ជាតិ
ក្រសួង​ប្រកាស​ជ្រើសរើស​មគ្គុទ្ទេសក៍​ឆ្នើម​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
24, Mar 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ក្រសួងទេសចរណ៍​តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២២ មីនា បានប្រកាស​ជ្រើសរើស​មគ្គុទ្ទេសក៍​ឆ្នើម សម្រាប់​រាជធានី​ភ្នំពេញ និង​តំបន់​សៀមរាប​-​អង្គរ​។ ការជ្រើសរើស​មគ្គុទ្ទេសក៍​ឆ្នើម គឺ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

 
«​ក្រសួងទេសចរណ៍​នឹង​រៀបចំ​បង្កើត​ឲ្យ​មានកម្ម​វិធី​ជ្រើសរើស​មគ្គុទ្ទេសក៍​ទេសចរណ៍ “​ថ្នាក់​តំបន់​” ឆ្នើម ដើម្បី​ផ្តល់​ឳ​កាស​ឲ្យ​បេក្ខជន​-​បេ​ក្ខ​នារី ដែលជា​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​រាជធានី​ភ្នំពេញ និង​តំបន់​សៀមរាប​-​អង្គរ ចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​។ 
 
​ក្រសួងទេសចរណ៍​មិនបាន​បញ្ជាក់​លម្អិត​ពី​គោលបំណង​នៃ​ការរៀបចំ​ជ្រើសរើស​មគ្គុទ្ទេសក៍​ឆ្នើម​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា អ្នក​ដែល​ចាប់អារម្មណ៍​ត្រូវដាក់​ពាក្យ​ឲ្យ​មុន​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៦ ដោយមាន​ភ្ជាប់​ជាមួយ ពាក្យសុំ​ចុះឈ្មោះ​ប្រឡង អាជ្ញា​បណ្ណ​មគ្គុទ្ទេសក៍​ថតចំលង សា​លាក​ប័ត្រ​ឯកត្តជន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឫ​លិខិតបញ្ជាក់​ទីលំនៅ ថតចំលង និង​រូបថត ៤X៦ ចំនួន​ពីរ​សន្លឹក​។​
 
​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ចាប់អារម្មណ៍ អាច​ទៅ​ដាក់ពាក្យ​ប្រឡង​នៅ​ក្រសួង ឫ​មន្ទីរ​រាជធានី​-​ខេត្ត ឫ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍ រហូតដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ៕

Tag:
 មគ្គុទ្ទេសក៍​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com