ជាតិ
ក្រោយ​ការពិនិត្យ​របស់លោក ហ៊ុន សែន Naga World ផ្តើម​រុះរើ​សំណង់​ជាប់​របង​ពុទ្ធសាសនបណ្ឌិត្យ​ជាបន្ទាន់
06, Nov 2015 , 1:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​កាស៊ីណូ​ធំជាងគេ​នៅ​កម្ពុជា Naga World ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​ហុងកុង បាន​រុះរើ​សំណង់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅពិនិត្យ​សំណង់​ក្រុមហ៊ុន​មួយ​នេះ កាលពី​ថ្ងៃទី​៥ ម្សិលមិញ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ផ្អាក និង​រុះរើ​សំណង់​ជាបន្ទាន់ ដោយ​លើក​ហេតុផល​ថា ការសាងសង់​នេះ គឺ​ខុសពី​ច្បាប់​អនុញ្ញាត​។​



​លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​លោក ប៉ា សុជា​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ភ្លាមៗ​ពី​ម្សិលមិញ សម្រេច​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ផ្អាក​ការដ្ឋាន និង​រុះរើ សំណង់ ជាប់​របង​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ខ្លួនឯង​។ វិធានការ​នេះ ធ្វើឡើង​ក្រោយពី​លោក ហ៊ុន សែន ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ពិភាក្សា​ចាត់វិធានការ​កែលម្អ​ឡើងវិញ​នូវ​សំណង់​អគារ​នេះ ដោយ​លើកឡើងថា ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​។​


​ក្រុមហ៊ុន Naga World បាន និង​កំពុងដំណើរការ​សាងសង់​ផ្លូវ Naga ២ ដែល​ធ្វើ​ឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិតនៅ​ចំ​កណ្ដាល Naga World និង Naga ២ ទើប​លេចឮ​ព័ត៌មាន​នៃ​ការទិញ​លក់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។ ក្រោយពី​ផ្នែក​នៃ​របង និង​ខ្លោងទ្វារ​នៃ​វិទ្យាស្ថាន នេះ ត្រូវបាន​វាយកម្ទេច កាលពីដើម​ឆ្នាំនេះ សាធារណៈជន និង​ព្រះសង្ឃ បានទាមទារ​តវ៉ា​រដ្ឋា​ភិ​បាល​ឲ្យ​បញ្ឈប់​ការសាងសង់​ជា​បន្តបន្ទាប់​។​


​ទាក់ទិន​នឹ​បញ្ហា​នេះ កាលពី​ខែឧសភា ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​បំភ្លឺថា ខ្លួន​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Naga Corp ដែលជា​ក្រុមហ៊ុនមេ​របស់​កាស៊ីណូ Naga World សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​នៅ​លើដី​របស់​វិទ្យាស្ថាន​នេះ ដើម្បី​ផ្គត់ ផ្គង់​អគ្គិសនី​ទៅ​សណ្ឋាគារ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​នេះ នៅ​ផ្លូវ​ម្ខាង​ទៀត​ប៉ុណ្ណោះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ កាលពីដើម​ខែតុលា ឆ្នាំ ២០១៤ ផងដែរ ដោយ​លោក​បញ្ជាក់ថា ពុំមាន​ការលក់ ឬ​ដោះដូរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទេ​។ ហើយ​ថា ការរុះរើ​របង និង​ខ្លោងទ្វារ​វិទ្យាស្ថាន​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការសាងសង់​ផ្លូវ​ក្រោម​ដី ដែលជា​គម្រោង​ណាហ្គា​ស៊ី​ធី​វ៉ក (NagaCity Walk) នៅ​ពីមុខ​វិទ្យាស្ថាន​នេះ បន្ទាប់ពី​បញ្ចប់​ការសាងសង់ នឹងមាន​ការសាងសង់​របង និង​ខ្លោងទ្វារ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ តាម​រចនាបទ​ដូចដើម​។


​កាលពី​ចុងឆ្នាំ ២០១៤ ផងដែរ ប្រធាន​គណៈកម្មការ​ទី​៧ រដ្ឋសភា ផ្នែក​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន មក​ចោទសួរ និង​បានស្នើ​ទៅ​មន្ត្រី​ពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រាប់​ទៅ ក្រុមហ៊ុន​ណាហ្គា​វើ​ល​ឲ្យ​រុះរើ​រោង​ដែក​ដែល​សង់​នៅលើ​ដី វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ចេញ រួច​សង់​របង និង​ខ្លោងទ្វារ​វិទ្យាស្ថាន​ដូចដើម​វិញ​៕







 

Tag:
 Naga World
© រក្សាសិទ្ធិដោយ thmeythmey.com