ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្ដម សម រង្ស៊ី ថា ការ​នៅ​និរទេស​ខ្លួន​ជួយ​បន្ថយ​ការតានតឹង​នយោបាយ​
06, May 2016 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ មេដឹកនាំ​បក្សប្រឆាំង​ឯកឧត្ដម សម រង្ស៊ី បាន​ថ្លែង​ការពារ​ការ​និរទេស​ខ្លួន​របស់លោក នៅក្រៅ​ប្រទេស​ថា ជា​ជម្រើស​មួយ​ដែលមាន​ការទទួលខុសត្រូវ ខណៈដែល​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ហៅ​ការការពារ​ខ្លួន​របស់​មេបក្ស​ប្រឆាំង​ថា ជា​អ្នកនយោបាយ​មិន​ហ៊ាន​លះបង់​ដើម្បី​ជាតិ​នោះទេ​។​


 
​រីឯ​ក្រុមអ្នកវិភាគ​នយោបាយ​ខ្មែរ មាន​ទុទិដ្ឋិនិយម​ថា អ្នកនយោបាយ​បក្ស​ទាំងពីរ​គ្មាន​ឆន្ទៈ ក្នុង​ការជួប​ជជែក​គ្នា​ដើម្បី​រក​ផ្លូវ​រំលត់​ជម្លោះ​នយោបាយ ក្រៅតែពី​ការបង្ក​រឿង​ឈ្លោះ និង​យកមុខ​មាត់​ជា​វីរៈបុរស​តែប៉ុណ្ណោះ​។ 
 
​ការ​ថ្លែង​ការពារ​យុទ្ធសាស្ត្រ​និរទេស​ខ្លួន​របស់​ឯកឧត្ដម សម រង្ស៊ី កើតមានឡើង​នៅ​ចំពេល​មេដឹកនាំ​សមាជិក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​ការវាយប្រហារ​មិនចេះ​ឈប់ ពី​បក្ស​គ្រប់គ្រង​ប្រទេស និង​បន្ទាប់ពី លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រង​ពាក្យបណ្តឹង បាន​បញ្ចេញមតិ​អំពី​ភាពមិនប្រាកដប្រជា នៃ​ការ​ខុសប្លែកគ្នា​នៃ​ស្ថានភាព​នយោបាយ ទាក់ទង​នឹង​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​របស់​មេបក្ស​ប្រឆាំង​នៅ​ខែវិច្ឆិកា​កន្លងទៅ និង​នៅក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​។ 
 
​នៅក្នុង​អត្ថបទ​បញ្ចេញយោបល់​របស់​ឯក​ឧត្ដម​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចុះផ្សាយ​លើ​ទំព័រ​បញ្ចេញមតិ​របស់​ព្រឹត្តិប័ត្រ​ព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ពុធ ទី​៤ ខែឧសភា ឆ្នាំ​២០១៦​នេះ
 
«​ដោយ​យោងទៅលើ​អង្គហេតុ​នៃ​បញ្ហា ព្រឹត្តិការណ៍​ដែល​មិនបាន​រំពឹង​ទុកជាមុន​ជាច្រើន បានកើត​ឡើងជា​បន្តបន្ទាប់ និង​ឆាប់រហ័ស​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៣ នៃ​ខែ​នោះ ខណៈដែល​ខ្ញុំ ជួបជុំ​ជាមួយ​កម្មករ​ខ្មែរ​នៅក្នុង​តំបន់ឧស្សាហកម្ម​មួយ ក្បែរ​ទីក្រុង សេ​អ៊ូ​ល ខ្ញុំ​បានដឹងថា ដីកាចាប់ខ្លួន​ត្រូវ​បានចេញ​មកដល់​ខ្ញុំ នៅថ្ងៃនោះ នាទី​ក្រុងភ្នំពេញ ថ្វីបើ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​។ ខ្ញុំ​បាន​និយាយ ជា​សាធារណៈ​នៅក្នុង​ថ្ងៃនោះ​ថា ការណ៍​នេះ​នឹង​មិនអាច​ប្តូរ​ផែនការ​របស់ខ្ញុំ​ត្រឡប់មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៦ ដូចដែល​បានគ្រោង​ទុក​នោះទេ​»​។​
 
​ឯកឧត្ដម​បន្តថា​៖ «​នៅ​ព្រឹក​ថ្ងៃទី ១៦​នោះ ខ្ញុំ​បានដឹងថា សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា បាន​ដកហូត​អភ័យឯកសិទ្ធិ​របស់ខ្ញុំ​ដោយ​ខុសច្បាប់ ដែល​ដូចជា​បាន ដក​អាវុធ​ការពារ​ខ្លួន សម្រាប់​សមរភូមិ​ផ្លូវច្បាប់ ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ប្រតិបត្តិការ​នៅ​ហ្នឹង​កន្លែង​។ បន្តិចក្រោយមក ខ្ញុំ​ក៏​ទទួល​ទូរស័ព្ទ​មកពី​ឯកអគ្គរដ្ឋទូត​មួយរូប​នៃ​ប្រទេស​ជា​មិត្ត​មួយ បាន​នាំសារ​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយរូប​ដែលមាន​បំណងល្អ សុំ​ឲ្យ​ខ្ញុំ​ពន្យា​ពេល​ការវិលត្រឡប់​របស់ខ្ញុំ ដោយ​ទុកពេល​ឲ្យ​គាត់ ធ្វើ​ការរក​ដំណោះស្រាយ​បន្ថយ​ភាព​តានតឹង ដ៏​គ្រោះថ្នាក់​ជាមុនសិន​»​។​
 
​ឯកឧត្ដម សម រង្ស៊ី បញ្ជាក់​បន្តថា លោក​បានសម្រេច​ចិត្ត​មិន​ត្រឡប់មក​ប្រទេស​វិញ ដោយ​លោក​បានទទួល​ទូរស័ព្ទ ពី​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​ប្រាប់​រូប​ឯកឧត្ដម​ថា សមាជិកសភា​បក្សប្រឆាំង​បានផ្តល់​អនុសាសន៍​ជា​ឯកច្ឆ័ន្ទ​មួយ​ឲ្យ​ឯកឧត្ដម ពន្យា​ពេល​វិលត្រឡប់​ចូល​ស្រុក​ខ្មែរ ដោយសារតែ​អំពើហិង្សា​មួយ​អាច​នឹង​កើតមានឡើង ដែល​ក្រុមមនុស្ស​របស់​បក្ស​ប្រជាជន​កម្ពុជា អាច​បង្កឡើង ភ្លាមៗ ពេលដែល​យន្តហោះ​របស់​លោក​ចុះ​ដល់​ដី​ក្នុង​ព្រលានយន្តហោះ​។​
 
​មេបក្ស​ជំទាស់​រូបនេះ ក៏​ចោទ​ជា​សំណួរ​នៅក្នុង​ការបញ្ចេញមតិរ​បស់​លោក​ថា​៖ «​តើ​មេដឹកនាំ​បក្សប្រឆាំង​ផ្សេងទៀត អាច​នឹងមាន​ការសម្រេច​ចិត្ត​យ៉ាងដូចម្តេច​លើ​ការវិលត្រឡប់​របស់​ឯក​ឧត្ដម នៅក្នុង​កាលៈទេសៈ​បែបនេះ ប្រសិនបើ​ឯកឧត្ដម អះអាង​ពី​ការទទួលខុសត្រូវ​?»
 
​លោក សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្ដេច ហ៊ុន សែន មិនអាច​ឆ្លើយ​សំណួរ​ឯកឧត្ដម សម រង្ស៊ី ខាងលើនេះ បានទេ ប៉ុន្តែ​លោក​បាន​ប្រាប់ VOA ថា ឯកឧត្ដម សម រង្ស៊ី គ្មាន​ជម្រើស​ណា​ក្រៅពី​ចូល​ពន្ធនាគារ ហើយ​ថា អំពើហិង្សា​ណា​នោះ​ក៏​មិនអាច​កើតមានឡើង​បានដែរ​។​
 
«​គាត់​ខ្លាច​គុក​ទេ វា​មិនមែន​ខ្លាច​មាន​អំពើហិង្សា​ទេ​។ មាន​អ្នកណា​ការពារ​គាត់​? ព្រោះ​គាត់​ល្មើសច្បាប់ ហើយ​ជា​ទណ្ឌិត​ទៅហើយនោះ​។ តុលាការ​សាលាឧទ្ធរណ៍ សាលាដំបូង​គេ​កាត់សេចក្តី មាន​សាលក្រម សាលដីកា ជា​ស្ថាពរ​ហើយ អីចឹង​មាន​អ្វី​ត្រូវ​គាត់​តវ៉ា អី​ទៀត តែ​មក​ហ្នឹង​គឺថា​ខ្នោះ​គ្រឹប​ហើយ គេ​ទៅ​ទទួល​ពី​ជណ្តើរ​កប៉ាល់​ហោះ យកទៅដាក់​គុក​ព្រៃ​ស ហើយ អាហ្នឹង គាត់​ខ្លាច អាហ្នឹង អ្ហា​តើ​»​។​
​លោក​បន្ថែមថា លោក​មិនមាន​ការចាប់អារម្មណ៍​ចំពោះ​ការ​ថ្លែង​របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ ហើយ​ថា ភាព​រុញ​រា​របស់​ប្រធាន​បក្ស​រូបនេះ ចំពោះ​ការអនុវត្ត​ទោស បង្ហាញ​ឲ្យ​ឃើញថា លោក​មិនមាន​ការលះបង់​ពិតប្រាកដ​ចំពោះ​ប្រជាជាតិ​ខ្មែរ​នោះទេ​។​
 
«​គាត់​ខ្លាច​គុក​ហ្នឹង បាន​គាត់​មិន​ហ៊ាន អានេះ​ហើយ គឺជា​អ្នកនយោបាយ ជា​ប្រធាន​គណបក្ស មួយ​ដែលថា​ស៊ូស្លាប់ ដើម្បី​ជាតិ​នោះ តែ​គ្រាន់តែ​គុក​ពីរ​ឆ្នាំ​ខ្លាច​ដែរ អាហ្នឹង​មិនដឹង​ទៅ​ស៊ូស្លាប់​ដើម្បី​ជាតិ​តាម​កន្លែង​ណា​»​។​
 
​ឯកឧត្ដម សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ត្រូវបាន​រដ្ឋសភា​ដែល​មានតែ​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នកតំណាងរាស្ត្រ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​កាត់ទោស​រូបលោក​។​
 
​ឯកឧត្ដម​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ទាក់ទង​នឹង​ការ​ថ្លែង​របស់​ឯកឧត្ដម​ដែលថា លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឃុបឃិត​ជាមួយនឹង​ក្រុមខ្មែរក្រហម ពេលដែល​លោក ហោ ណាំហុង នៅជាប់​ក្នុង​ពន្ធនាគារ​បឹង ត្របែក​។​
 
​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ដែលជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ក្នុងស្រុក បាន​ប្រាប់ VOA ថា លោក​ចង់ឃើញ អ្នកនយោបាយ​នៃ​បក្ស​ទាំងពីរ ងាក​មក​ជជែក​គ្នា បញ្ចប់​ការឈ្លោះទាស់ទែង​គ្នា​ផ្នែក​នយោបាយ ដោយសារតែ​ចង់​ធ្វើជា​វីរៈបុរស​រៀងៗ​ខ្លួន​។​
 
«​ខ្ញុំ​មិន​ចង់​ឲ្យ​មាន ជម្លោះ​ទេ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ជម្រើស​ដល់​ថា្នក់​ទៅជា​ជម្លោះ ជា​ជម្រើស​នៅ​គុក ឬមួយ​នៅក្រៅ​ប្រទេស​អីចឹង​ទេ​។ ខ្ញុំ​មើលទៅ​ជម្រើស​ទាំងពីរ​គឺ ជា​ជម្រើស​កម្សត់​សម្រាប់​ជាតិ​មែនទែន យើង​គួរ​អាណិត​ជាតិ ហើយ​មិន​គួរតែ​បែប​ហ្នឹង​ទេ​»​។​
 
​នៅ​គ្រា​ដែល ឯកឧត្ដម សម រង្ស៊ី ស្ថិតនៅ​ក្រៅប្រទេស បក្សប្រឆាំង​បាន​រង​ការវាយប្រហារ​តាមផ្លូវ​ច្បាប់ ជា​បន្តបន្ទាប់ រាប់​ពី​អនុប្រធាន​បក្ស​គឺ លោក កឹម សុខា តំណាងរាស្ត្រ​ជាច្រើនរូប និង​មន្ត្រី​ថ្នាក់ឃុំ​។ ថ្មីៗ​នេះ តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកា​កោះហៅ ឯកឧត្ដម កឹម សុខា ឲ្យ​ចូលខ្លួន​បំភ្លឺ បណ្តឹង​បរិហាកេរ្តិ៍​របស់​នាង ធី សុវណ្ណ​ថា និង​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្សជំទាស់​គឺ លោក ពិន រតនា តំណាងរាស្ត្រ​ខេត្តកណ្តាល និង​លោក​តុ​ប វ៉ាន់​ចាន់ តំណាងរាស្ត្រ​ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ចម្លើយសារភាព​របស់​ស្ត្រី​ម្នាក់​ក្នុង​រឿងអាស្រូវ​ស្នេហា​លួចលាក់​ដែល​គេ​សង្ស័យ​ជា​របស់​ឯកឧត្ដម កឹម សុខា​។​
​មេឃុំ​បក្សប្រឆាំង​ម្នាក់​នៅ​ខេត្តកំពង់ចាម គឺ លោក ស៊ា​ង ចែត ក៏បាន​ជាប់ឃុំ​ដោយសារ​រឿងអាស្រូវ​ស្នេហា​លួចលាក់​នេះដែរ​។ ចំណែកឯ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​ខេត្តសៀមរាប ក៏​កំពុង​ជាប់ឃុំ​ក្នុង​សំណុំរឿង​ផែនទី និង​ព្រំដែន​កម្ពុជា វៀតណាម​។​
 
​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ បន្តថា អ្នកនយោបាយ​នៃ​បក្ស​ទាំងពីរ​ដែលមាន​កៅអី​ក្នុង​សភា គួរ​រក​ផ្លូវ​ជួប​ជជែក​គ្នា ដើម្បី​ឲ្យ​មាន​ការវិល​ត្រឡប់មក​វិញ​នៃ​មេបក្ស​ប្រឆាំង ជាជាង​ប្រឈមមុខ​។​
«​ដើម្បី​ផលប្រយោជន៍​ជាតិ តាមពិត​គណបក្សនយោបាយ​ទាំងសងខាង គួរតែ​ចាប់ផ្តើម​ជជែក​គ្នា ធ្វើ​ម៉េច​ឲ្យ​ឯកឧត្ដម សម រង្ស៊ី វិលត្រឡប់​មកវិញ ដោយ​មិន​ជាប់គុក​បាន ហើយ​ឯកឧត្ដម សម រង្ស៊ី ក៏ត្រូវ​តែ ទទួល​ទីមួយ​កុំ​ឲ្យ​លាប​ពណ៌ កុំ​ឲ្យ​ដូច​ថា ជេរប្រមាថ សុទ្ធតែ​ខ្មែរក្រហម ឬមួយ ប៉ុល ពត​អី អាហ្នឹង ខ្ញុំ​មើលទៅ ឬមួយ​ក៏​លាប​ពណ៌​អាយ៉ងយួន ឬមួយ​ក៏​យើង​ស្អី​ក្បាល​យួន​អី ខ្ញុំ​មើលទៅ ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​ពេញចិត្ត បើសិនជា​ករណី រឿង​គាត់​ចង់​និយាយ​រឿង​ព្រំដែន គាត់​គួរតែ​និយាយ​រឿង​ព្រំដែន អាហ្នឹង​ជា​សិទ្ធិ​របស់​គណបក្សប្រឆាំង​»​។​
 
​ថ្វីដ្បិតតែ​មានការ​ចង់​បាន​កិច្ចសន្ទនា រវាង​អ្នកនយោបាយ នៃ​បក្ស​ទាំងពីរ តាម​ការលើកឡើង​រប​ស់ លោក អ៊ូ វីរៈ ដែល​កំពុង​រង​បណ្តឹង​បរិហាកេរ្តិ៍​ពី​បក្ស​កាន់អំណាច លោក សុខ ឦសាន អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ បញ្ជាក់ថា ការជួប​សន្ទនា​អាចធ្វើ​ទៅបាន លុះត្រាតែ​ឯកឧត្ដម សម រង្ស៊ី ព្រម​ចូលមក​អនុវត្ត​ទោស​របស់លោក​។​
 
​យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ បន្ត​គាំទ្រ​ជំហរ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​របស់​ឯកឧត្ដម សម រង្ស៊ី​។ លោក​បន្ថែមថា ក្រុមមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិត​ស្វែងរក​ច្រក​សម្រាប់​ចរចា ជាមួយ​បក្ស​គ្រប់គ្រង​ប្រទេស ដើម្បី​ប​ន្ថូ​រក​ម្តៅ​នយោបាយ ដែល​កាន់តែ​ក្តៅ​ឡើងៗ​។​
 
«​យើង​នឹង​ប្រឹងប្រែង ព្រោះ​ទោះបី​វប្បធម៌​សន្ទនា មាន​ភាពរអាក់រអួល​ក៏ដោយ ក៏​យើង​នៅតែ​ប្រឹងប្រែង​។ យើង​ត្រូវ​ការចង់​និយាយ​គ្នា ចង់​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ ធ្វើ​ម៉េច​ឲ្យ​ស្ថានការណ៍​ហ្នឹង វា​វិល​មក​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​សង្គម​យើង​មាន​ស្ថេរភាព មានការ​អភិវឌ្ឍ​ពិតប្រាកដ ហើយ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ហ្នឹង វា​មានដំណើរ​ការល្អ​។ បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ប្រទេស ដូចជា​ប្រទេស​ភូមា​ហ្នឹង គេ​ទៅជា គេ​ធ្លាប់​អាក្រក់​ហ្នឹង ឥឡូវ​ហ្នឹង​គេ​ឡើងមក​ល្អ​ប្រជាធិបតេយ្យ​គេ ការគោរព​សិទ្ធិមនុស្ស​របស់គេ វា​មានដំណើរ​ការ​រលូន ដំណើរការ និយាយ​រួម​វា​ល្អប្រសើរ​»​។ 
 
​ឯកឧត្ដម សម រង្ស៊ី ដែល​ធ្លាប់​ហៅ គូប្រជែង​របស់លោក គឺ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នកមាន​យុទ្ធសាស្ត្រ​នយោបាយ​យ៉ាង​ចំណាន​នោះ ក៏​កំពុង​រង​នឹង​បណ្ដឹង​ផ្សេងទៀត​ដែរ ដែល​ក្នុងនោះ គឺ​បណ្ដឹង​របស់​សម្ដេច ហេង សំរិន ប្រធាន​សភាជាតិ ដែល​បាន​ប្ដឹង​លោក​ពីបទ​បរិហារកេរ្តិ៍​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com