ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហុង សុខ​ហួរ ស្ថិតនៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅឡើយ
15, Aug 2015 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី មិនទាន់​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ឡើយ បើ​គិត​ត្រឹម​ម៉ោង១០ព្រឹក​នេះ ពោលគឺ​ប្រមាណ៤ម៉ោង​ក្រោយ​ការចាប់ខ្លួន។ មន្ត្រី​បក្សប្រឆាំង​ដែល​អាច​ចាត់ទុកថា ជា​ដៃស្តាំ​របស់លោក សម រង្ស៊ី រូបនេះ កំពុងស្ថិត​នៅក្រោម​ការ​សាកសួរ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខណៈ​អ្នកកាសែត​ដ៏​ច្រើន​កុះករ នាំគ្នា​រង់ចាំ​រួចជាស្រេច​នៅ​តុលាការ​រាជធានី​ភ្នំពេញ។ 

 
លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នា​វេលា​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍ ទី១៥ ខែសីហា នេះ នៅ​ភូមិគ្រឹះ​របស់លោក យន្ត ថា​រ៉ូ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ 
 
លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ តំណាងរាស្ត្រ​មួយរូប​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ការចាប់ខ្លួន​នេះ ដែល​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ច្រើន​ហួសហេតុ ដែល​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ ចាត់ទុកថា ជាការ​មិន​ផ្តល់​តម្លៃ​ដល់​លោក ហុង សុខ​ហួរ ដែលជា​សមាជិក​ព្រឹទ្ធសភា។
 
ការចាប់ខ្លួន​លោក ហុង សុខ​ហួរ បានកើត​ឡើង​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​រូបនេះ និយាយ​អំពី​សន្ធិសញ្ញា​មួយ​ដោយបាន ចោទប្រកាន់​រដ្ឋាភិបាល​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​របស់លោក ហេង សំរិន និង​ភាគី​វៀតណាម​របស់លោក ផាម វ៉ាន់​ដុង ថា​បាន​រំលាយ​ព្រំដែន​នៃ​ប្រទេសជិតខាង​ទាំងពីរ​បញ្ចូល​គ្នា ហើយ​ដែល​ការចោទប្រកាន់​ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី បានធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​បាន​បញ្ជា​ឲ្យ​មានការ​តាម​ចាប់ខ្លួន​លោក ហុង សុខ​ហួរ តាំងពី​ថ្ងៃទី១២សីហា​មក៕
 

Tag:
 ហុង សុខ​ហួរ
 ​ ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com