ជាតិ
សង្គមជាតិ
សាលា​រាជធានី​ភ្នំពេញ ផ្តើម​ខួង​ធ្វើតេស្ត​ស្រទាប់ដី​លើ​គម្រោង​សង់​ផ្លូវ​ក្រោម​ដី​ស្តុ​ប​បេ​កា​សេ
08, Jan 2016 , 9:59 pm        
រូបភាព
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
​នៅ​ថ្ងៃទី​៨​ខែមករា​នេះ ការដ្ឋាន​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ស្តុ​ប​បេ​កា​សេ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ធរុស្ស៊ី​និង​មហាវិថី​ព្រះមុនីវង្ស បានចាប់ផ្តើម​ដំណើរការ​ខួង​ដី​ធ្វើ តេស្ត​ស្រទាប់ដី ដើម្បី​ត្រៀម​ស្ថាបនា​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សាលា​រាជធានី​ភ្នំពេញ​។



​តែ​យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិនអាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ដំណើរការ ការធ្វើ​តេស្ត​នេះ​នោះទេ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖«​នេះ​ជា ការងារ​បច្ចេកទេស ដូច្នេះ​ខ្ញុំ​មិនអាច​បញ្ជាក់ថា​ពេលណា​ធ្វើតេស្ត​ហើយ ឬ​ចាប់ផ្តើម​សាងសង់​នៅពេលណា​នោះទេ​។ ការ​ខួង​តេស្ត​ដី​នេះ ចាត់ទុកថា​ជាការ​ជូនដំណឹង​ទៅដល់​សាធារណជន​»​។ 

​សូមបញ្ជាក់ថា នៅក្នុង​ប្រអប់ Comment របស់​ហ្វេ​ស​ប៊ុ​ក​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សាយ​ពី​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​នេះ បាន​សរសេរ​យ៉ាងនេះ​ថា​៖«​ការសិក្សា​ទីតាំង​នេះ អ្នកជំនាញ​បាន​សិក្សា​ប្លង់​រួចហើយ ជា​៤​ជម្រើស​ផ្សេងៗ​គ្នា ហើយ​ជម្រើស​នេះ​មាន​ផលប៉ះពាល់​តិច ចំណាយ​តិច និង​អាច​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​បានល្អ​ជាង​»​។

​គម្រោង​នេះ ប៉ះពាល់​ដើម​គីនីន ចំនួន​១២​ដើម និង​បំពង់​ទឹកស្អាត​ទំហំ​១.៥​ម៉ែត្រ​ក្រោម​ដី​នៃ​មហាវិថី​មុនី​វង្ស​ប្រវែង​៣០​ម៉ែត្រ​។  គម្រោង​នេះ​ក៏​នឹង​ងាយស្រួល​ដល់​ផែនការអភិវឌ្ឍន៍ រថភ្លើង​Tramway sky train រួមទាំង​ការភ្ជាប់​ប្រព័ន្ធ​ចរាចរ Expressway ពី​មហាវិថី​ព្រះមុនីវង្ស ស្រប​ផ្លូវ​រថភ្លើង​ទៅ​ផ្លូវ​កប់​ស្រូវ​ផងដែរ​។ នេះ​ជាការ​សរសេរ​នៅក្នុង​ប្រអប់ Comment ដដែល​។

​ផ្អែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល ផ្លូវ​ក្រោម​ដី​រត់ ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី មុជ​ក្រោម​មហាវិថី​ព្រះមុនីវង្ស ជា​ផ្លូវ​ក្រោម​ដី​ទ្វេ​ទិស មាន​ប្រវែង​៣៤០​ម៉ែត្រ  ទទឹង​ប្រវែង ១៤.៧​ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាន ៥​ម៉ែត្រ​៕



Tag:
 ផ្លូវ​ក្រោម​ដី​
  ​ឡុង ឌី​ម៉​ង់
© រក្សាសិទ្ធិដោយ thmeythmey.com