បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​បានជា​រុស្ស៊ី ត្រឡប់​មករក​កម្ពុជា​វិញ​?
26, Apr 2016 , 7:59 am        
រូបភាព
ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​បាន​ធ្លាក់ចុះ​ក្រោយ​សង្គ្រាមត្រជាក់​ផុតរលត់​ទៅ តែ​កាន់តែ​ប្រសើរឡើង​ក្នុង​រយៈពេល​ចុងក្រោយ ដោយមាន​បំលាស់ប្តូរ​ទស្សនកិច្ច​ម​ន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី និង​កម្ពុជា​ទៅវិញទៅមក​ផង​។ ចុងឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មេ​ទ្រី មេ​វ៉េ​ដេ​វ (Dmitry Medvedev) អញ្ជើញ​មក​ទស្សនកិច្ច នៅ​កម្ពុជា​។ ហើយ​នៅ​ចុងខែ​សភា​ខាងមុខ​សម្តេច ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​និង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​រុស្ស៊ី​នៅ​ទីក្រុង Sochi ថែម​ទៀតផង​។ តាមពិតទៅ​មាន​មូលហេតុ​ច្រើន​ស្ថិត​ពីក្រោយ​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ចាស់​កម្ពុជា​និង​រុស្ស៊ី នេះ ។ គេ​រំពឹងថា សម្ព័ន្ធភាព​នេះ​នឹង​កាន់​ប្រសើរឡើង ថែមទៀត ហើយ​ភាពជិតស្និទ្ធ​នេះ​នាំមក​ប្រយោជន៍​ច្រើន​ដល់​ភាគី​ទាំងពីរ​ផង​។  


ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ស្តីពី​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី រវាង​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ ជាមួយ​លោក​សាស្ត្រាចារ្យ ខៀវ ថវិកា ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​រុស្ស៊ី ៖


 
​លោក សៅ ផល និស្ស័យ​៖  ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ជាមួយ​រុស្ស៊ី​ស្រាប់តែ​ល្អប្រសើរ​ឡើងវិញ ហើយ​ខណៈដែល​យើង​កំពុង​ជជែក​គ្នា​នេះ​សម្តេច ហេង សំរិន កំពុង​ស្ថិតនៅ​ក្រុង​ម៉ូស្គូ ហើយ​សម្តេច ហ៊ុន សែន ក៏​ត្រៀម​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ខែឧសភា​ខាងមុខ​ទៀត​។ ជាបឋម​ខ្ញុំ​ចង់ដឹងថា​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​ជាមួយ​រុស្ស៊ី​នោះ​ចាប់ផ្តើម​ឡើង​ដោយ​របៀប​ម៉េច​? 
​លោក ខៀវ ថវិកា​៖ ជាបឋម​ខ្ញុំ​សូម​អរគុណ​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ដែល​បាល​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បាន​បញ្ចេញយោបល់​ស្តីអំពី​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​។ ទំនាក់​ទំនាក់​កម្ពុជា​រុស្ស៊ី​ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី ៣ ខែឧសភា ១៩៥៦  ហើយ​ទំនាក់ទំនង​នេះ​មាន​ផ្លែផ្កា ច្រើនជាង​ទំនាក់ទំនង​អ្វី​ទាំងអស់ ដូច​ទំនាក់ទំនង​ជាមួយ​ចិន​បច្ចុប្បន្ន​អ៊ីចឹង​។ ក្នុងសម័យ​សង្គមរាស្ត្រនិយម យើង​ឃើញ​ហើយ​ថា ជំនាន់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ  លោក​បានធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​សហព័ន្ធរុស្ស៊ី​ណាស់​។ រុស្ស៊ី​បាន​ជួយ​សង់​មហាវិថី​សហព័ន្ធរុស្ស៊ី មន្ទីរពេទ្យ​កម្ពុជា​-​សូ​វៀត  វិទ្យាស្ថាន​តិច​ណូ​កម្ពុជា​- សូ​វៀត ជាដើម​។

 ដំណាក់កាល​ទី ២ គឺ​នៅពេលដែល​កម្ពុជា​យើង​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ដែលមាន​លោក​សេនាប្រមុខ លន់ នល់​។ ពេលនោះ​ទំនាក់ទំនង​កម្ពុជា​រុស្ស៊ី​នោះ​ហាក់ដូចជា​មិន​ទៅមុខ​ទេ ដោយសារ​ពេលនោះ​ជា​សម័យកាល​សង្គ្រាមត្រជាក់​។ រុស្ស៊ី ចិន និង​វៀតណាម​ខាងជើង គឺ​យកចិត្តទុកដាក់​ជួយ​តែ​ចលនា​តស៊ូរ​របស់​ខ្មែរ​ដែល​ប្រឆាំង​ការ​វាតទី​របស់​សហរ​ដ្ឋ​អាមេរិក​ប៉ុណ្ណោះ​។

ដំណាក់កាល​ទី​៣ ក្នុង​របប​ប៉ុលពត ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ក៏​គ្មាន​ការ​ជឿនលឿន​ដែរ ពីព្រោះ​ប៉ុលពត​មាន​ទំនាក់ទំនង​តែ​ជាមួយ​ចិន កូរ៉េខាងជើង ពិសេស​ខ្ញុំ​ឃើញ​ជាមួយ​យូ​ហ្កោ​ស្លា​វី​។   ដល់​ចាប់ផ្តើម​ដំណាក់កាល​ទី​៤ ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​យើង​ហៅថា សម័យកាល​សង្គ្រាម​ផង មាន​សន្តិភាព​ផង  ទំនាក់ទំនង​កម្ពុជា​និង​រុស្ស៊ី​ត្រូវបាន​ស្តារឡើងវិញ​។ រុស្ស៊ី​បាន​ជួយ​យើង​ច្រើនណាស់ ទាំង​ផ្នែក​បច្ចេកវិទ្យា សេដ្ឋកិច្ច យោធា បណ្តុះបណ្តាល​និស្សិត​បញ្ញវន្ត​ខ្មែរ​។ ជាក់ស្តែង ស្ថិតិ​និស្សិត​ទទួលបាន​ការបណ្តុះបណ្តាល​ពី​សូ​វៀត​នៅមាន​ជីវិត​នោះ​មាន​៨០០០​នាក់ ហើយ​និស្សិត​ខ្លះ​កាន់តំណែង​ក្នុង​មជ្ឈដ្ឋាន​រដ្ឋាភិបាល​ធំដុំ​ផង​។ 
 
​ពេល​កម្ពុជា​ចូល​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ឆ្នាំ ១៩៩១ ទំនាក់ទំនង រុស្ស៊ី​-​កម្ពុជា ហាក់ដូច​ជាមាន​ភាពរ​យា​ល​បន្តិច ដោយសារ​រុស្ស៊ី​នៅជាប់​ការកែទម្រង់​ដែល​ដឹកនាំ​ដោយ Michail Kobachev ដែល​គាត់​បាន​អនុវត្ត​នយោបាយ «Perestroka» ដែលជា​ភាសា​ខ្មែរ​ថា «​ការរៀបចំ​សេដ្ឋកិច្ច សង្គម​ឡើងវិញ​»​។ ហើយ​គាត់​បញ្ចូល​គំនិត​មួយ​ទៀតថា ឲ្យ​ប្រជាជន​រុស្ស៊ី​និង​ប្រជាជន​សហគមន៍​អន្តរជាតិ​នោះ​មានមតិ​ដោយ​សេរី ដែល​គេ​ហៅថា « Glasnost »​។ ពេល​រុស្ស៊ី​រៀបចំ​ប្រទេស​ឡើងវិញ យើង​ក៏បាន​ឱកាស​ចរចា (​ចរចា​សន្តិភាព​ស្តីពី​កម្ពុជា​)​។ ហើយ​រុស្ស៊ី​នៅ​អាស៊ីអាគ្នេយ៍​ក៏បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងអស់​ក្រៅពី​វៀតណាម និង​ឡាវ​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​។ 
 
​លោក សៅ ផល​និស្ស័យ​៖ តើ​លោក​សាស្ត្រាចារ្យ​អាច​ពន្យល់​លំអិត​បានទេ​ថា មូលហេតុ​អ្វី​បានជា​ទំនាក់ទំនង​នេះ (​កម្ពុជា​-​រុស្ស៊ី​) កាន់តែ​ប្រសើរ​ឡើងវិញ​?
​លោក ខៀវ ថវិកា​៖ កាល​ខ្ញុំ​ធ្វើជា​ឯកអគ្គរាជទូត​នៅ​រុស្ស៊ី ពេលដែល​ខ្ញុំ​ជូន​សារតាំង​ទៅ​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ ពូ​ទីន គាត់​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​រុស្ស៊ី​គឺ​«​ទំនាក់ទំនង​មិត្តភាព​ប្រវត្តិសាស្ត្រ​» ។ ដូច្នេះ​មានន័យថា ជានិច្ច​ជា​កាល រុស្ស៊ី​មិនអាច​ចោល​កម្ពុជា​ទេ​។ 
 
​នៅពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កម្ពុជា​មានការ​រីកចម្រើន​ខ្លាំងណាស់​។ អ៊ីចឹង​ហើយ​បានជា​រុស្ស៊ី​មិនអាច​បោះបង់​កម្ពុជា​បាន​។ រុស្ស៊ី​គិត​ឃើញថា កម្ពុ​ជាមាន​តួនាទី​ធំ​ណាស់​ក្នុង​សហគមន៍​អន្តរជាតិ ហើយ​រុស្ស៊ី​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​មួយ ដូច​ប្រទេស​មហាអំណាច​ដែរ គេ​ហៅថា «Para Diplomacy»​។ ពាក្យ «Para Diplomacy» គេ​ចង់​និយាយថា​«​ការទូត​សាធារណៈ​»​។ បានន័យថា អ្វីដែល​បោះបង់ចោល​ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ចាស់ យើង​ត្រូវ​ស្តារ​មកវិញ​។​
 
​ដោយសារ Para diplomacy នេះហើយ ដែល​រុស្ស៊ី​ចាប់ផ្តើម​សំឡឹង​មក​កម្ពុជា​យើង​។ យើង​ដើរតួ​ជា​ប្រធាន​អាស៊ាន ក្នុង​សហគមន៍​អន្តរជាតិ​។ យើង​ឃើញ​ហើយ​ថា សម្តេច​តេ​ជោ នៅពេលដែល​លោក​ថ្លែង​សុន្ទរកថា​នៅលើ​ឆាក​អន្តរជាតិ​ធំ គេ​ស្តាប់​ច្រើន​។ ដូច្នេះ​យើង​សួរថា ហេតុអ្វី​បានជា​ទំនាក់ទំនង​នេះ​មានការ​រីកចម្រើន​? ទីមួយ ដោយសារ​ការរីកចម្រើន​របស់​កម្ពុជា​។ យើង​មាន​សន្តិភាព ស្ថិរភាព ការដឹកនាំ​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​យើង​។ ទី​ពីរ គឺ​វា​អាស្រ័យ​ដោយ កិត្យានុភាព​របស់​យើង​។ ជា​ការពិត​កិត្យានុភាព​នោះ​ដោយសារ​មន្ត្រីរាជការ និង​ប្រជាជន​យើង​ជ្រោមជ្រែង​ទាំងអស់គ្នា ប៉ុន្តែ​សំខាន់​ពឹង​លើ​ថ្នាក់ដឹកនាំ​។ ការដឹកនាំ​ប្រទេស​មិនមែនជា​ការលេង​សើច​ទេ វា​ត្រូវមាន​ការគិតគូរ​ឲ្យ​បាន​ល្អិតល្អន់​។ អ៊ីចឹង​ហើយ​បានជា​សម្តេច​ថា ប្រទេស​តូច​តែមាន​កិត្តិយស​ថ្លៃថ្នូរ ហើយ​កុំ​យក​ប្រទេសជិតខាង​ជាស​ត្រូវ​ឲ្យ​សោះ​។ នរណា​ក៏ដោយ រដ្ឋាភិបាល​ណាក៏ដោយ​គឺជា​មិត្ត​កម្ពុជា​ទាំងអស់ កុំ​តែ​ប៉ះពាល់​អធិបតេយ្យភាព​ក​ម្ពុ​ជា​យើង​។ 
  
​លោក សៅ ផល​និស្ស័យ​៖ ក្រៅពី​ប្រយោជន៍​សេដ្ឋកិច្ច​បានមកពី​ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា តើ​ប្រយោជន៍​ផ្នែក​សន្តិសុខ និង​នយោបាយ​សម្រាប់​កម្ពុ​ជាមាន​អ្វី​ខ្លះទៅ​បាទ​? 
​លោក ខៀវ ថវិកា​៖ ជាការ​ពិតណាស់ យើង​ដឹង​ហើយ​ថា​គ្មាន​រដ្ឋ​ណាមួយ​នៅ​ឯកោ​បានទេ សូម្បីតែ​ប្រទេស​ស្វី​សកាល​មុន​គាត់​មិន​ចួ​ល​ទេ សមាជិក​អង្គការសហប្រជាជាតិ តែ​ឥឡូវ​គាត់​ចូលរួម​ហើយ​។ ដូច្នេះ ផលប្រយោជន៍​នយោបាយ និង​សន្តិសុខ  ដែល​កម្ពុជា​ទទួលបាន​ពី​ទំនាក់ទំនង​កម្ពុជា​រុស្ស៊ី គឺ​ពិត​ជាមាន​។  ដោយសារ​កាលណា​ប្រទេស​យើង​អាច​ចាប់ដៃ​កសាង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​មួយ បានន័យថា គេ​ទទួលស្គាល់​យើង​។ គេ​ទទួល​ថា ប្រទេស​នេះ​តូច​មែន​តែ តែមាន​សុក្រឹតភាព​។ អ៊ីចឹង គេ​មិន​ចោល​យើង​ទេ​។​
 
​ហើយ​យើង​ចាប់ដៃ​ប្រទេស​មហាអំណាច​មិនមែន​សំឡឹង​តែ​ផលប្រយោជន៍ ទៅ​វាតទី​ប្រទេសជិតខាង​ដែរ តែ​ដើម្បី​ស្ថិរភាព ជា​ជ​ន្ទ​ល់ ជាសរ​សរ​គ្រឹះ​ដើម្បី​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​។ ដូច​អស់លោក​ដឹង​ហើយ​ថា មានតែ​ជំនាន់​នេះ​ទេ ដែល​យើង​បាន​សន្តិភាព​យូរអង្វែង​។ បើ​គិតពី​ឆ្នាំ ១៩៧៩ ពិតមែន​តែមាន​សង្គ្រាម​ផង និង​សន្តិភាព​ផង ប៉ុន្តែ​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​និង​សង្គ្រាម​បំបែក​ទឹកដី​គឺ​គ្មានទេ​។ សម័យនេះ ២០១៦​នេះ អ្នក​ដែល​ទទួល​ភ័ព្វវាសនា​ច្រើនជាងគេ​គឺ​យុវជន​ជំនាន់​ក្រោយ​នេះឯង​។ យុវជន​ជំនាន់​ក្រោយ​ទទួលបាន​មរតក​ធំ​ណាស់​ពី​ស្ថិរភាព​សង្គម ពី​បច្ចេកវិទ្យា​។ ហើយ​សង្ឃឹមថា កូន​ខ្មែរ​នឹង​អាច​ទៅ​រៀន​នៅ​រុស្ស៊ី ព្រោះ​រុស្ស៊ី​តែងតែ​ទទួលយក អ្នក​ដែលមាន​ឧបនិស្ស័យ ហើយ​អ្នក​ពូកែ​អាចមាន​ឱកាស​។​
 
​យ៉ាងហោចណាស់ ក៏​រុស្ស៊ី​មិន​ទុក​ឲ្យ​ប្រទេស​យើង​ឯកោ ឬ​បើ​មាន​ប្រទេស​ណា​ឈ្លានពាន គេ​ក៏​មិន​នៅ​ស្ងៀម​ដែរ គេ​នឹង​ជួយ​ផ្លូវចិត្ត ផ្លូវ​អ្វី​ម្យ៉ាង​។ ដូច​ចិន​ជួយ​យើង​អញ្ចឹង​។​
 
​លោក សៅ ផល​និស្ស័យ​៖ ចុះ​ទំនាក់ទំនង​ជិតស្និទ្ធ​នេះ វា​នឹង​ជួយ​ឲ្យ​កម្ពុជា​មានឱកាស​កាន់តែ​ច្រើន​ក្នុងការ​ក្លាយជា​សមាជិកភាព​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EEU) ដែរឬទេ​លោក​សាស្ត្រាចារ្យ​? 
​លោក ខៀវ ថវិកា​៖ មាន​! ខ្ញុំ​ឃើញថា​មាន តែ​មិនដឹង​ពេលណា​។ ពីព្រោះ​យើង​ដឹងថា ដើម្បី​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​បាន​នោះ ទាល់តែ​ប្រទេស​យើង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ដែរ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គេ​។  ទី​ពីរ យើង​មាន​ធនធានមនុស្ស​។ អ៊ីចឹង​ហើយ​បានជា​ប្រមុខ​រដ្ឋាភិបាល​យើង​ខិតខំ​ឲ្យ​យុវជន​យើង ខិតខំ​រៀនសូត្រ និង​បណ្តុះបណ្តាល​យើង​ដើម្បី​ក្លាយជា​វិញ្ញូ​ជន​ស្រករ​ក្រោយ​ដែល​ខ្លាំង​។ ដូច្នេះ​សំខាន់​ណាស់ គឺ​ត្រូវមាន​សក្តានុពល​សេដ្ឋកិច្ច ស្ថិរ​ភាពល្អ សេដ្ឋកិច្ច​ល្អ ជាពិសេស​ត្រូវមាន​ធនធានមនុស្ស​ដែល​យើង​ចង់បាន​។ 
 
​លោក សៅ ផល​និស្ស័យ​៖  ឯកឧត្តម​សាស្ត្រាចារ្យ តើ​កម្ពុជា​គួរ​ត្រៀមខ្លួន​យ៉ាងណា​ទៀត ឬ​យើង​មាន​គោលនយោបាយ​រួចស្រេច​ហើយ ដើម្បី​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​ឲ្យ​កាន់តែ​ស្អិតល្មួត​? 
​លោក ខៀវ ថវិកា​៖ ការពិត​ណាស់​! លោក​មានប្រសាសន៍​ត្រូវ​ហើយ​។ កាលណា​យើង​កសាង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ណាមួយ យើង​ខិតខំ​ថែរក្សា​។ ការថែរក្សា​មិនមែន​ថែ​តែ​យើង​ទេ គេ​ក៏​ថែរក្សា​ដែរ​។ ដូច្នេះ​អ្វី​ក៏ដោយ​យើង​ឈរលើ​គោលការណ៍​អន្តរជាតិ​។ កសាង​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ​និង​រដ្ឋ ត្រូវ​ឈរលើ​នីតិ​អន្តរជាតិ​សាធារណៈ មានដូចជា​មិន​ឈ្លានពាន​គ្នា មិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​គ្នា មាន​ផលប្រយោជន៍​ទៅវិញទៅមក​។ យើង​សង្ឃឹមថា កម្ពុជា​និង​រុស្ស៊ី​នឹង​បន្ត​ជំហាន​ទៅមុខទៀត​។  ជាក់ស្តែង មុន​ខ្ញុំ​ទៅធ្វើ​ឯកអគ្គរាជទូត​នៅ​រុស្ស៊ី ភ្ញៀវ​រុស្ស៊ី​មួយឆ្នាំ​មក​មិន​ដល់ ១​ម៉ឺន​នាក់​ទេ​។ តែ​បន្ទាប់ពី​ខ្ញុំ​ទៅដល់​រុស្ស៊ី ភ្ញៀវ​រុស្ស៊ី​កើន​ដល់​៨​ម៉ឺន​នាក់​ដែល​មក​ទស្សនា​កម្ពុជា​។ ខ្ញុំ​ខិតខំ​អូសទាញ​ណាស់​។ ទំនាក់ទំនង​នេះ​មិនមែន​ពឹង​លើ​តែ​ប្រមុខ​រដ្ឋាភិបាល​យើង​ទេ អាស្រ័យ​លើ​អ្នកការទូត​របស់​យើង​ដែលមាន​បញ្ញា​ឆ្លាត​វាងវៃ លះបង់ ទាក់ទាញ​គេ​ឲ្យ​មក​ស្រុក​យើង​។ ពេលមកដល់​ស្រុក​យើង​អាជ្ញាធរ​ដែនដី និង​ប៉ូលិស​យើង ត្រូវធ្វើ​យ៉ាងណា​រក្សា​សណ្តាប់​ក្នុងសង្គម​ដើម្បី​កុំ​ឲ្យ​គេ​និយាយដើម​យើង​។ ពេល​គេ​ទៅវិញ​គេ​ផ្សាយ​ថា​ល្អ​ណាស់ ។​
 
​លោក សៅ ផល​និស្ស័យ​៖ ចុះ​មាន​អ្វី​ផ្សេងទៀត​ទេ លោក​សាស្ត្រាចារ្យ​?
​លោក ខៀវ ថវិកា​៖ យើង​បាន​តាំង​ពិ​ព័រ​ណ៌​នៅ​ម៉ូស្គូ ហើយ​បន្តិចទៀត​យើង​ស្នើ​ឲ្យ​មាន ការហោះហើរ​ដោយផ្ទាល់​ពី​ម៉ូស្គូ​មក​ភ្នំពេញ​។ ព្រោះ​នៅ​រុស្ស៊ី កាលណា​រដូវ​ត្រជាក់ គេ​មក​ប្រទេស​ក្តៅ​។ ពីមុន​គេ​ទៅ​ប្រទេស​តួ​ក​គី ហើយ​គេ​មក​ថៃ​។ តែ​ឥឡូវ​តួ​ក​គី​មាន​បញ្ហា​ភេរវកម្ម គេ​រត់​មក​អាស៊ីអាគ្នេយ៍ ជាពិសេស​គេ​សំដៅ​កម្ពុជា ឬ​ថៃ​។ ដូច្នេះ​យើង​នឹង​ខិតខំ​។​
 
​ហើយ​រុស្ស៊ី​គាត់​ត្រូវការ​ណាស់​កសិផល​រប​ស់​យើង​ដូចជា​អង្ករ ត្រី​។ ដូច​កាល​ខ្ញុំ​ធ្វើ​ឯកអគ្គរាជទូត ផលិតផល​ត្រី​សមុទ្រ​ភាគច្រើន​មកពី​វៀតណាម​។ នេះ​ដោយសារ​វៀតណាម​មាន​ទី​ផ្សារ ហើយ​គេ​មាន​យន្តហោះ​របស់គេ​ដោយ​ដឹក​ក្នុង​មួយ​សប្តាហ៍ ៧​ដង (៧​ជើងហោះហើរ​) តែ​យើង​មិនទាន់មាន​ទេ​។ បើ​យើង​លក់​កសិផល​យើង ឬ​លក់​ជលផល​យើង គឺ​ល្អ​ណាស់ ព្រោះ​រុស្ស៊ី​ប្រាប់​ខ្ញុំ​ហើយ​ថា មានតែ​កម្ពុជា​ទេ​ដែល​នៅសល់​ពូជ​ត្រី​ទឹកសាប ដូចជា​ត្រី បង្កង​ជាដើម​។ យើង​មាន​ធនធាន​តែ​យើង​ប្រឈម​កង្វះ​ទីផ្សារ ហើយ​កាលណា​យើង​រក​ទីផ្សារ​បាន​គឺ​ពិតជា​ល្អ​ណាស់​។ កសិករ​យើង​អាច​ទៅធ្វើ​ស្រែចម្ការ ហើយ​យើង​អាច​បន្ថយ​មនុស្ស​ចូល​ទីក្រុង​បាន​។ នេះ​ដោយសារ យើង​ខ្វះ​បដិវត្តន៍​បៃតង (Green Revolution)​។ 
 
​លោក សៅ ផល​និស្ស័យ​៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ គឺ​កិច្ចប្រជុំ​ខួប​លើក​ទី​២០ នៃ​ទំនាក់ទំនង​អាស៊ាន​ជាមួយ​រុស្ស៊ី​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែឧសភា​ខាងមុខ​។ តើ​លោក​សាស្ត្រាចារ្យ​មើលឃើញថា វា​នឹង​នាំមក​នូវ​ប្រយោជន៍​ច្រើន​ទេ សម្រាប់​កម្ពុជា ព្រោះ​កិច្ចប្រជុំ​នេះ​ផ្តោតលើ​បញ្ហា​ជាច្រើន សន្តិសុខ នយោបាយ ជាពិសេស​ថាមពល​ដែល​កម្ពុជា​ត្រូវការ​? 
​លោក ខៀវ ថវិកា​៖ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វា​មាន​ប្រយោជន៍​ច្រើន​ពិសេស​គឺ​ថាមពល​។​ប្រទេស​យើង​មាន​រ៉ែ មាន​ឧស្ម័ន​។  កាល​ខ្ញុំ​ធ្វើ​ឯកអគ្គរាជទូត​នៅ​រុស្ស៊ី ខ្ញុំ​នាំ​ក្រុមហ៊ុន​ប្រេង​ធំ​រុស្ស៊ី Gazprom  ហើយ​ក្រុមហ៊ុន​ប្រេង Yukos មក​ខ្មែរ​ម្តង​ជួប​ឯកឧត្តម សុខ អាន​។ តែ​ពេលនេះ ដោយសារ​យើង​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​រឿង​ប្រេង​នោះ រុស្ស៊ី​កំពុង​ពិចារណា​។ ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ខាងមុខនេះ ថាមពល​សំខាន់​ណាស់​។ ទាក់ទង​ថាមពល​នេះ ទីមួយ​យើង​អាច​បញ្ជូន​អ្នកបច្ចេកទេស​ប្រេង​យើង​ទៅ​សិក្សា​នៅ​រុស្ស៊ី​។ ទី​ពីរ បញ្ហា​បច្ចេកវិទ្យា​ខាង​សាងសង់ ព្រោះ​រុស្ស៊ី​ពូកែ​ណាស់​។ 
 
​ចំណែក​ចំណុច​បន្ទាប់​គឺ​បញ្ហា​សន្តិសុខ​។ ប្រទេស​ជាច្រើន​ដែល​ទៅ​ប្រជុំ​ជាមួយ​រុស្ស៊ី​លើ​បញ្ហា​សន្តិសុខ​នោះ គេ​សំឡឹងមើល​ខាង​បច្ចេកវិទ្យា​អាវុធ​។ អាវុធ​នោះ​មិនមែន​ទិញ​ដើម្បី​ឈ្លានពាន​គេ​ទេ តែ​ទុក ដើម្បី​ការពារ​ខ្លួន ព្រោះ​អាវុធ​រុស្ស៊ី​ទំនើបៗ​ណាស់​។ តែបើ​កម្ពុជា ខ្ញុំ​មិនទាន់​ថា​ម៉េច​ទេ វា​អាស្រ័យ​លើ​ក្រសួងការពារជាតិ​។ 
 
​បញ្ហានយោបាយ ពេល​រុស្ស៊ី​ចាប់ដៃ​ជាមួយ​អាស៊ាន វា​នឹងធ្វើ​ឲ្យ​អាស៊ាន​កាន់តែ​រឹងមាំ​។ វា​ធ្វើ​ឲ្យ​រដ្ឋ​ធំៗ​និង​អង្គការ​អន្តរជាតិ​ធំៗ​ទុកចិត្ត​លើ​អាស៊ាន ដែល​ចង់​សហការ​ជាមួយ​អាស៊ាន​។ ឥឡូវ​នៅ​ម៉ូស្គូ គេ​មាន​គណៈកម្មាធិការ​អាស៊ាន​-​រុស្ស៊ី​។ ក្នុង​មួយឆ្នាំ​គេ​ប្រជុំ​ម្តង ហើយ​ត្រូវមាន​វត្តមាន​ទូត​ទាំងអស់​។ ហើយ​ខាងមុខ​សម្តេច​តេ​ជោ​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​រុស្ស៊ី​នេះ​៕

 

Tag:
 កម្ពុជា​-​រុស្ស៊ី​
  ការទូត​
  ខៀវ ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com