អន្តរជាតិ
អំពើហិង្សា​ក្នុង​គ្រួសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​មានគភ៌​
26, Mar 2016 , 9:39 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​វាយតម្លៃ​លើ​ការរកឃើញ​ក្នុង​របាយការណ៍​សិក្សា​ជាង​៥០ ស្តីពី​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ដៃគូ ឬ​អតីត​ដៃគូ​។ លោកស្រី Audrey Saftlas សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​រោគ​ឆ្លង គឺជា​អ្នកដឹកនាំ​ក្នុងការ​សិក្សា​អំពី​បញ្ហា​នេះ​។ លោកស្រី​និយាយថា​៖



«​យើង​ដឹងថា អំពើហិង្សា​ដោយ​ដៃគូ​ជិតស្និទ្ធ​ប៉ះពាល់​ជា​ចម្បង​ដល់​ស្ត្រី​ក្នុងដំណាក់កាល​បង្ក​កំណើត​។ ស្ត្រី​ដែលមាន​អាយុ​តិច​ក្នុង​វ័យ​បន្ត​ពូជ កាន់តែ​ទទួលរង​ការប៉ះពាល់​ខ្លាំង​ជាង​ស្ត្រី​ដែលមាន​អាយុ​ច្រើន​ក្នុង​វ័យ​បន្ត​ពូជ​។ ដូច្នេះ ស្ត្រី​ដែលមាន​អាយុ​តិចជាង​២៥​ឆ្នាំ និង​ស្ត្រី​ដែលមាន​អាយុ​តិចជាង​២០​ឆ្នាំ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​ពី​អំពើហិង្សា​ប្រព្រឹត្តិ​ដោយ​ដៃគូ​ជិតស្និទ្ធ​»​។​

​អ្នកស្រី​បាន​គូសបញ្ជាក់​អំពី​ផលវិបាក​មួយចំនួន​លើ​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។​

«​ជាពិសេស យើង​រកឃើញថា មាន​គ្រោះថ្នាក់​ទ្វេដង​នៃ​ការ​មាន​ទារក​ដែល​កើត​មុនពេល​កំណត់​។ ដូច្នេះ ទារក​ទាំងឡាយ​ដែល​មិន​គ្រប់​ខែ​បានកើត គឺ​កើត​មុនពេល​ឈានដល់​អាយុ​៣៧​សប្តាហ៍​នៃ​គភ៌​។ ហើយ​យើង​រកឃើញថា មាន​គ្រោះថ្នាក់​កើនឡើង​សម្រាប់​ការ​សម្រាលកូន​ដែលមាន​ទម្ងន់​ស្រាល​នៅពេល​កើត ឬ​មាន​ទម្ងន់​តិចជាង​២​គីឡូ​កន្លះ​នៅពេល​កើត​។ យើង​ក៏​រកឃើញ​ដែរ​ថា គ្រោះថ្នាក់​មាន​កាន់តែខ្លាំង​សម្រាប់​ការ​មាន​ទារក​ដែលមាន​មាឌតូច​ក្នុងពេល​ពួកគេ​នៅ​ជា​គភ៌​នៅឡើយ​»​។​

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ទម្រង់​សាមញ្ញ​បំផុត​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​គឺ​កើត ឡើងលើ​រាងកាយ ផ្លូវភេទ ផ្នែក​ហិរញ្ញវត្ថុ លើផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​។​

«​យើង​រកឃើញថា ស្ត្រី​ដែល​ប្រឈមមុខ​នឹង​អំពើហិង្សា​យ៉ាងតិច​២​ឬ​លើសពីនេះ មាន​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ ដោយ​សម្រាលកូន​មុនពេល​កំណត់​និង​មាន​ទារក​ទម្ងន់​ស្រាល​ពេល​សម្រាល ជាង​ស្រី្ត​ដែល​ជួប​ប្រទេះ​អំពើហិង្សា​តែមួយ​ទម្រង់​។ ដូច្នេះ ជា​ឧទាហរណ៍ ប្រសិនបើ​ស្ត្រី​ម្នាក់​បាន​រង​អំពើហិង្សា​ផ្លូវកាយ​និង​ផ្លូវ​អារម្មណ៍ នោះ​គ្រោះថ្នាក់​ចំពោះ​នាង​មាន​កាន់តែ​ខ្ពស់ជាង​ស្ត្រី​ដែល​បាន​រង​អំពើហិង្សា​ផ្លូវកាយ​តែមួយ​មុខ​»​។​

​លោកស្រី Saftlas និយាយថា ការសិក្សា​នេះ​មិនមាន​ព័ត៌មាន​លម្អិត​អំពី​ហ្វ្រេ​កង់ ឬ​ពេលវេលា​នៃ​អំពើហិង្សា​ទាំង​នោះទេ​។ ប៉ុន្តែ​វា​បាន​បង្ហាញថា អំពើហិង្សា​ក្នុង​គ្រួសារ​និង​ផលប៉ះពាល់​របស់​វា​គឺ មាន​ដូចគ្នា មិន​ថា​នៅ​ប្រទេស​អ្នកមាន ប្រទេស​មាន​ប្រាក់ចំណូល​ទាប ឬ​មធ្យម​នោះទេ​។​

«​ដើម្បី​ធ្វើ​ឲ្យ​ការរកឃើញ​របស់​យើង អាច​យកទៅអនុវត្ត​ជាក់ស្តែង​បាន វា​ចាំបាច់​ណាស់​សម្រាប់​គ្រូពេទ្យ​សម្ភព អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​បង្ក​កំណើត ពេទ្យ​ព្យាបាល​ជំងឺ​ដែល​មើលថែ​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ត្រូវ​ស្វែងយល់​និង​មានលទ្ធភាព​បញ្ជាក់​ពីស​ញ្ញា​នៃ​ការរំលោភបំពាន និង​មានលទ្ធភាព​និង​ការហ្វឹកហាត់ ដើម្បី​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ទទួលបាន​ធនធាន​ផ្សេងៗ​ដែល​អាចជួយ​នាង​បាន​»​។​

​លោកស្រី​និយាយថា សញ្ញា​នៃ​ការរំលោភបំពាន​ក្នុង​គ្រួសារ​ខ្លះ​អាច​នឹង​មើលឃើញ​យ៉ាង​ងាយ ប៉ុន្តែ​ខ្លះទៀត​មិន​ងាយ​មើលឃើញ​ឡើយ​។​

«​មាន​ស្លាកស្នាម​លើ​រាងកាយ​ដោយ​អំពើហិង្សា ហើយ​ពេលខ្លះ​ក៏មាន​សញ្ញា​បង្ហាញ​ពី​អំពើហិង្សា​ផ្លូវភេទ​ដែរ​។ ជា​ឧទាហរណ៍ ស្ត្រី​ដែលមាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ប្រើ​អំពើហិង្សា ទំនងជា​ត្រូវបាន​វិភាគ​ឃើញថា មាន​ជំងឺ​ដែល​ឆ្លងតាម​ការរួម​ភេទ​ផ្សេងៗ​។ លក្ខខណ្ឌ​ចង្អុលបង្ហាញ​ផ្សេងទៀត​ដែល​លើកឡើងថា មាន​អំពើហិង្សា​ដោយ​ដៃគូ​ជិតស្និទ្ធ រួមមាន​ការបង្ហាញ​រោគសញ្ញា​ការឈឺចាប់​មិន​ជាក់លាក់​ណាមួយ វិបត្តិ​ផ្នែក​ចិត្តសាស្ត្រ​និង​ផ្លូវចិត្ត ដូចជា​ជំងឺ​បាក់​ទឹកចិត្ត​ជាដើម​»​។​

​លោកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ស្ត្រី​ជាច្រើន​ដែល​ស្ថិតនៅក្នុង​ទំនាក់ទំនង​ដែល​រង​ការរំលោភបំពាន មតិយោបល់​របស់​ពួកគេ​ត្រូវបាន​បដិសេធ​ឬ​បំភ្លេចចោល​។ ពួកគេ​ថែមទាំង​ត្រូវបាន​គេ​ប្រាប់ថា អ្វីដែល​ពួកនាង​និយាយ​ស្តាប់ទៅ​ដូច​ឆ្កួត​។ លោកស្រី​បន្ថែមថា កន្លងមក អ្នកខ្លះ​ជឿថា ពួកគេ​មាន​ជំងឺផ្លូវចិត្ត​។​

​អ្នកស្រី​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ Iowa ថ្លែងបន្តថា បើសិនជា​សញ្ញា​នៃ​ការរំលោភបំពាន​ក្នុង​គ្រួសារ​ត្រូវបាន​គេ​កត់សម្គាល់ ការធ្វើអន្តរាគមន៍​គួរតែ​ត្រូវបាន​ធ្វើឡើង​។ ការធ្វើអន្តរាគមន៍​ទាំងនេះ​រួមមាន​ការ​ទៅ​ជួប​ផ្ទាល់​ដល់​គេហដ្ឋាន​និង​កម្មវិធី​ពិគ្រោះ​យោបល់ ក៏ដូចជា​កម្មវិធី​គាំពារ និង​កម្មវិធី​គាំទ្រ​ដល់​ផ្នែក​ផ្លូវចិត្ត​។​

«​កម្មវិធី​ទាំងនេះ អាច​នឹងមាន​ប្រសិទ្ធភាព ប៉ុន្តែ​វា​សំខាន់​ណាស់​ដែល​ត្រូវមាន​ការសិក្សា​បន្ថែមទៀត ដើម្បី​ធ្វើតេស្ត​ឲ្យ​បាន​ជាក់ស្តែង​ថា​តើ ការធ្វើអន្តរាគមន៍​ទាំងនេះ​ពិតជា​មាន​ប្រសិទ្ធ​ភា​ក្នុងការ​រារាំង​និង​កាត់បន្ថយ​អំពើហិង្សា​បង្កឡើង​ដោយ​ដៃគូ​ជិតស្និទ្ធ​របស់​ស្ត្រី​ទាំង​នេះដែរ​ឬ​អត់​»​។​

​ការសិក្សា​លើ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​អន្តរជាតិ​ស្តីអំពី​វេជ្ជសាស្ត្រ​ឆ្មប និង​ការព្យាបាល​រោគ​ស្ត្រី​៕

​ប្រែ​សម្រួល​ដោយ នៀម ឆេង​
សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com