អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចរចា ពេល​អាស៊ាន​រួបរួមគ្នា
06, Aug 2015 , 2:14 pm        
រូបភាព
ដោយ:

សកម្មភាព​បំពាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​បង្ក​ព្យុះភ្លៀង ជាច្រើន​សម្រាប់​មេដឹកនាំ​អាស៊ាន ជាពិសេស​នោះ​រដ្ឋ​ជា​ភាគី​ពាក់​ព​ន្ធ័​ជម្លោះ។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ មេដឹកនាំ​ត្រូវ​រួបរួមគ្នា ដើម្បី​ចាត់វិធានការ និង ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ចូល ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង តាម​វិធាន​ផ្លូវច្បាប់។ ជា​លទ្ធផល​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី៤៨ ក្នុង​កូ​ឡា​ឡាំ​ពួរ អាស៊ាន បាន​បញ្ឈប់​ចិន​លើ​សកម្មភាព​វាទទី​ដោយ​ខុសច្បាប់ និង​ចូល​ពិគ្រោះ​យោបល់​ដើម្បី​ព​ន្លឿ​ន​ការអនុម័ត​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិ​ខាងត្បូង។



ចុងក្រោយ ចិន ត្រូវ​សម្រេចចិត្ត​ចូល​ពិគ្រោះ​យោបល់​ជាមួយនឹង​មេដឹកនាំ​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន ខាងត្បូង ដ្បិត​បន្តសកម្មភាព​បំពាន​ចិន​នឹងត្រូវ​រង​នូវ​ផល​លំបាក​ច្រើន​លើ​ឆាក​អន្តរជាតិ។ ការបន្ទន់ ឥរិយាបថ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង បានបង្ហាញ​យ៉ាងច្បាស់​ពី​ឥទ្ធិ​ពេល​នៃ​ការរួបរួម​គ្នា​របស់​អា​ស៊ាន ដើម្បី​ប្រឆាំង​ជាមួយនឹង​រដ្ឋ​ខាងក្រៅ​ដែល​បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន។

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​អះអាងថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ឈប់​នូវ​សកម្មភាព​វាទទី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ជាពិសេស​នោះ ចិន បាន​អំពាវនាវ​រដ្ឋ​នៅក្នុង​តំបន់​ដើម្បី​ព​ន្លឿ​ន​ការចរចា​លើ​យន្តការ សម្រាប់​រដ្ឋ​ពាក់​ព​ន្ធ័​អនុវត្ត​នៅក្នុង​ដែនសមុទ្រ​ជម្លោះ។

ជុំវិញ​បញ្ហា​នេះ គេ​អាច​និយាយបានថា​ជា​រឿង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​អាស៊ាន​ហើយ ដែល​អាច​ទាញ ចិន​ដើម្បី​ចូល​ចរចា​លើ​បញ្ហា​រសើប​សមុទ្រ​ចិន​ខាងត្បូង និង ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវបាន​កប់​ទុក និង ត្រូវ​ចិន​ច្រានចោល​មិន​ដោះស្រាយ​ជាច្រើនលើក​មកហើយ។ ជាពិសេស នោះ កន្លងមក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​បដិសេធ​រាល់​ការដោះស្រាយ​ពហុភាគី ពោលគឺ​យ៉ាង ចិន​អាច​ចរចា​បានតែ​ទ្វេរ​ភាគី​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​គោលជំហ​របស់​រដ្ឋាភិបាល​ចិន​លើ​បញ្ហា​សមុទ្រ​ជម្លោះ អាច​ជាប់ទាក់ទង​នឹង​កត្តា​មួយចំនួន៖

១. ក្រសែភ្នែក​ខាងក្រៅ
រឿង​សមុទ្រ​ចិន​ខាងត្បូង គឺ​មិន​ត្រឹមតែ​ជា​បញ្ហា​ដែល​ត្រូវបាន​ចាប់អារម្មណ៍​ក្នុង​ក្របខណ្ឌ​អាស៊ាន​នោះ ទេ ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ កំពុងតែ​រង់ចាំ​មើល​ចំណាត់ការ​ផងដែរ។ នោះ ក៏​ព្រោះតែ​ការ​ប្រឈម​គ្នា រវាង​រដ្ឋ​ពាក់​ព​ន្ធ័​កាន់តែខ្លាំង វា​នឹង​ក្លាយជា​ការគំរាមកំហែង​សន្តិសុខ​នៅក្នុង​តំបន់។ ជាមួយគ្នា ប្រមុខ​ការទូត​សហរដ្ឋអាមេរិក លោក ច​ន ខេ​រី ដែល​បាន​ដៃគូ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាមេរិក និង អាស៊ាន ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង និង ទ​ទួ​ច​ភាគី​ពាក់​ព​ន្ធ័​ត្រូវតែ​ដោះស្រាយ​តាម​វិធាន ច្បាប់ និង បញ្ឈប់​គម្រោង​នៅក្នុង​តំបន់​ជម្លោះ។ ជុំវិញ​បញ្ហា​នេះ បើ​ចិន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន ទៀត​នោះ កិត្តិនាម​របស់​ចិន​លើ​ឆាក​អន្តរជាតិ​នឹងត្រូវ​បាត់បង់ ដ្បិត​សំណុំរឿង​ហ្វីលីពីន​ប្តឹង​ចិន កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​តុលាការអន្តរជាតិ​ស្រាប់។

២. សមាជិក​អាស៊ាន​រួបរួមគ្នា
ការដាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ត្រូវបាន​ទាត់ចោល និង បរាជ័យ ជាច្រើនលើក​មកហើយ។ នោះ ក៏​ព្រោះតែ​សមាជិក​របស់​អាស៊ាន​មួយចំនួន បាន​ជំទាស់ ដោយបាន អះអាងថា វេទិកា​អាស៊ាន មិន​សក្តិសម​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ដោយឡែក សម្រាប់ កិច្ចប្រជុំ​អាស៊ាន​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួក​លើក​នេះ អាស៊ាន​បាន​រួបរួមគ្នា​លើក​បញ្ហា​នេះ​ជា​របៀបវារៈ​នៃ កិច្ចប្រជុំ ហើយ​ទាមទារ​ឲ្យ​ចិន​ដោះស្រាយ​ដោយ​សន្តិវិធី និង ចរចា​លើ​ក្រម​ប្រតិបត្តិ។

៣. ចិន​ចូល​ចរចា​ដើម្បី​ការពារ​សមិទ្ធ​ផលរប​ស់​ខ្លួន
យោងតាម​របាយការណ៍​របស់​សហរដ្ឋអាមេរិក ចិន បង្កើត​កោះ​សិប្ប​ម្មិ​ត និង ពង្រីក​ដែន​អធិបតេយ្យ​របស់ខ្លួន​នៅលើ​តំបន់​ដែន​ជម្លោះ​ប្រមាណ៨១០ហិច​តា ស្ថិតនៅ​ក្បែរ​បណ្តុំ​កោះ​ស្ព្រា​ត​លី ។ សមិទ្ធផល ទាំងនេះ ហាក់ដូច​ជាមាន​បរិមាណ​ធំធេង​ណាស់ បើ​ប្រៀបធៀប​ជាមួយនឹង​រដ្ឋ​ផ្សេងទៀត ដែលមាន ទាមទារ​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ចិន។ ដូច្នេះ ការចរចា​របស់​ចិន គឺ​អាចជា​ចរចា​ដើម្បី​ដាក់​លក្ខខណ្ឌ ជាមួយនឹង​រដ្ឋ​អាស៊ាន ដើម្បី​រក្សា និង​ការពារ​សមិទ្ធ​ផលរប​ស់​ខ្លួន។

គួរ​រំលឹក​ផងដែរ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​ឈាន ដល់​ដំណាក់កាល​មួយ​គួរ​ព្រួយបារម្ភ ដ្បិត​ភាគី​ពាក់​ព​ន្ធ័​ដែលមាន​ចិន និង​ហ្វីលីពីន បានបង្ហាញ​សាច់ដុំ ដាក់គ្នា​តាមរយៈ​សមយុទ្ធ​យោធា និង ការពង្រឹង​វិស័យ​យោធា។ ដោយឡែក​សម្រាប់ ប្រ៊ុយណេ ម៉ាឡេស៊ី និង វៀតណាម ដែលជា​ភាគី​ពាក់​ព​ន្ធ័​ផងដែរ​នោះ ហាក់ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់៕



Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com