អន្តរជាតិ
រុស្ស៊ី​៖​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នៅ​ឧបទ្វីប​នឹង​ប៉ះពាល់​ទំនាក់ទំនង​រុស្ស៊ី​កូរ៉េខាងត្បូង​
03, Feb 2016 , 8:39 pm        
រូបភាព
​ក្រោយ​មាន​គម្រោង​ប្រកាស​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង រុស្ស៊ី​បាន​ជំទាស់​ភ្លាម ដោយ​លើកឡើងថា ការពង្រាយ​ប្រព័ន្ធ​នេះ​មិន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ឡើយ​។ ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ត្រូវ​ដាក់ចេញ​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​។



​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងត្បូង​លោក Alexander Timonin បាន​ជំទាស់​គម្រោង​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​នៅ​ថ្ងៃ អង្គារ​ទី ២​កុម្ភៈ​កន្លងទៅនេះ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua មន្ត្រី​ទូត​រុស្ស៊ី​នេះ​ចាត់ទុកថា ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ មិន​ជួយ​ដោះស្រាយ​បញ្ហា​និង​រក្សា​សន្តិសុខ​ក្នុង​តំបន់​ឡើយ តែ​វា​នឹងធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ហើយ​លោក​បាន​ឆ្លៀត​ព្រមាន​ផងដែរ​ថា វត្តមាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​អាមេរិក​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់​ទ្វេភាគី​រវាង​កូរ៉េខាងត្បូង​និង​រុស្ស៊ី​ផ្ទាល់​។​

​ប៉ុន្តែ​លោក​ក៏បាន ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចៀស​ឲ្យ​បាន​នូវ​ការប្រើប្រាស់​សកម្មភាព​បង្កបញ្ហា ហើយ​អត់ធ្មត់​មិន ប្រើប្រាស់​សកម្មភាព​យោធា​ដើម្បី​កុំ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។​

​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ កើតឡើង​ក្រោយ​ពេលដែល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន នៅ​ដើមខែ​មករា​កន្លងមក​។  កូរ៉េខាងត្បូង​និង​អាមេរិក​ធ្លាប់​ជជែក​គ្នា​ច្រើនដង​ដែរ​ពាក់ព័ន្ធ​នឹង​ការដាក់​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ដែល​វា​អាចជួយ​ការពារ​កូរ៉េខាងត្បូង​ពី​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង​។​

 កាលពី​សប្តាហ៍​មុន​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានលើកឡើង​ការប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​កូរ៉េខាងត្បូង រួមជាមួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​អាមេរិក​នឹង​ជួយ​ការពារ​សុវត្ថិភាព​កូរ៉េខាងត្បូង​ប្រឆាំង​កូរ៉េខាងជើង​។ នេះ បញ្ជាក់ថា កូរ៉េខាងជើង​អាចនឹងទទួល​យក​សំណើរ​ដំឡើង​ប្រព័ន្ធ​នេះ​នៅពេល​ណាមួយ​ខាងមុខ​ផង​។​

​កន្លងមក​ចិន​បាន​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​គម្រោង​នេះ ព្រោះ​ចិន​បារម្ភ​ពី​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ​របស់ខ្លួន​ដែរ​។ ហើយ​រដ្ឋបាល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏​ស្ទាក់ស្ទើរ​មិន​ហ៊ាន​អនុញ្ញាត​ឲ្យ​អាមេរិក​បញ្ជូន​អាវុធ​ប្រភេទ​នេះ​មកកាន់​ប្រទេស​កូរ៉េ​ដែរ​។​

​ដោយឡែក មន្ត្រីការទូត​រុស្ស៊ី​នេះ ក៏បាន​បង្ហាញ​ពី​គោលជំហរ​របស់​រុស្ស៊ី​ដែល​ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រលប់មក​ជ្រើស​រើសយក​វេទិកា​ជជែក​ភាគី ៦ ដែល​ជាប់គាំង​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។ លោក Alexander Timonin ជឿជាក់ថា គ្មានអ្វី​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខា​ជើងបាន​ក្រៅពី​ការសន្ទនា​ឡើយ ហើយ​រាល់​ទណ្ឌកម្ម​ដាក់ចេញ​ជា​ឯកតោភាគី​ឬ​ពហុភាគី​ក្តី​មិនបាន​ជួយ​ស្រោចស្រង់​ស្ថានការណ៍​ដែល​កំពុង​អាក្រក់​ស្រាប​ឡើយ​។ កាលណា​បើ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​កាន់តែ​ឯកោ តាមរយៈ​ការដាក់ទណ្ឌកម្ម កុំ​រំពឹងថា កូរ៉េខាងជើង​ព្រម​បោះបង់ចោល​អាវុធ​ប្រល័យ​លោក​ឲ្យ​សោះ​៕
 

Tag:
 រុស្ស៊ី​
  កូរ៉េខាងត្បូង​
  ​ប្រព័ន្ធ​មី​ស៊ី​ល THAAD
© រក្សាសិទ្ធិដោយ thmeythmey.com