អន្តរជាតិ
ហ្វីលីពីន ព្រម​ផ្តល់​មូលដ្ឋាន​យោធា​ដល់​អាមេរិក​៥​កន្លែង​ដើម្បី​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​
20, Mar 2016 , 10:40 pm        
រូបភាព
ដោយ:
​ភាព​តានតឹង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ត្រូវ​បន្ថែម យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​សន្តិសុខ និង​ការពារ​អធិបតេយ្យ​របស់ខ្លួន​។​ស្រប​ជាមួយនឹង​ភាព​តានតឹង​នេះដែរ រដ្ឋាភិបាល​ក្រុង​ម៉ានីល ក៏បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការដាក់​មូលដ្ឋាន​យោធា ប្រាំ​កន្លែង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្នុង​កិច្ច​សហប្រតិបត្តិ​មនុស្សធម៌ និង​សន្តិសុខ​ដែនសមុទ្រ​។




​មន្ត្រីជាន់ខ្ពស់​អាមេរិក លោកស្រី Amy Searight​បាន​អះអាងថា អាមេរិក និង​ហ្វីលីពីន បាន​ព្រមព្រៀង​លើ​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ការដាក់​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅក្នុង​ទឹកដី​ហ្វីលីពីន​ក្រោម កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA)​។ ការអះអាង​នេះ​ធ្វើឡើង​ក្នុងឱកាស​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ទ្វេភាគី​អាមេរិក​-​ហ្វីលីពីន​លើក​ទី​៦ ក្នុង​ក្រុង​វ៉ា​ស៊ិន​តោន​ថ្ងៃទី​១៨​ខែមីនា​កន្លងទៅ​។​
 
​នៅក្នុង​ឱកាស​ដដែល​នោះ លោកស្រី Searight ក៏បាន​បន្ថែម​ដែរ​ថា មន្ទីរ​បញ្ច​កោន ក៏បាន​ប្រាប់​ទៅកាន់​សភា​អាមេរិក​ពី​គម្រោង​នៃ​ការ​ផ្តល់ជំនួយ​៥០​លាន​ដុលារ​ដើម្បី​ជួយ​កសាង​សន្តិសុខ​ដែនសមុទ្រ​នៅក្នុង​តំបន់ ហើយ ហ្វីលីពីន ក៏​ស្ថិតនៅ​ចំណែក​មួយ​ដ៏​ធំជាងគេ​នៃ​គម្រោង​នេះដែរ​។​នេះ​បើ​យោងតាម ភ្នាក់ងារ Reuters ដែល​បាន​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​អាមេរិក​ដែល​បាន​អះអាង​ដែលថា​រដ្ឋមន្ត្រី​ការ ពារ​អាមេរិក នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ហ្វីលីពីន​នៅ​ខែមេសា​ខាងមុខ​ដើម្បី​ពិភាក្សា​ពី​ការអនុវត្ត​កិច្ច​ព្រម ព្រៀង​លើ​ទីតាំង​យោធា​ទាំងនោះ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា  កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA) គឺជា​កិច្ចព្រមព្រៀង​រវាង​អា​មេ រិ​ក និង​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤​។ ហើយ​វា បាន​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​កំពូល​ហ្វីលីពីន​ប្រកាស​ពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​នោះ​។​
 
​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្ត រាយ​ផ្សេងៗ​ទៀតផង​។ ជាពិសេស​នោះ កិច្ចព្រមព្រៀង​នេះ ក៏​ជា​សមិទ្ធផល​មួយ​ដ៏​សំខាន់​នៅក្នុង អាណត្តិ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែល​នឹង​ត្រូវផុត​អាណត្តិ​នៅ​ឆ្នាំ​២០១៦ នេះ​។​
 
​តែ​អ្វីដែល​គួរកត់សម្គាល់​នោះ កិច្ចព្រមព្រៀង ដែល​ធ្វើ​ឡើងខណៈ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ឡើងក​ម្តៅ នឹងធ្វើ​ឲ្យ​អាមេរិក អាច​អន្តរាគមន៍​ដើម្បី​ការពារ​ហ្វីលីពីន​នៅក្នុង​តំបន់​ជម្លោះ​បាន​គ្រប់ពេល​។ នេះ​ក៏មាន​ន័យ​ដែរ​ថា​ចាប់ពីពេលនេះ កងទ័ព​អាមេរិក អាចមាន​វត្តមាន​ដើម្បី​ទប់ទល់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្របច្បាប់ និង​រហ័ស​ផងដែរ​៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com