ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​ថា ក្រោយ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ គ្មាន​ការបោះឆ្នោត​ណា​ត្រឹមត្រូវ​ទេ
02, Oct 2015 , 4:19 pm        
រូបភាព
ដោយ:
 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅតែ​បន្ត​និយាយថា ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ២០ ឆ្នាំ កន្លងមកនេះ គ្មាន​ការបោះឆ្នោត​ណា ដែល​ត្រឹមត្រូវ​ក្រៅពី​ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ ១៩៩៣ នោះឡើយ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ថា គ្មាន​ការពិត​នោះឡើយ។



 បួន​អាណត្តិ​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ សម្រាប់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធសឹងតែ​ជាការ​បោះឆ្នោត​ដែល​គ្មាន​ភាពត្រឹមត្រូវ​នោះឡើយ។ លោក សម រង្ស៊ី បានប្រកាស​ជាថ្មី​ទៀតថា ការបោះឆ្នោត​ដែល​ត្រឹមត្រូវ មានតែ​ការបោះឆ្នោត​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់(UNTAC) ដែល​ពេលនោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​ជ័យជំនះ។ « ២៥ ឆ្នាំក្រោយ ការបោះឆ្នោត​ត្រឹម​ត្រូវតែ​ម្តងគត់ កាល​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ។ ២៥ ឆ្នាំក្រោយ​គឺ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ខាងមុខនេះ គឺ​នឹងមាន​ការបោះឆ្នោត​ត្រឹមត្រូវ​ដែល​យើង​អាច​ទទួលយកបាន»។ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី នៅក្នុង​សិក្ខាសាលា​ស្តីពី ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។ 
 
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន រិះគន់​លោក​សម រង្ស៊ី ថា និយាយ​គ្មាន​ការពិត។ លោក​ថា ប្រសិន​ការបោះឆ្នោត ៤ អាណត្តិ​មកនេះ​មិន​ត្រឹមត្រូវ ហេតុអ្វី​លោក សម រង្ស៊ី ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កន្លងមក? «ការលើកឡើង​របស់លោក សម រង្ស៊ី ខ្ញុំ​មិន​យល់​ដែរ គាត់​ជាម​នុស្ស​ចេះដឹង​ដែរ​ឬក៏​មនុស្ស​ល្ងង់? ការបោះឆ្នោត​កន្លងមក​ទទួលស្គាល់​ដោយ​សហគមន៍ជាតិ​និង​អន្តរជាតិ»។ លោក សុខ ឥ​សាន្ត និយាយ​យ៉ាង​នេះហើយ ក៏​បន្ត​លើកឡើងថា ការបោះឆ្នោត​ឆ្នាំ ២០១៨ ខាងមុខ បើសិន​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់ លោក សម រង្ស៊ី បដិសេធ​មិន​ចូល​សភា​នឹង​គ្មាន​ប្រសិទ្ធភាព និង​គ្មាន​អ្នកគាំទ្រ៕
 

Tag:
 ​ សម រង្ស៊ី
  ​ សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com