ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ​បង្កើត«សាលា​អភិបាលកិច្ច»បង្រៀន​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ ដល់​អនុបណ្ឌិត
15, Jan 2016 , 6:20 pm        
រូបភាព
ពិធី MOU រវាងក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា នៅរសៀលនេះ
ពិធី MOU រវាងក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា នៅរសៀលនេះ
ដោយ:
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និង​អង្គការ​តម្លាភាព​កម្ពុជាបាន​សហការគ្នា​បង្កើត​សាលា​អភិបាលកិច្ច សម្រាប់​ការបណ្តុះបណ្តាល​សិស្ស និស្សិត និង​មន្ត្រីរាជការ​ក្រសួងមហាផ្ទៃលើជំនាញ​អភិបាលកិច្ច​គ្រប់គ្រង​សេវាសាធារណៈពី​កម្រិតសិក្សា​ថ្នាក់​វិញ្ញាបនបត្រ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (អនុបណ្ឌិត) ដើម្បី​ធានា​ឲ្យ​ការដឹកនាំ​គ្រប់គ្រង​សេវាសាធារណៈ​មាន​សុ​ច្ចរិតភាព តម្លាភាព និង​អភិបាលកិច្ច​កាន់តែ​ល្អប្រសើរ។



ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រព្រឹត្តទៅ នៅ​រសៀល​ថ្ងៃទី១៥ ខែមករា​នេះ ក្នុង​អគារ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អភិបាលកិច្ច នៃ​ក្រសួងមហាផ្ទៃ។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ចន្ទ្រ​ផល បាន​និយាយថា សាលា​អភិបាលកិច្ច ជា​សាលា​បង់ថ្លៃ​សិក្សា ត្រូវបាន​បង្កើតឡើង​ក្រោម MOU រវាង​ក្រសួងមហាផ្ទៃ​ជាមួយនឹង​អង្គ​តម្លាភាព​កម្ពុជា (TI) និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​គោលដៅ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​ជំនាន់ក្រោយ លើ​ការ​គ្រប់គ្រង​ស្ថាប័ន​សាធារណៈ​ឲ្យ​អភិបាលកិច្ច​ល្អ។ ហើយ​ថា ក្រសួង​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​សិស្ស និស្សិត និង​មន្ត្រី ស្របតាម​ស្តង់ដា​កម្មវិធីសិក្សា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៦ នេះ នៅ​អគារ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អភិបាលកិច្ច នៃ​ក្រសួងមហាផ្ទៃ។

លោក​បន្តទៀតថា កម្មវិធីសិក្សា​របស់​សាលា​អភិបាលកិច្ច ដែល​ស្ថិតក្រោម​អំណាច​អាណាព្យាបាល​ក្រសួងមហាផ្ទៃ​នេះ មាន​លក្ខខណ្ឌ​ខុសពី​គ្រឹះស្ថានសាធារណៈ និង​ឯកជន​ដទៃ ដោយ​សាលា​នេះ ផ្តោត​តែ​លើ​ការបណ្តុះបណ្តាល​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ជំនាញ​អភិបាលកិច្ច​តែប៉ុណ្ណោះ។

លោក​ថា៖«រាជរដ្ឋាភិបាល​មានបំណង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​កំពុង​បម្រើ​ការងារ ក្រោម​ឱវាទ​ក្រសួង និង​ជាពិសេស​គឺ យើង​ចង់​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាន់​ក្រោយ ឲ្យ​មាន សមត្ថភាព​ខ្ពស់​ផ្នែក​អភិបាលកិច្ច ដើម្បី​គ្រប់គ្រង និង​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន»។

បើតាម​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ក្រសួងមហាផ្ទៃ​សិក្សា​ពី​ការបង្កើត​រចនាសម្ព័ន្ធ​សាលា​អភិបាលកិច្ច ក្នុងនោះ រួមមាន ការរៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ កម្មវិធីសិក្សា គ្រូ​ឧទ្ទេសនាម និង​លក្ខខណ្ឌ​ចូល​សិក្សា​ជាដើម ចាប់តាំងពី​ដើមឆ្នាំ២០១៥ រហូត​ឈានដល់ ការចុះ MOU ជា​អង្គការ​តម្លាភាព នាពេលនេះ។

ក្នុងឱកាស​ចុះ MOU ផងដែរ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​និយាយថា ការបង្កើត​សាលា​អភិបាលកិច្ច​ក្រសួងមហាផ្ទៃ ជា​សញ្ញា​វិជ្ជមាន​មួយ ដែល​បង្ហាញ ឲ្យ​ឃើញ​ពី​ឆន្ទៈ​លើ​កម្ពស់​កិច្ចការ​អភិបាលកិច្ច​សេវាសាធារណៈ​របស់​រាជ​រដ្ឋាភិបាល។

លោក​បន្ត​និយាយ​ទាំង​មោទកភាព ក្នុងនាម​ជា​ដៃគូ​សហការ​ជាមួយ​ក្រសួង​យ៉ាង​ដូច្នេះ​ថា៖«សាលា​អភិបាលកិច្ច​នេះ នឹង​ជួយ​រួមចំណែក​ដល់​រដ្ឋាភិបាល ដើម្បី​អភិបាល​ផែនការ​យុទ្ធសាស្ត្រ និង​ធនធានមនុស្ស តាម​កម្មវិធី​កំណែរ​ទម្រង់ លើកកម្ពស់​ប្រសិទ្ធភាព សេវាសាធារណៈ ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស​របស់​ប្រទេស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ ហើយ​អាច​ចូលរួមចំណែក​កាត់ បន្ថយ​អំពើពុករលួយ​ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល»។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ​ចូល​សិក្សា​ក្នុង​សាលា​អភិបាលកិច្ច សិស្ស និស្សិត​អាច​ទំនាក់ទំនង​ប្រធាន​នាយកដ្ឋាន​សុចរិត​ភាព និង​អភិបាលកិច្ច​នៃ​ក្រសួងមហាផ្ទៃ លោក ប៊ុត ជិ តាមរយៈ​ទូរ​សព្ទ​លេខ ០១១ ៣៥៩ ៨០៧ និង​អ៊ី​ម៉ែ​ល [email protected] រៀងរាល់​ម៉ោង​ធ្វើការ​រដ្ឋ៕


Tag:
 ក្រសួងមហាផ្ទៃ
  សាលាអភិបាលកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com