អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ម៉ា​ហា​ធា៖ លោកខាងលិច​រួមចំណែក​បង្កើត​វិបត្តិ​ជនភៀសខ្លួន
18, Sep 2015 , 2:12 pm        
រូបភាព
(កូ​ឡា​ឡាំ​ពួរ)៖ ក្នុង​ពិធី​បើក​កម្មវិធីសិក្សា​ស្តីពី​សន្តិភាព​ពិភពលោក​លើក​ទី៤ នៅ​ក្រុង​រដ្ឋបាល ពូ​ត្រា​ចា​យ៉ា (Putra Jaya)  អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ម៉ា​ហា​ធា មហា​ម៉េ​ត (Mahathir Mohamad)  បាន​ថ្លែង​រិះគន់​បណ្តា​ប្រទេស​លោកខាងលិច​ដែល​ចូលចិត្ត​ប្រើប្រាស់​សង្គ្រាម​ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ​នានា​ដែល​ខ្លួន​មិន​ពេញចិត្ត។ លោក​ក៏បាន​អះអាង​ផងដែរ​ថា វិបត្តិ​ជនភៀសខ្លួន នៅ​អឺរ៉ុប​បច្ចុប្បន្ន​កើតចេញពី​បណ្តា​មហាអំណាច​ទាំងនោះ តែ​លោក​បាន​ទិតៀន​មេ​ដឹក​នា​ប្រទេស​ឥស្លាម​មួយចំនួន​ដែរ​ដែល​ចូលចិត្ត​ធ្វើសង្គ្រាម។



ថ្លែង​បើក​កម្មវិធីសិក្សា​ស្តីពី​សន្តិភាព​ពិភពលោក​លើក​ទី៤( Mahathir Global Peace School) ដែល​គាំទ្រ​ដោយ​មូល​នី​ធិ​Perdana Global Peace  (PGPF)លើក​ទី៤ នៅ​ទីក្រុង​រដ្ឋបាល​ម៉ាឡេស៊ី Putra Jaya អតីត​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក ម៉ា​ហា​ធា មហា​ម៉េ​ត​បាន​រិះគន់​បណ្តា​ប្រទេស​មហាអំណាច​ជាពិសេស​លោកខាងលិច​ដែល​ព្យាយាម​បង្កើត​សង្គ្រាម​នៅ​ពាសពេញ​ពិភពលោក។
កម្ម​វិធិ​សិក្សា​ស្តីពី​សន្តិភាព​ពិភពលោក​ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​ដល់​និស្សិត​មកពី​សង្គម​ដែលមាន​វប្បធម៌ ប្រពៃណី និង​សាសនាផ្សេងៗគ្នា ឲ្យ​ពួកគេ​អាច​ស្វែងយល់​មធ្យោបាយ​លើកកម្ពស់​សន្តិភាព សន្តិសុខ វិបុលភាព និង​យុត្តិធម៌​នៅលើ​ពិភពលោក​ផង។

ត្រលប់​មកវិញ ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម​ដែល​បន្ត​កើតឡើង​ឥត​ឈប់ លោក ម៉ា​ហា​ធា បាន​លើក​ឧទាហរណ៍​ថា សង្គ្រាម​ដែល​មហាអំណាច​បង្កើតឡើង​នោះ​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ច្រើនសន្ធឹក​ឆ្លង​សមុទ្រ​ប្តូរជីវិត​ទៅកាន់​តំបន់​អឺរ៉ុប​នាពេល​បច្ចុប្បន្ន។

ក្រៅពី​រិះគន់​លោកខាងលិច​រឿង​បង្ក​សង្គ្រាម លោក ក៏បាន​ឆ្លៀត​ទិតៀន​បណ្តា​ប្រទេស​ឥស្លាម​មួយចំនួន​ជាពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​ដែល​ចូលចិត្ត​ធ្វើសង្គ្រាម​និង​ឲ្យ​សង្គ្រាម​ដឹកមុខ។ លោក​ថា៖« ឥស្លាម​មានន័យថា​សន្តិ​ភាព ប៉ុន្តែ​យើង​មិនមាន​សន្តិភាព​ឡើយ។ នេះ​ព្រោះថា​យើង​មិន​ត្រងត្រាប់​តាម​ដំបូន្មាន​នៃ​សាសនា។ វា​ជា​រឿង​អាម៉ាស​បំផុត​នៅពេលដែល​ប្រទេស​ឥស្លាម​មួយចំនួន​មិនអាច​គ្រប់​គ្រប់​ខ្លួនឯង​ដោយ​សន្តិភាព។ ហើយ​វា​ជាការ​ពិត​ដែល​ប្រជាជន​ឥស្លាម​នាំគ្នា​ធ្វើសង្គ្រាម​ប្រយុទ្ធ​គ្នាច្រើន​ជាង​អ្នក​កាន់សាសនា​ផ្សេងទៀត​លើ​លោក» 

ក្រៅពីនេះ អតីត​មេដឹកនាំ​ម៉ាឡេស៊ី​ដែល​ទទួលបាន​ការគោរព​ពី​បណ្តា​ប្រជាជន​ម៉ាឡេស៊ី​និង​ប្រជាជន​ឥស្លាម​ភាគច្រើន​ទូទាំង​ពិភពលោក​ខាងលើ ក៏បាន​អះអាង​ផងដែរ​ថា ពិភពលោក​បច្ចុប្បន្ន​ចូលចិត្ត​ប្រើប្រាស់​សង្គ្រាម​ដើម្បី​ស្វែងរក​សន្តិភាព។ លោក បន្ថែមថា  វា​ជា​ការពិត​ដែល​សង្គ្រាម​អាចបង្កើត​សន្តិភាព​នា​សម័យបុរាណ​នៅពេលដែល​ក្រុម​ជនជាតិនីមួយៗច្បាំង​គ្នា​ដើម្បី​សម្លាប់​មេដឹកនាំ​ក្រុម។ បើសិន​សម្លាប់​មេដឹកនាំ​ក្រុម​បាន​ហើយ​នោះ​ពួកគេ​នឹង​អាច​បញ្ចប់សង្គ្រាម​និង​ជម្លោះ​បាន​ជោគជ័យ។

ប៉ុន្តែ​វា​ជា​រឿង​ផ្ទុយស្រឡះ​នាពេល​បច្ចុប្បន្ន​ព្រោះ សង្គ្រាម​មិនអាច​ប្រើប្រាស់​ដើម្បី​បង្កើត​សន្តិភាព​បានឡើយ ហើយ​សង្គ្រាម​បង្ក​ឲ្យ​មានការ​ប្រើប្រាស់​ហិង្សា និង​បង្ក​វិនាសកម្ម​សម្រាប់​មនុស្សជាតិ​លើ​លោក​នេះ។

លោក មហា​ធា បាន​សង្កត់ធ្ងន់ ភាគី​ជម្លោះ​នាពេល​បច្ចុប្បន្ន​មាន​ជម្រើស​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​បញ្ចៀស​សង្គ្រាម ដោយ​ពួកគេ​អាច​ប្រើប្រាស់​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​សន្ធានកម្ម ចរចា ម​ជ្ឈ​ត្ត​ការ និង​អា​ចប​ញ្ចូ​ន​រឿង​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តែម្តង៕


Tag:
 ​ម៉ាឡេស៊ី
  ​ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com