាត់​ដ្រូ​ន​ស៊ើបការណ៍​ឥណ្ឌា ដែល​អាចជា​ផលិតផល​របស់​ចិន។

 
២សប្តាហ៍​មុននេះ អ្នកជំនាញ​ជាច្រើន​បាន​លើកឡើងថា ដ្រូ​ន​ឥណ្ឌា​ដែល​កងទ័ព​ប៉ា​គី​ស្ថាន​បាន​កំចាត់​នោះ អាចជា​ផលិតផល​របស់​ប្រទេស​ចិន។ ដូច្នេះហើយ ទើប​ក្រុង​ប៉េកាំង​សម្រេច​រឹតបន្តឹង​ការនាំចេញ​ផលិតផល​ដ្រូ​ន​អោយ​ខ្លាំងក្លា​ជាង​មុន។ 
 
ក្រសួងពាណិជ្ជកម្ម​និង​រដ្ឋបាល​ពន្ធដារ​ចិន​បានចេញ​បទបញ្ជា​ថ្មី តំរូវអោយ​ក្រុមហ៊ុន​ជាតិ​ដែល​ផលិត​ដ្រូ​ន​និង​កុំព្យូទ័រ​ល្បឿន​លឿន ចាប់ពី​ថ្ងៃ១៥កក្កដា​នេះ​ទៅ ត្រូវ​ចុះបញ្ជី​ផលិតផល​ប្រាប់​អោយ​ក្បោះក្បាយ​ពី​លក្ខណៈ​ផលិតផល​ជាមុនសិន មុននឹង​នាំចេញ​ទៅ​ក្រៅប្រទេស។ ដ្រូ​ន​ដែល​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​នេះ គឺជា​ដ្រូ​ន​ដែល​ហោះ​ស្វ័យ​ត​បាន​ជាង​មួយ​ម៉ោង ហើយ​អាច​ហោះ​កំពស់​ខ្ពស់ជាង១៥៤២០ម៉ែត្រ។ 
 
គិត​ក្នុង៥ខែ​ដើមឆ្នាំ២០១៥ ចិន​បាន​នាំចេញ​ដ្រូ​ន​ស៊ីវិល​ប្រមាណ១៦០ ០០០គ្រឿង ទៅ​ក្រៅ​ស្រុក មានតម្លៃ​ប្រមាណ១២០លាន​ដុល្លារ។ក្រុមហ៊ុន​DJI ចិន​ជា​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​ស៊ីវិល​ដ៏​ធំ និង​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​ប្រមាណ៧០ភាគរយ។ ប៉ុន្តែ​ក្រុមហ៊ុន​ប្រាប់ថា ផលិតផល​ខ្លួន​មិន​ជាប់ទាក់ទង​នឹង​ការត្រួតពិនិត្យ​ដែល​រដ្ឋាភិបាល​ប្រកាស​ពេលនេះ​ទេ។ 
 
ចំពោះ​ការពង្រឹង​ការនាំចេញ​កុំព្យូទ័រ​ដែល​ដើរ​លឿន​វិញ ចិន​ប្រហែលជា​ចង់​រក្សាទុក​នូវ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​របស់ខ្លួន។ គួរ​បញ្ជាក់ថា តាំងពី​ខែមិថុនា ឆ្នាំ២០១៣មក កុំព្យូទ័រ Tianhe-2 របស់​ចិន បាន​លេចធ្លោ​បំផុត ក្នុង​តារាង​ចំណាត់ថ្នាក់​ទាំង៥០០នៃ​កុំព្យូទ័រ​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក៕
 

Tag:
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com