ជាតិ
សង្គមជាតិ
អង្គរវត្ត​រកចំណូលបាន​ជាង៦០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥
07, Jan 2016 , 2:45 pm        
រូបភាព
សៀមរាប៖ ក្នុង​ឆ្នាំ២០១៥ ប្រាសាទអង្គរវត្ត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង ២លាន​នាក់។ ការណ៍​នេះ ធ្វើ​ឲ្យ​រដ្ឋ​រកចំណូលបាន​ជាង ៦០លាន​ដុល្លារ។



ស្ថិតិ​បង្ហាញ​ពី​ចំនួន​ភ្ញៀវទេសចរ របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា មាន​ទេសចរ​បរទេស​ចំនួន ២,១០០,០១៨នាក់ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ។ ចំនួន​នេះ គឺ​កើនឡើង​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៤ គឺ​កើន​ត្រឹម ១.៩៦% ។ ចំណូល​ពី​ការលក់​សំបុត្រ​មាន​ចំនួន ៦០,០៥៣,៧០០ ដែល​ធ្វើ​ឲ្យ​ទំហំ​នេះ​កើនឡើង ១.២០% បើ​ធៀប​នឹង​ឆ្នាំ​ចាស់។

ក្នុង​ស្ថិតិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បូកសរុប និង​ចេញផ្សាយ​កាលពី​ថ្ងៃទី៦ មករា ក៏បាន​បង្ហាញត្រួសៗ ពី​ចំនួន​សំបុត្រ និង​ទឹកប្រាក់ ក្នុង​ខែធ្នូ​កន្លងទៅ​ដែរ។ ត្រឹម​រយៈពេល​មួយខែ ភ្នាក់ងារ​លក់​សំបុត្រ​របស់​ក្រុមហ៊ុន សុខា លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​បាន​ចំនួន ២២២,៥៨១នាក់ គិត​ជា​ទឹកប្រាក់​ស្មើនឹង ៦,៤៩៧,២២០ដុល្លារ​អាមេរិក៕


Tag:
 អង្គរ
 ចំណូលឆ្នាំ២០១៥
© រក្សាសិទ្ធិដោយ thmeythmey.com