អន្តរជាតិ
នាវាចម្បាំង​ចិននៅ​ក្នុង​សមុទ្រ​អា​ឡា​ស្កា​ក្បែរ​កន្លែង​លោក អូ​បា​ម៉ា ទៅ​ទស្សនកិច្ច
04, Sep 2015 , 3:10 pm        
រូបភាព
នាវាចម្បាំង​ចិន៥គ្រឿង​ស្ថិតនៅក្នុង​សមុទ្រ Bering ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋ​អា​ឡា​ស្កា​របស់​អាមេរិក ហើយ​វត្តមាន​នេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​ដែល​លោក អូ​បា​ម៉ា ទៅ​ទស្សនកិច្ច​ឡើយ។ នេះ​ជា​លើក​ទី១ហើយ​ដែលមាន​វត្តមាន​នាវា​ចិន​នៅក្បែរ​តំបន់​ទឹកកក​អា​ឡា​ស្កា ហើយ​នាវាចម្បាំង​ទាំងនោះ​ត្រូវ​ប​ញ​ញ្ជូ​ន​ទៅ ទីនោះ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី​ប៉ុណ្ណោះ។ ខណៈដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ទស្សនកិច្ច​នៅក្នុង​ទឹកដី​អា​ឡា​ស្កា គេ​ស្រាប់តែ​ឃើញ​នាវាចម្បាំង​របស់​ចិន​ប្រហែល ៥គ្រឿង​នៅក្នុង​សមុទ្រ Bering មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​លោក អូ​បា​ម៉ា​កំពុង​ទស្សនកិច្ច​ឡើយ។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



លោក អូ​បា​ម៉ា កាលពី​ថ្ងៃ​ពុធ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង Kotzebue នា​តំបន់​អាក​ទិ​ក ហើយ​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អាក​ទិ​ក​នេះ។ គោលបំណង​នៃ​ការ​ទស្សនកិច្ច​របស់លោក​គឺ​ដើម្បី​ផ្តោតលើ​បញ្ហា​កើន​កម្តៅ​នៃ​ផែនដី ដែល​កំពុង​គំរាមកំហែង​សហគមន៍​ជនជាតិភាគតិច​នៅ​តំបន់​ខាងលើ។

ត្រលប់​មកវិញ វត្តមាន​នាវាចម្បាំង ក្នុងពេលដែល​ប្រធាន​ធិបតី​អាមេរិក​ស្ថិតនៅ​តំបន់​អា​ឡា​ស្កា​នេះ បានក្លាយ​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​វា​ជា​លើក​ដំ​បួង​ហើយ​ដែល​ចិន​បញ្ជូន​សព្វាវុធ​ទៅ​ក្បែរ​ទឹកដី​អាមេរិក។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ Jeff Davis បានលើកឡើង​ថា​នេះ​ជា​លើកដំបូង​បំផុត​ដែល​អាមេរិក​មើលឃើញ​នាវាចម្បាំង​របស់​ចិននៅក្បែរៗទឹកដី​ខ្លួន ហើយ​នាវាចម្បាំង​សរុប​នោះ​មាន​ប្រហែល ៥គ្រឿង។

នាវា​ប្រាំ​គ្រឿង មាន ២គ្រឿង​ជានា​វា​ដឹក​សព្វាវុធ និង៣គ្រឿង​ទៀត​ជា​នាវា​ពិឃាត​ធម្មតា។ បើតាម​សម្តី​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន នាវា​ចិន​ទាំងនោះ​ស្ថិតនៅក្នុង​ដែនទឹក​អន្តរជាតិ ហើយ​ក្រុង​វ៉ាស៊ីនតោន​គោរព​សេរីភាព​នៃ​ផ្នែក​នាវាចរណ៍​តាម​សមុទ្រ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មន្ត្រី​ខាងលើនេះ​អះអាងថា​ខ្លួន​មិនបាន​ដឹង​ពី​គោលបំណង​នៃ​ការ​ចល័ត​នាវាចម្បាំង​មក​ក្បែរ​ដែនដី​អាមេរិក​ទេ។

ឆ្លើយតប​បញ្ហា​នេះ ក្រសួងការពារជាតិ​ចិន​មិនបាន​បកស្រាយ​ច្រើន​ទេ គ្រាន់តែ​អះអាងថា នាវាចម្បាំង​របស់ខ្លួន​ទាំង៥គ្រឿង​នោះ​ត្រូវបញ្ជូន​ទៅកាន់​ក្បែរ​ដ្ឋ​អា​ឡា​ស្កា ដើម្បី​ចូលរួម​ក្នុង​លំ​ហាត់​យោធា​រួមគ្នា​ជាមួយ​កងទ័ព​រុស្ស៊ី។ លំ​ហាត់​យោធា​រួមគ្នា​រវាង​រដ្ឋ​ទាំងពីរ​នេះ​រៀបចំ​ឡើងជា​ទម្លាប់​ទៅហើយ ហើយក៏​គ្មានអ្វី​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​និង​គួរ​ឲ្យ​បារម្ភ​ដែរ។

រឿង​ដែល​គេ​បារម្ភ​មិនមែន​វត្តមាន​របស់​នា​វា​ចម្បាំង​ចិន​ទេ តែ​នាវាចម្បាំង​ចិន​និង​រុស្ស៊ី​រួមគ្នា​ធ្វើ​លំ​ហាត់​យោធា​ញឹកញាប់​កន្លងមក​ទើប​ជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត​មួយ។ ចិន​និង​រុស្ស៊ី​កាន់តែ​ខិតជិត​គ្នា និង​ផ្អែមល្ហែម​ជាមួយគ្នា ក្នុងពេលដែល​ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​លោកខាងលិច​ល្អក់​ករក ហើយ​ការ​កើន​ឥទ្ធិពល​របស់​ចិន​ឯណោះ​វិញ​ក៏​ត្រូវបាន​លោកខាងលិច​ចាត់ទុកជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​ផងដែរ។

សូម​រំលឹក​ផង​ថា ក្រុង​ប៉េកាំង​បច្ចុប្បន្ន​ហាក់បីដូចជា​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​សាង​កម្លាំងយោធា​របស់ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា។ ចិន​ចំណាយលុយ​រាប់រយ​ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​និង​ផលិត​អាវុធ​យុទ្ធ​ភ័​ណ្ឌថ្មីៗ ទំនើបៗ គ្រប់​ម៉ាក​គ្រប់​ម៉ូត ដោយ​ប៉ង​ជាស្រេច​ថា​ចិន​នឹង​ក្លាយ​មហាអំណាច​សេដ្ឋកិច្ច​និង​យោធា​លំដាប់​ទីមួយ៕


Tag:
 អូ​បា​ម៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com