អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការ​លើកលែងទោស​អន្តរជាតិ៖ដំណើរ​ជនភៀសខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ជា​ដំណើរ​មរណៈ
21, Oct 2015 , 4:23 pm        
រូបភាព
ដោយ:
 
ការជួញដូរ​មនុស្ស​គឺ​ជា​បញ្ហា​សកល​មួយ​ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ​ដ្បិត​វា​ជា​សកម្មភាព​មួយ​ធ្ងន់ធ្ងរ​នៃ​ការគំរាមកំហែង​ដល់​មួយ​ដល់​មនុស្សជាតិ។ ក្នុងនោះ តំបន់​អាស៊ីអាគ្នេយ៍​ក៏​ជា​ប្រភព​មួយ​ដែលមាន​ការឆ្លងកាត់​នូវ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​ជួញដូរ​ដែល​អង្គ​ការលើក​លែង​ទោស​អន្តរជាតិ​បាន​ព្រមាន​ដ្បិត​រដ្ឋាភិបាល​ក្នុង​តំបន់​មិនសូវមាន​ចំណាត់ការ​ពេញលេញ​ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​នេះ។




កាលពី​ម្សិលមិញ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ បានបង្ហាញ​របាយការណ៍​មួយ ស្តីពី​បញ្ហា​ជួញដូរ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត។ ស្ថាប័ន​នេះ ក៏បាន​រិះគន់ និង​ព្រមាន​ទៅកាន់​មេដឹកនាំ​អាស៊ីអាគ្នេយ៍ ដែលមាន​ចំណាត់ការ​តិចតួច​បំផុត​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ និង​ជួយសង្គ្រោះ​ជនរងគ្រោះ។
 
របាយការណ៍​ដែល​ចំណងជើង​ថា « ដំណើរ​មរណៈ​របស់​ជ​ន​ភៀសខ្លួន​និង​វិបត្តិ​នៃ​ជួញដូរ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍» ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ បង្ហាញ​ពី​បញ្ហា​ជាច្រើន ដែល​ជនរងគ្រោះ​បាន​ទទួលរង ក្រោយពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់ ក្នុង​ដំណើរ​តាម​ទូក។ បញ្ហា​ទាំងនោះ មានដូចជា​ជនភៀសខ្លួន​ត្រូវ​បោះបង់ចោល​នៅ​កណ្តាល​សមុទ្រ ដោយ​គ្មាន​អាហារ​បរិភោគ ការធ្វើ​ទណ្ឌកម្ម ការ​ជំរឹត និង​គំរាម​សម្លាប់ ប្រសិនបើ​ពួកគេ​មិន​ផ្តល់ ប្រាក់​ដែល មេខ្យល់​បានកំណត់។
 
របាយការណ៍​នេះ​ត្រូវបាន​សរសេរ​ឡើង ដោយ​ផ្អែក​តាម​ទិន្នន័យ​ដែល​បានមកពី​ការសម្ភាសន៍​ជាមួយ​ជនរងគ្រោះ​ជនជាតិ​រ៉ូ​ហឹ​ង​យ៉ា ជាង​មួយរយ​នាក់ ដែល​ភាគច្រើន​ពួកគេ​ជា​ស្ត្រី និង​កុមារ​ដែល​រួចផុតជីវិត​ពី​ការជួញដូរ​របស់​មេខ្យល់ ដែល​សន្យាថា​នឹង​នាំ​ពួកគេ​ទៅកាន់​ម៉ាឡេស៊ី ឬ​ឥណ្ឌូនេស៊ី។
 
ជាការ​កត់សម្គាល់ ពេលនេះ​គឺជា​រដូវ​កាល​ថ្មី​ទៀតហើយ ដែល​ក្រុម​មេខ្យល់​តាម​ទូក​ចាប់​ផ្តើមធ្វើ​សកម្មភាព​ជួញដូរ។ ស្របពេល​ជាមួយគ្នានេះ អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ទទូច​ឲ្យ​មេដឹកនាំ​អាស៊ីអាគ្នេយ៍ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការផ្ទុះ​នូវ​វិបត្តិ​នេះ​ជាថ្មី។ ដោយ​មិន​បំភ្លេច​ពី​វិបត្តិ ជនភៀសខ្លួន​កាលពី​ខែឧសភា កន្លង​ស្ថាប័ន​មួយ​នេះ ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ទៅកាន់​មេដឹកនាំ​អាស៊ីអាគ្នេយ៍ ត្រូវតែ​អនុវត្តន៍​នូវ​ប្រតិបត្តិ​ជួយសង្គ្រោះ និង​រុករក​ជនភៀសខ្លួន​ដែល​បាន​ជាប់គាំង​នៅ​ជ្រោយ​សមុទ្រ។
 
សូម​រម្លឹកថា​កាលពី​ខែឧសភា​កន្លងទៅនេះ មាន​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហី​ង​យ៉ា​រាប់ពាន់នាក់ ដែល​ភាគច្រើន​មកពី​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​សបាន​ចាញ់បោក​មេខ្យល់។ ពួកគេ​ត្រូវបាន​បោះបង់ និង​ជាប់ គាំង​នៅ​ជ្រោយ​សមុទ្រ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ។ ជនភៀសខ្លួន​មួយចំនួន ត្រូវបាន រដ្ឋាភិបាល​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​និង​ថៃ ផ្តល់​ទីជម្រក​បណ្តោះអាសន្ន ខណៈដែល​មួយចំនួនទៀត ត្រូវបាន រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួល​យកទៅ​មី​យ៉ាន់​ម៉ា​វិញ ក៏ប៉ុន្តែ​មិនបាន​ផ្តល់នូវ​សិទ្ធិ​ជា​ប្រជាជន​ដល់​ជនភៀសខ្លួន​ទាំង​នោះទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com