ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់​កម្មវិធីគូសផ្លូវហោះហើរ ដែលមាន​ទឹកប្រាក់​ប្រមាណ​១.៥​លាន​ដុល្លារ​ដល់​កម្ពុជា
16, Dec 2015 , 9:19 pm        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន បានផ្តល់កម្មវិធីគូសផ្លូវហោះហើរដេល​មាន​​ទឹកប្រាក់​ប្រមាណ​១.៥​លាន​ដុល្លារ សម្រាប់​គម្រោង​ពង្រឹង​សមត្ថភាព ដើម្បី​ឈានទៅ​អនុវត្តន៍​ការប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ និង​គ្រប់គ្រង​ចរាចរ​ផ្លូវអាកាស​ថ្មី តាម​ផ្កាយរណប​។



​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្តីពី​ការទទួល​កម្មវិធី​គូស​ផ្លូវ​ហោះហើរ​នេះ ត្រូវបាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៥​ខែធ្នូ នៅ​ស្តីការគណៈរដ្ឋមន្ត្រី រវាង​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក អ៊ិ​ស៊ូ អា​ដា​ជិ​( Itsu Adachi) ប្រធាន​អង្គការ​JICA ប្រចាំ​ប្រទេស​កម្ពុជា​។

​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​នាំ​ផ្លូវអាកាស​ថ្មី​បានអនុម័ត និង​អនុម័ត​ដោយ​បែង​ចែកជា​២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គម្រោង​នៃ​ការសិក្សា​ផែនការមេ សិក្សា​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ New CNS/ATM​ថ្មី​នេះ ត្រូវបាន​អនុម័ត​រយៈ​ពេល​១២​ខែ គិត​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១០ ដល់​ខែមករា​ឆ្នាំ​២០១១ អស់​ថវិកា​ចំនួន​០.៥៧​លាន​ដុល្លារ ដោយ​ប្រើប្រាស់​ថវិកាបដិភាគរ​បស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៦៨,១០០​ដុល្លារ​។ ដំណាក់​ទី ២ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ទទួលបាន​គម្រោង​បន្ត​ជំនួយ​បច្ចេកទេស លើ​ប្រព័ន្ធ​New CNS/ATM ដែលមាន​រយៈពេល​៥​ឆ្នាំ​(២០១១-២០១៥) មាន​ឈ្មោះថា​គម្រោង​ពង្រឹងសមត្ថភាព ដើម្បី​ឈានទៅ​អនុវត្តន៍​ការប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ និង​គ្រប់គ្រង​អាកាសចរ​ផ្លូវអាកាស​ថ្មី​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ថវិកា​ចំណាយ​សរុប​៥០០​លាន​យ៉េន ឬ​ប្រមាណ​នឹង​៦​លាន​ដុល្លារ​សម្រាប់​៣ ប្រទេស គឺ​កម្ពុជា វៀតណាម និង​ឡាវ​។ សម្រាប់​ប្រទេស​កម្ពុជា ចំណាយ​ថវិកា​អស់​ប្រមាណ​២​លាន​ដុល្លារ ដែល​ក្នុងនោះ​ថវិកាបដិភាគ​របស់​ក​ម្ពុ​ជា​សម្រាប់​រយៈពេល​៥​ឆ្នាំ មាន​ចំនួន​២៣៤,៨០០​ដុល្លារ​។​

​លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋលេខា​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​គូសបញ្ជាក់ថា ការសម្រេចបាន​របស់​គម្រោង​ដែលមាន​រយៈពេល​៥​ឆ្នាំនេះ បាន​កាត់បន្ថយ​ចម្ងាយ​ផ្លូវ​ហោះហើរ ពេលវេលា​សម្រាប់​ប្រតិបត្តិការ​អាកាសយាន ដែល​នឹងធ្វើ​ឲ្យ​ការហោះហើរ​កើនឡើង​ច្រើនជាង​៦៤,០០០​ជើង ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​។

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៤ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខេត្តសៀមរាប ទទួលបាន​អ្នកដំណើរ​ចំនួន​៥.៧​លាន​នាក់ ចេញដំណើរ​ពី​អាកាសយានដ្ឋាន​ចំនួន​១១៩ នៃ​៤៣​ប្រទេស ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​អ្នកដំណើរ​ចំនួន​២,៧​លាន​នាក់ កើន​១១.៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៣ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ទទួលបាន​អ្នកដំណើរ​ជាង​៣​លាន​នាក់ កើនឡើង​១៣.៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៣ ។ តាម​ការសិក្សា​ថ្មីៗ​បាន​ព្យាករណ៍​ថា អ្នកដំណើរ​តាមផ្លូវ​អាកាស​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប នឹង​កើន​ដល់​ជិត​១០​លាន​នាក់ នៅ​ឆ្នាំ​២០២០ ។ នៅ​ឆ្នាំ​២០២០ អ្នកដំណើរ​តាមផ្លូវ​អាកាស​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​កើន​ដល់​ជាង​៤.២​លាន​នាក់ រីឯ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នឹង​កើន​ដល់​ជិត​៥​លាន​នាក់​៕


Tag:
 អាកាសចរ​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com