ជាតិ
ក្រសួង​បញ្ចប់​ការពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ​សុខាភិបាល
21, Apr 2016 , 7:39 am        
រូបភាព
 
​ក្រសួងសុខាភិបាល បានបញ្ចប់​ការពិភាក្សា​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ហើយ កាលពី​ថ្ងៃទី​១៩​ខែមេសា​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​មួយ​នេះ បាន​អះអាងថា សេចក្តីព្រាង​ថ្មី​នេះ នឹងធ្វើ​ឲ្យ​អ្នក​ប្រកប​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល កាន់​តែមាន​ទំនួល​ខុសត្រូវ និង​ធានាបាន​សុខុមាលភាព​ពលរដ្ឋ​។


​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ​សុខាភិបាល បានបញ្ចប់​ការពិភាក្សា​ហើយ កាលពី​ថ្ងៃទី​១៩​ខែមេសា​។ សេចក្តីព្រាងច្បាប់​នេះ ក៏បាន​កំណត់​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​សុខាភិបាល ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងសុខាភិបាល និង​កំណត់​ពី​សុពលភាព​ចំពោះ​អាជ្ញាប័ណ្ណ​ផងដែរ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។ 
 
​លោក ហុក ខៀវ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការទាមទារ​ឲ្យ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​អ្នក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល និង​បំពេញការងារ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​។ សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ក៏បាន​កំណត់​ពី​សុពលភាព​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ផងដែរ ខណៈ​បច្ចុប្បន្ន​អាជ្ញា​បណ្ណ​មាន​សុពលភាព​ប្រើប្រាស់​ជា​អចិន្ដ្រៃយ៍ ដែល​ធ្វើឱ្យ​ក្រសួង​មិនអាច​គ្រប់គ្រង​លើ​ជំនាញ​វិជ្ជាជីវៈ​សុខាភិបាល​បាន​។ នេះ​ជាការ​បន្ថែម​របស់លោក ហុក ខៀវ​។ 
 
​ចំពោះ​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា បាន​បញ្ជាក់ថា​បានដាក់​បញ្ចូល​នូវ​ការពង្រឹង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ បំប៉ន​លើ​សមត្ថភាព​វិន័យ​គ្រូពេទ្យ និង​ការកំណត់​កម្រិតវប្បធម៌​របស់​គ្រូពេទ្យ​មុន​ចូល​បម្រើ​ការងារ ពិសេស​បង្កើន​ការយកចិត្តទុកដាក់ បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​។​
 
​សេចក្តីព្រាងច្បាប់​ដែលមាន​៩​ជំពូក និង​៣៤​មាត្រា​នេះ នឹងត្រូវ​បញ្ជូនទៅ​ក្រសួងយុត្តិធម៌ ពិនិត្យ និង​កែសម្រួល​លើ​ទោស​ប្បញ្ញត្តិ មុននឹង​បញ្ជូនទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​រដ្ឋសភា អនុម័ត​៕
​ប្រភព​៖ AKP

Tag:
 សុខាភិបាល​
 ​ហុក ខៀវ​
 ​ធា គ្រុយ​
© រក្សាសិទ្ធិដោយ thmeythmey.com