កីឡាជាតិ
ជាតិ
ប៉ូលិស​ជួប​គិរីវង់ បៀ​ល​ប្រាយ​ប៉ះ​វេ​ស្ទើ​ន ខណៈ​ជំនួប​បឹងកេត-ការពារជាតិ លើក​ពេល
16, Aug 2015 , 9:34 am        
រូបភាព
លោក ប៉ែន ផាត នាយក​បច្ចេកទេសក្លិបវេស្ទើន។ រូបថត ហ្វេសប៊ុក​វេស្ទើន​
លោក ប៉ែន ផាត នាយក​បច្ចេកទេសក្លិបវេស្ទើន។ រូបថត ហ្វេសប៊ុក​វេស្ទើន​
ដោយ:
ការប្រកួត​រវាង​ក្រុម​បឹងកេត​អង្គរ និង​ក្រុម​ក្រសួងការពារជាតិ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី ១៦ ខែ សីហា ឆ្នាំ ២០១៥ នេះ​ក្នុង​សប្ដាហ៍​ទី ១៤ នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League) ត្រូវបាន​លើក​ពេល​ប្រកួត ខណៈ​ការប្រកួត​រវាង​ក្រុម​អគ្គស្នងការដ្ឋាន នគរបាលជាតិ (ប៉ូលិស) ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ មិនមាន​ការប្រែប្រួល​នោះទេ។

 
យោងតាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានឱ្យដឹងថា​មូលហេតុ​ដែលមាន​ការលើក​ពេល​ប្រកួត​រវាង​ក្រុម​បឹងកេត​អង្គរ និង ក្រុម​ក្រសួងការពារជាតិ នៅ​ល្ងាច​នេះ​ព្រោះតែ​សមាជិក​ជាច្រើន​របស់​ការពារជាតិ​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ ជាពិសេស​ក្នុង​ឈុត​យុវជន​ក្រោម​អាយុ១៩ឆ្នាំ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​ថៃ​វេលា​ម៉ោង ៣:៣០ នាទី​ល្ងាច​នេះ។ ការប្រកួត​នឹង​លើក​ទៅ​រៀបចំ​នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ ខាងមុខ​លើ​ទីលាន​ស្តាតចាស់ ​និង​ម៉ោង ៣:៣០ នាទី​ដដែល។
 
ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង ៣:៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​ព័ត៌មាន BTV ថែម​ទៀតផង។ ចំពោះ​ក្រុមប៉ូលិស ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក អ៊ុង កង​យ៉ា​និ​ត ត្រូវការ ៣ ពិន្ទុ​ជា​ចាំបាច់​នៅក្នុង​ការប្រកួត​នេះ​ដើម្បី​ស្វែងរក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង៤ប្រចាំ​រដូវ​កាល (Top4) ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ក៏​ចង់បាន​ជ័យជម្នះ​ដូចគ្នា​ដើម្បី​ឆ្លង​ផុតពី​តំបន់​គ្រោះថ្នាក់​នៅ​បាត​តារាង។ 
 
មួយ​ប្រកួត​ទៀត​ចុងក្រោយ​គេ​នៅ​ល្ងាច​នេះ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅវេលា​ម៉ោង ៦ ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា។ ក្រុម​សាកលវិទ្យាល័យ ទាំង២ នេះ​នៅ​មិនទាន់​ស្គាល់​ជ័យជម្នះ​ដូចគ្នា​គិតពី​សប្ដាហ៍​ទី ១២ បើកឆាក​ជើង​ទី២ MCL 2015 មកនេះ។ 
 
តើ​ក្រុម​ណា​នឹង​អាច​រកបាន ៣ ពិន្ទុ​នៅ​ល្ងាច​នេះ? 
 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com