ជាតិ
កម្ពុជា​កំពុង​ទទួលបាន​ប្រយោជន៍​ពី​នយោបាយ​ផ្លូវ​សូត្រ​របស់​ចិន
04, Aug 2015 , 6:01 pm        
រូបភាព
ការដែល​មហាអំណាច​ចិន​បង្កើត​គំនិត​ផ្តួចផ្តើម «ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ» និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​នៅពេលនេះ វា​កំពុងផ្តល់​ផលប្រយោជន៍​មកដល់​កម្ពុជា​ដែលជា​មហាមិត្ត​គ្រប់​ជ្រុងជ្រោយ​របស់​ចិន។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​ឥណទាន​ពី​ធនាគារ​ថ្មី​នេះ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បន្តទៀត។

 
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បានកត់សម្គាល់​បែប​វិជ្ជមាន ថា​វា​ហាក់ដូចជា​ចំពេល​ល្អ​មែនទែន នៅពេលដែល​កម្ពុជា​កំពុង​កសាង​បណ្តាញ​ត​ភ្ជាប់​ផ្លូវថ្នល់​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​ប្រទេស និង​ក្នុង​តំបន់ ស្រាប់តែ​មហាមិត្ត​ចិន​របស់ខ្លួន​បង្កើត​គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។
 
«បន្ថែម​ពីលើ​នេះ ធនាគារ​ដែល​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ដែល​កម្ពុជា​ជា​សហ​ស្ថាបនិក​មួយ​ដែរនោះ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ១០០ពាន់​លាន​ដុល្លារ។ កម្ពុជា​សង្ឃឹមថានឹង​អាច​ទទួលបាន​ឥណទាន​ទាំងនេះ​ដើម្បី​អនុវត្ត​គម្រោងថ្មីៗរបស់ខ្លួន​ដែល​ត្រូវ​បានដាក់​បញ្ជូនទៅ​មិត្ត​ចិន​រួចហើយ»។ នេះ​ជាការ​រៀបរាប់​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ហៅ​មិត្ត​ចិន​មិន​ដាច់​ពី​មាត់។
 
បើ​ស្តាប់​សុន្ទរកថា​របស់លោក​ស្រី​ឯកអគ្គរដ្ឋទូត​ចិន ពូ ជៀន​គ័​រ នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ ស្ពាន​តាខ្មៅ​នេះ​គឺជា​សមិទ្ធផល​មួយ​នៃ​នយោបាយ​នៃ​ការតភ្ជាប់​គ្នា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ចិន​និង​កម្ពុជា​រួចទៅហើយ។ ហើយ​ថា បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី​ឯកអគ្គរដ្ឋទូត​ដដែល រដ្ឋាភិបាល​ចិន​របស់​លោកស្រី​បាន​ត្រៀមខ្លួន​ដើម្បី​ជួយ​សម្រេច​ផែនការ​អនាគត​របស់​កម្ពុជា​ក្នុង​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់។ លោកស្រី ពូ ជៀន​គ័​រ អះអាង​យ៉ាង​ដូច្នេះ៖«ភាគី​ចិន​មាន​គោលបំណង​ឆ្លៀតឱកាស​កសាង​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ត​ភ្ជាប់​ជាមួយ​ផែនការ​អនាគត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​សាងសង់ និង​ជួសជុល​ផ្លូវ និង​ស្ពាន​កាន់តែច្រើន ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ក្លាយជា​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​ជំរុញ ដល់​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា។ ធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​នាំ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​កម្ពុជា និង​ជួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុងពេលឆាប់ៗនេះ»។
 
និយាយ​ពី​សារសំខាន់​នៃ​កំណាត់​ផ្លូវ និង​ស្ពាន​តាខ្មៅ​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​ពន្យល់​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​តាខ្មៅ​ថា ស្ពាន និង​កំណាត់​ផ្លូវ​តាខ្មៅ​នេះ គឺជា​ផ្លូវ​វាង​រាជធានី​ភ្នំពេញ​នៃ​របៀង​សេដ្ឋកិច្ច​ខាងត្បូង​របស់​មហា​អនុតំបន់​មេគង្គ ដោយ​កាត់​តាមផ្លូវ​អាស៊ាន​ហា​វេ​លេខ១១ ឬ​ផ្លូវជាតិ​លេខ៤របស់​កម្ពុជា មកកាន់​ផ្លូវជាតិ​លេខ១ ដែល​នឹង​ភ្ជាប់​ដោយ​រលូន​ចរាចរណ៍​ពី​ទីក្រុង​បាងកក ឆ្ពោះទៅ​តំបន់​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ។ លោក​រដ្ឋមន្ត្រី​បន្ត​ឲ្យ​ដឹង​ដែរ​ថា កំណាត់​ផ្លូវ និង​ស្ពាន​តាខ្មៅ​នេះ ក៏​នឹង​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​ទីក្រុង​ហូជីមិញ និង​ភាគខាងត្បូង​របស់​វៀត​ណា​ម និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​មហា​អនុតំបន់​មេគង្គ ព្រមទាំង​សំដៅ​អនុវត្ត ការតភ្ជាប់ អាស៊ាន និង​ការអនុវត្ត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុងឆ្នាំ២០១៥ផងដែរ៕
 

Tag:
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com