បទវិភាគ
សេដ្ឋកិច្ច
ការបង្ខិតបង្ខំ​, ទាល់ច្រក​, ក្រី​ក្រ និង​ចាញ់បោក​មេខ្ស​ល់ រុញច្រាន​នារី​ខ្មែរ​ឲ្យ​ប្រកប​របរ​រកស៊ី​ផ្លូ​ភេទ​
14, Nov 2015 , 5:19 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ មានឈ្មោះ​ជានា​រី​រកស៊ី​ផ្លូវភេទ មិនមែន​មានកេរ្តិ៍ឈ្មោះ​ល្អ​ប៉ុន្មាន​ឡើយ​។ សង្គម​ខ្មែរ​មិនបាន   ផ្តល់​តម្លៃ​ដល់​មុខរបរ​ប្រភេទ​នេះ​នោះទេ ពីព្រោះ មុខរបរ​នេះ បាន​ដើរ​បញ្ច្រាស​ទៅនឹង​ទំនៀមទម្លាប់​ខ្មែរ ដែល​ឲ្យ​តម្លៃ​លើ​ភាព​បរិសុទ្ធ​(​ព្រហ្មចារី​)​របស់​ស្ត្រី​មុនពេល​រៀបការ​។ តើ​ហេតុអ្វី​បានជា​នារី​ខ្មែរ​មួយចំនួន​ប្រកប​របរ​ដែល​សង្គម​មិន​ឲ្យ​តម្លៃ​នេះ​ទៅវិញ​?

​ប្រពៃណី​ទំនៀមទម្លាប់​នៃ​ភាព​ខ្មាសអៀន​របស់​នារី​ខ្មែរ បាន​បង្កើត​ឲ្យ​មាន​ផ្នត់គំនិត​ស្អប់ខ្ពើម​អ្នករកស៊ី​ផ្លូវភេទ ពីព្រោះ​មុខរបរ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​ជាទូទៅ​។ លើសពីនេះ អ្នករកស៊ី​ផ្លូវភេទ គឺជា​ដើមហេតុ​នៃ​ការចម្លង​មេរោគ​អេដស៍ កាមរោគ និង​ជំងឺ​ដទៃទៀត ដែល​អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​។ ហេតុផល​នេះហើយ​ទើប​បណ្តាល​ឲ្យ អ្នករកស៊ី​ផ្លូវភេទ​ភាគច្រើន មិនបាន​ធ្វើការ​ងារ​នេះ ដោយ​ពេញមុខ​ពេញមាត់​នៅក្នុង​សង្គម​នោះ ពោល គឺ​ពួកគេ ច្រើនតែ​ធ្វើការ​នេះ​ដោយ​លួចលាក់ និង​លាក់បាំង​ភ្នែក​មហាជន​។ ម្យ៉ាងទៀត មុខរបរ​នេះ គឺជា​មុខរបរ​ខុសច្បាប់​នៅក្នុង​សង្គម​កម្ពុជា​។ 
 
​ការរកស៊ី​ផ្លូវភេទ​នៅ​កម្ពុជា មាន​ច្រើន​រូបភាព​ណាស់​។ នារី​ខ្លះ​រកស៊ី​ដោយ​ខ្លួនឯង ពោលគឺ​នៅតាម​សួនច្បារ​សាធារណៈ ឬ​ភ្លើងស្តុប​នានា​។ ឯ​នារី​ខ្លះទៀត​រកស៊ី​នៅក្នុង​ផ្ទះបន តែម្តង​។ ចំណែក​នារី​មួយចំនួនទៀត ពួកគេ​រកស៊ី​ផ្លូវភេទ​ដោយ​បាំង​មុខ​ក្នុង​សេវា​កម្សាន្ត​ដូចជា ខារ៉ាអូខេ បៀ​ហ្គា​ឌិន ម៉ាស្សា ស្ទី​ម កោស​ខ្ស​ល់ ឬ​កន្លែង​កម្សាន្ត​ផ្សេងៗ​។ 
 
​ចំណែកឯ​នារី​ខ្លះទៀត បាន​រកស៊ី​លាក់​មុខ​ស្ងាត់ៗ ដោយ​ទៅ​គេង​ជាមួយ​ភ្ញៀវ​តាមរយៈ​ទំនាក់ទំនង​តាម​ទូរ​សព្ទ ឬ​តាមរយៈ​ឈ្មួញកណ្តាល​(​អ្នក​គក់​ជេរ​)​។ អ្នករកស៊ី​ផ្លូវភេទ​នៅក្នុង​សង្គម​ខ្មែរ មាន​តាំងពី​នារី​ធម្មតា រហូតដល់​តារាចម្រៀង និង​តារា​សម្តែង​ខ្លះ​។ លក្ខណៈ​ខុសគ្នា គឺ​នៅត្រង់ថា អ្នកខ្លះ ចេញមុខ រីឯ​អ្នក​ខ្លះទៀត លាក់​មុខ​ប៉ុណ្ណោះ​។ តើ​មាន​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​ស្ត្រី​ខ្មែរ​ធ្លាក់ខ្លួន​ក្លាយជា នារី​រកស៊ី​ផ្លូវភេទ​? ផ្អែកលើ​ការសិក្សា​មួយចំនួន មាន​បុព្វហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ពួកគេ ប្រកបមុខរបរ​នេះ​៖
 
១) ចាញ់បោក​មេខ្ស​ល់​ទុច្ចរិត​ដែល​ប្រើការ​លួងលោម​ក្មេងស្រីៗ​នៅ​ជនបទ ដោយ​សន្យា​រក​ការងារ​ដែលមាន​ប្រាក់​ខ្ពស់ ឬ​សន្យា​បែបនេះ​ឬ​បែប​នោះ ហើយ​ពួកគេ​ក៏​នាំ​ក្មេងស្រី​ទាំងនោះ ទៅ​លក់​ឲ្យ​ជនបរទេស​ឬ​មេបន​ក្នុងស្រុក​។ 
 
២) នារី​ខ្លះ​ដោយមាន​ជីវភាព​ក្រីក្រ​ខ្លាំងពេក ហើយ​ដើម្បី​លុបបំបាត់​ជំងឺ​អត់ឃ្លាន​នៅក្នុង​គ្រួសារ ពួកគេ​ក៏បាន​សម្រេចចិត្ត​ទៅ​ប្រកបមុខរបរ​នេះ បើទោះបីជា​ដឹងថា សង្គម​មិនបាន​ផ្តល់​តម្លៃ​ក៏ដោយ ប៉ុន្តែ​មុខរបរ​នេះ​អាចជា​ជម្រើស​ចុងក្រោយ និង​រកប្រាក់​បាន​ច្រើន​។  ជាក់ស្តែង​ដោយសារតែ​ភាពក្រីក្រ​ធ្វើ​ឲ្យ​ស្ត្រី​អ្នកភូមិ​បុរី​កីឡា​ខ្លះ ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញចេញ​កាលពី​ឆ្នាំ​២០១២ ត្រូវ​បង្ខំចិត្ត​រកស៊ី​ផ្លូវភេទ​នៅតាម​សួន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ។​
 
៣)​បញ្ហា​អត់​ការងារ​ធ្វើ​ដែលមាន​ប្រាក់បៀវត្សរ៍​សមរម្យ​៖ នៅ​កម្ពុជា មាន​ការងារ​ជាច្រើន​សម្រាប់​នារី​ខ្មែរ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​នារី​ខ្លះ​មិន​ចង់​ធ្វើ​នោះ គឺ​ដោយសារ​ប្រាក់ខែ​តិច ដែល​មិនអាច​ទ្រង់​ទ្រ​ង​នឹង​ជីវភាព​ប្រចាំថ្ងៃ​បាន​។ ការ​ចំណាកស្រុក​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​ជាង​៨០​ម៉ឺន​នាក់​ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​។ ហេតុផល​នេះហើយ ទើប​បណ្តាល​ឲ្យ​នារី​មួយចំនួន លោត​ចូលក្នុង​មុខរបរ ដែល​អាច​រកចំណូលបាន​ច្រើន​ដូចជា ខារ៉ាអូខេ បា បៀ​ហ្គា​ឌិន និង​អាចឈាន​ចូល​របរ​រក​ស៊ី​ផ្លូវភេទ​តែម្តង​។​
 
៤) អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បណ្តាល​ឲ្យ​ខ្វះ​ភាពកក់ក្តៅ​។  កូនស្រី​ខ្មែរ​មួយចំនួន​បាន​រត់គេច​ចេញពីផ្ទះ​ទាំង​មិនដឹង​គោលដៅ​ទៅណា ហើយ​ទីបំផុត​ក្មេងស្រី​ទាំងនោះ ត្រូវបាន​ធ្លាក់ខ្លួន​ជា​នារី​រកស៊ី​ផ្លូវ​ដោយសារ​មនុស្ស​អាក្រក់​មួ​យ​ចំនួន​លួងលោម​យកទៅលក់​។​
 
៥) នារី​ខ្លះ​ចាញ់បោក​សង្សារ បណ្តាល​ឲ្យ​អស់​ភាព​បរិសុទ្ធ ហើយ​យកទៅលក់​បន្ត​ឲ្យ​មេបន ឬ​លក់​ឲ្យ​តាៗ ដែលមាន​ប្រាក់​។​
 
៦) ដោយសារតែ​បុគ្គល​ផ្ទាល់ខ្លួន​ចង់​មាន​ភាព​ហ៊ឺហា ឬ​ចង់​ក្លាយជា​តារា មាន​សម្ភារ​ល្អៗ​សម្រាប់​បង្អួត​គេឯង ដើម្បី​ដើរ​ឲ្យ​ទាន់សម័យ​នឹង​គេ​។  នារី​ខ្លះ​បាន​ស្ម័គ្រចិត្ត​លក់​ភាព​បរិសុទ្ធ​របស់ខ្លួន​។ ឧទាហរណ៍​ជាក់ស្តែង​ធ្លាប់បាន​បង្ហាញថា ម្ចាស់​ហាង​មួយចំនួន​ត្រូវបាន​តុលាការ ចាប់ខ្លួន ពីបទ​ជួញដូរ​ផ្លូវភេទ ដោយ​នាំ​តារា ឬ​ក្មេងស្រី​ព្រហ្មចារី​ទៅ​លក់​ឲ្យ​អ្នកមាន​លុយ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​។​
 
​ដូច្នេះ ការរកស៊ី​ផ្លូវភេទ​នៅ​កម្ពុជា បាន​កើតឡើង​ព្រោងព្រាត​ភាគច្រើនបំផុត​គឺ​មិនមែន​ដោយសារ​បុគ្គល​នោះទេ តែ​ជាការ​បង្ខិត​បង្ខំចិត្ត ភាពទាល់ច្រក ភាព​ក្រី​ក្រី​តោកយ៉ាក និង​ការចាញ់បោក​មេខ្ស​ល់​ជាដើម​។ មាន​ករណី​តិចតួច​ណាស់​ដែល​ស្ត្រី​ខ្មែរ ចង់​រកស៊ី​ផ្លូវភេទ​ដើម្បី​ស្រ​វ៉ា​មាន​ស្រ​វ៉ា​បាន​នោះ ព្រោះ​សង្គម​ខ្មែរ​មិនបាន​ឲ្យ​តម្លៃ​នៅ​មុខរបរ​ប្រភេទ​នេះ​ទេ​។ សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ទប់ស្កាត់​បញ្ហា​ឆបោក ឬ​ជួញដូរ​ផ្លូវ​ភេ​យ៉ាង​អនាធិបតេយ្យ​នេះ​។ អាជ្ញាធរ​គួរតែ​តាម​ប្រមាញ់​ជនល្មើស ដែល​បាន​បោកប្រាស់​នារី​ក្មេងៗ​មក​លក់ដូរ​នៅលើ​ទីផ្សារ​កម្ពុជា ពីព្រោះ​ជន​ទាំងនេះ បាននិងកំពុង​បំផ្លាញ​សុភមង្គល​គ្រួសារ​ខ្មែរ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ ជាពិសេស​កិ​តិ្ត​យស​ស្ត្រី​ខ្មែរ​ទូទាំងប្រទេស​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com