ជាតិ
សង្គមជាតិ
​មេ​សហជីព​ថា ជំនួប​រវាង​បក្ស​មាន​អាសនៈ​ទាំងពីរ​ស្តីពី​ច្បាប់​សហជីព​មាន​លទ្ធផល​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​
16, Jan 2016 , 7:10 pm        
រូបភាព
​បក្ស​មាន​អាសនៈ​ទាំងពីរ ពិភាក្សាគ្នា​បាន​៩​ចំណុច​ហើយ ក្នុងចំណោម​ចំណុច​ទាំង​២១ ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ការពិភាក្សា​នោះ ត្រូវបាន​មេ​សហជីព មើលឃើញថា ផ្តល់​ផល​អវិជ្ជា​មាន​ច្រើនជាង​វិជ្ជា​មាន​។​

 
​ភាគី​សហជីព មិនទាន់​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការកែប្រែ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នៅឡើយ​ទេ ក្រោយពី​គណៈកម្មការ​ចំពោះ​កិច្ច ដែល​កើតចេញពី​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង បាន​ជជែក​គ្នា​ពីរដង​កន្លងមក​។ មេដឹកនាំ​សហជីព អះអាងថា បក្ស​ធំៗ​ទាំងពីរ គ្រាន់តែ​កែប្រែ​អក្សរ​និង​អត្ថន័យ​នៃ​ពាក្យ​ប៉ុណ្ណោះ តែ​មិនបាន​កែប្រែ​ខ្លឹមសារ ឲ្យ​បាន​សមស្រប​ទៅតាម​ការ​ទាមទារ​របស់ខ្លួន​ឡើយ​។ 
 
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​លោក អាត់ ធន់ អះអាងថា ក្នុងចំណោម​៩​ចំណុច មានតែ​២​ចំណុច​ទេ ដែល​លោក អាច​ទទួលយកបាន ហើយ​ក្រៅពីនោះ​លោក​ថា  នៅតែមាន​លក្ខណៈ​អវិជ្ជមាន​ដដែល​។ អ្វី​ដែ​លោក យល់ថា​គួរ​ទទួលយកបាន​នោះ​គឺ ចំណុច​ដែល​ចែងថា សហជីព​មូលដ្ឋាន​ចាប់​៩​ឡើងទៅ ទើបអាច​ចងក្រង​ជា​សហព័ន្ធ​សហជីព ត្រូវបាន​សម្រួល​មក​ត្រឹម​៧ និង ចំណុច​ដែល​ចែងថា សហព័ន្ធ​សហជីព​ចាប់ពី​៦​ឡើងទៅ ទើប​អាចបង្កើត​ជាស​ភាព​សហ​ព័ន្ធ​សហ​ជីព ត្រូវបាន​បន្ថយ​មក​ត្រឹម​៥ វិញ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​រូបនេះ នៅតែ​ខ្វល់ខ្វាយ​ចំពោះ​ចំណុច​ផ្សេងទៀត ដែល​មិនបាន​កែប្រែ​ឲ្យ​បាន​សមស្រប​ទៅនឹង​បរិបទ​សង្គម​កម្ពុជា​។ ចំណុច​ទាំងនោះ មានដូចជា សហជីព​ត្រូវធ្វើ​របាយ​ការណ៍​ហិរញ្ញវត្ថុ ជូន​ក្រសួង​ការ​ងារប្រចាំខែ ត្រូវបាន​ពន្យារ​មករ​យៈ​៤៥​ថ្ងៃ និង​ចំណុច​ដែល​ច្បាប់ដើម​កំណត់ថា សហជីព​ត្រូវ​ផ្តល់ដំណឹង​ដល់​ក្រសួង​ការងារ នូវ​អាសយដ្ឋាន​គណនេយ្យ​និង​ធនាគារ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ ក្នុង​រយៈពេល​យ៉ាងយូរ​១៥​ថ្ងៃ ត្រូវ​ប្តូរ​មក​រយៈពេល ៣០​ថ្ងៃ ហើយ​ចំណុច ដែល​ចែងថា រាល់​សេចក្តីសម្រេច​របស់​សហ​ជីព ដូចជា​ការធ្វើ​បាតុកម្ម​ឬ​កូដកម្ម ត្រូវ​សម្រេច​ដោយ​សំឡេង ៥១​បូក​១ នៃ​សមាជិក​ចូលរួម ទើប​អាចធ្វើ​ទៅបាន ជាដើម​។ 
 
​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​លទ្ធផល​អ៊ីចឹង គ្មានអ្វី​ល្អ​ទេ​។ គ្រាន់តែ​ពន្យារពេល តែ​ខ្លឹមសារ​នៅ​ដដែល​ហ្នឹង ដូចជា​មិនឃើញ​កែប្រែ​អ្វី​ជា​ដុំកំភួន​ទេ​។ ចំពោះ​ខ្ញុំ ខ្ញុំ​មិនទាន់​សប្បាយចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ​»​។​
 
​ចំណែកឯ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា សង្កេតឃើញថា​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​នេះ​មាន​លក្ខណៈ​ល្អប្រសើរ តែ​លទ្ធផល​មិនទាន់​ត្រូវចំ​ចំណុច​ដែល​សហជីព​ចង់បាន​។  លោក​បន្ថែមថា គណៈកម្មការ​ចំពោះ​កិច្ច មិនបាន​ដោះស្រាយ​ទៅតាម​យោបល់​ដែល​សហជីព​ស្នើ​នោះទេ ដោយ​លោក​អះអាងថា អ្វី​ដែលជា​លទ្ធផល គ្រាន់តែ​សម្របសម្រួល​គ្នា​ទៅលើ​ពាក្យពេចន៍​ប៉ុណ្ណោះ​។​
 
​យ៉ាងណាក៏ដោយ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ នៅតែ​មើលឃើញ​វប្បធម៌​ល្អ ដែល​បក្ស​ទាំង​ពីរបាន​ជជែក​ដេញដោល​គ្នា ជុំវិញ​ការទាមទារ​របស់​សហ​ជីព​ក៏ដូចជា​កម្មករ បើទោះបីជា​មិនទាន់​ផ្តល់​ផល​សម​ស្របតាម​បំណង​ក៏ពិតមែន​។ ជាងនេះទៅទៀត លោក បានស្នើ​ទៅ​បក្ស​ទាំងពីរ ឲ្យ​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ដើម្បី​ផ្តល់ឱកាស​ដល់​សហជីព បាន​ជជែក​និង​ផ្តល់យោបល់​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​នេះ មុននឹង​ដាក់ជូន​រដ្ឋ​សភា​អនុម័ត​។ 
 
​លោក ប៉ាវ ស៊ីណា បានបញ្ជាក់​បែបនេះ​ថា​៖«​បើ​លទ្ធផល ដូចជា​មិនទាន់​ឃើញ​នោះទេ​។ ខ្ញុំ​មើលទៅ ការពិភាក្សា​ល្អប្រសើរ​ជាង​មុន ដោយបាន​ពិគ្រោះគ្នា​ច្រើនសា តែ​មិនទាន់​ទទួលបាន​ផល​អ្វី​ឲ្យ​ធំដុំ ឡើយ​។ យ៉ាងណា ខ្ញុំ​នៅតែ​សប្បាយចិត្ត ដែល​ឃើញ​បក្ស​ទាំង​ពីរបាន​អង្គុយ​ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​»​។​
 
​សូមបញ្ជាក់ថា គណៈកម្មការ​ចំពោះ​កិច្ច បាន​ជួប​ពិភាក្សាគ្នា​ពីរដង​រួចមកហើយ ដោយ​សម្រេចបាន​៩​ចំណុច ក្នុងចំណោម​២១ ចំណុច ដែល​ភាគី​សហជីព​ស្នើ​ឲ្យ​កែប្រែ​។ ជំនួប​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​២​ចំណុច​។ ចំណែកឯ​ជំនួប​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​សម្រេចបាន​៧​ចំណុច​។ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ បក្ស​ទាំងពីរ​នេះ​នឹង​បន្ត​ជួបគ្នា​សាជាថ្មី ដើម្បី​ពិភាក្សា​បន្ថែមទៀត លើ​ចំណុច​សេសសល់​ទាំង​១២ ៕
 

Tag:
 សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com