អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ខឹង​ជប៉ុន​និង​ហ្វីលីពីន​ដែល​ព្រួត​គ្នា​វាយប្រហារ​ខ្លួន​រឿង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​វេទិកា​សន្តិសុខ
07, Aug 2015 , 7:39 pm        
រូបភាព
 ក្រ​សូង​ការបរទេស​ចិន​បរិហារ​ជប៉ុន​និង​ហ្វីលីពីន​នៅ​ព្រហស្បតិ៍ម្សិលមិញនេះ​ថា ប្រទេស​ទាំងពីរ​បាន​ព្រួត​ដៃ​គ្នា​វាយប្រហារ​ខ្លួន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​វេទិកា​សន្តិសុខ​ដែល​រៀបចំឡើង​នៅ​ម៉ាឡេស៊ី​កាលពី​ប៉ុន្មាន​ថ្ងៃមុន។ ចិន​ទំនងជា​ខឹងសម្បារ​ជប៉ុន​និង​ហ្វីលីពីន​ខ្លាំង ដែល​ភាគី​ទាំងពីរ​នេះ​កន្លងមក​ព្យាយាម​ថ្កោលទោស​ចិន​ដែល​វាតទី​ទន្ទ្រាន​យក​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ជ​ប៉ុន និង​ហ្វីលីពីន​ថា បាន​ប្រើប្រាស់​វេទិកា​សន្តិសុខ​តំបន់​ដែល​រៀបចំឡើង​នៅ​ម៉ាឡេស៊ី​កន្លងមក​ដើម្បី​វាយប្រហារ​ចិន​ទាំង​ទទឹងទិស​ជុំវិញ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ 
 
ក្រសួងការបរទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​នេះ ដោយ​លើកឡើង​ច្បាស់​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន​បាន​វាយប្រហារ​គោលនយោបាយ​ចិន​ពាក់ព័ន្ធ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​ប៉ុន្មាន​ថ្ងៃមុន ហើយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ជា​អ្នក​ចាំ​គាំទ្រ​ពីក្រោយ។ នេះ​អាច​និយាយ​ឲ្យ​ខ្លី​ថា ភាគី​ទាំងពីរ​ចូល​ដៃ​ចូល​ជើង និង​ព្រួត​គ្នា​ធ្វើ​ឲ្យ​ចិន​បាក់មុខ​លើ​ឆាក​អន្តរជាតិ។  
 
មិនមែន​មានតែ​ជប៉ុន​និង​ហ្វ​លី​ពី​ន​ឡើយ ដែល​នាំគ្នា​រិះគន់​ចិន អាមេរិក​ឯណោះ​ក៏​មិន​អន់​ដែរ។ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍  រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃឺ​រី ក៏​ព្យាយាម​ទាញ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង និង​រិះគន់​ចិន​ឥត​សំចៃ​ដូចគ្នា។ ប្រមុខ​ការទូត​រូបនេះ​បានលើកឡើង​ពី ចេតនា​របស់​ចិន​ក្នុងការ​រឹតត្បិត​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ការសាងសង់​កោះ​សិប្បនិម្មិត និង​សំណង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​តំបន់​ជម្លោះ​ផងដែរ។ លោក​បង្ហាញ​ក្តីបារម្ភ​ដោយ​សង្កត់ធ្ងន់ថា សំណង់​របស់​ចិន​នៅ​តំបន់​ជម្លោះ​ធ្វើឡើង​ដើម្បី​សម្រួល​ដល់​សកម្មភាព​យោធា ដែល​វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​មួយ​ជំរុញ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ដោយ​យោធា​រវាង​ភាគី​ជម្លោះ​ដទៃទៀត។  
 
ប៉ុន្តែ​ក្នុង​វេទិកា​ដដែល​នេះ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi  បាន​ឆ្លៀតឱកាស​ឆ្លើយតប​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ជប៉ុន​និង​ហ្វីលីពីន​ផងដែរ ដោយ​លោក​បញ្ជាក់ថា ស្ថានភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នាពេល​បច្ចុប្បន្ន​គឺ​ល្អប្រសើរ និង​មាន​ស្ថិត​ភាពជា​ធម្មតា​ទេ ហើយ​គ្មាន​សញ្ញា​នៃ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​កើតឡើង​នោះដែរ។  
 
អាច​និយាយថា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែល​ចិន ចេញ​សេចក្តីថ្លែងការណ៍​បកស្រាយ​និង​វាយបក​ប្រទេស​ទាំងនេះ​នៅពេល​នេះឡើយ ព្រោះ​ភាគី​ទាំងនោះ​ឧស្សាហ៍​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី​ជុំវិញ​សកម្មភាព​របស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ណាស់។
 
សូមបញ្ជាក់ថា ចិន ទាមទារ​យក​ដែនទឹក​នៅ​តំបន់​ជម្លោះ​ប្រហែល ៩០ភាគ​នៃ​ដែន​ជម្លោះ​សរុប ខណៈពេលដែល​ភាគី​ជម្លោះ​ឯទៀត​ក៏​ទាមទារ​យក​តំបន់​នោះ​ដូចគ្នា​ដែរ។ ប៉ុន្តែ​ស្ថានការណ៍​កាន់តែ​តានតឹង​ខ្លាំងឡើងៗ ដោយសារ​ចិន​បាន​ចំណាយ​ពេលវេលា​យូរ​ល្មម និង​លុយ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​សំណង់​និង​វាតទី​យក​ដែន​ជម្លោះ​នេះ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ​ស្ថានភាព​កាន់តែ​អាក្រក់​នៅពេលដែល ភាគី​មួយចំនួន​ដូចជា​ជប៉ុន​និង​អាមេរិក​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ បែរជា​ចេញមុខ​លូកដៃ​យ៉ាងជ្រៅ​ក្នុង​បញ្ហា​ជម្លោះ​ដែនទឹក​នេះដែរ។ អាមេរិក និង​ជប៉ុន​បន្ត​នាំគ្នា​គាំទ្រ​ភាគី​ជម្លោះ​មួយចំនួន​ដូចជា វៀតណាម និង​ហ្វីលីពីន ដើម្បី​ទប់ទល់​ជាមួយ​ចិន។ ដូចដែល​បានឃើញ​ស្រាប់ ជប៉ុន​បន្ត​ផ្តល់ជំនួយ​ដល់​ហ្វីលីពីន ដូចជា​កប៉ាល់​ល្បាត ហើយ​គ្រោង​នឹង​ផ្តល់​យន្តហោះ​ល្បាត​ដល់​ហ្វីលីពីន​នៅពេល​ខាងមុខ​ថែ​ទៀត៕  
 

Tag:
 ចិន
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com