អន្តរជាតិ
រឿងអាស្រូវ​អ៊ី​ម៉ែ​ល​លោកស្រី គ្លី​ន​តុ​ន មិន​ប៉ះពាល់​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​?
27, May 2016 , 4:42 pm        
រូបភាព
​រឿងអាស្រូវ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ជាថ្មី ក្រោយ​ក្រសួងការបរទេស​ចេញ​របាយការណ៍​បន្ទោស​លោកស្រី​ថ្មីៗ​នេះ​ទៀត​។ វា​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ដែរ ស្របពេល​លោកស្រី ខ្នះខ្នែង​រក​ការគាំទ្រ​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​នោះ​។ តែ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន អះអាងថា បញ្ហា​នេះ​មិនមែនជា​ឧបសគ្គ​រារាំង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ទេ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​ក្រពុលមុខ​ជាថ្មី​ដោយសារ​រឿងអាស្រូវ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន ឡូកឡំ​ជាមួយ​កិច្ចការងារ​ផ្លូវការ​របស់​ក្រសួងការបរទេស​ក្នុងពេល​លោកស្រី​បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស​នោះ​។ ប៉ុន្តែ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​ស្វិតស្វាញ​រក​ផ្លូវ​ដើម្បី ឈានទៅ​ក្លាយជា​ប្រធានាធិបតី​នេះ បាន​បកស្រាយ​ថា បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​លោកស្រី​ក្នុងការ​បោះឆ្នោត​ឡើយ​។

​តាមពិតទៅ រឿងអាស្រូវ​នេះ​ចាប់ផ្តើម​ក្តៅ​ជាថ្មី ពេលដែល​ការិយាល័យ​អធិការកិច្ច​ទូទៅ​នៃ ក្រសួងការបរទេស​អា​មេ​រិ​ក​ចេញ​របាយការណ៍​ស៊ើបអង្កេត​មួយ​បន្ទោស​លោកស្រី ដែល​ធ្វេសប្រហែស​ក្នុងពេល​បំពេញការងារ​ជា​រដ្ឋមន្ត្រី​។ របាយការណ៍​នោះ​បន្ទោស​ថា លោកស្រី គ្លី​ន​តុ​ន មិនគួរ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ឯកជន​ដើម្បី​ឆ្លើយឆ្លង​កិច្ចការងារ​ការបរទេស​និង​សន្តិសុខ​ផ្លូវការ​ឡើយ​។ នេះ​ក៏ដោយ​សារ​មិនមាន​សុវត្ថិភាព ហើយ​វា​ក៏​រំលោភ​គោលនយោបាយ​ដែល​កំណត់​សម្រាប់​មន្ត្រី​ក្រសួងការបរទេស​។​

​យោងតាម​សារព័ត៌មាន ABC លោកស្រី គ្លី​ន​តុ​ន បាន​លើកឡើងថា​លោកស្រី​ទទួលស្គាល់ថា វា​ជា​កំហុសឆ្គង​មួយ​ប៉ុន្តែ​វា​មិនគួរណា​បញ្ហា​នេះ​ត្រូវគេ​យកមកប្រើ​ប្រាស់​ដើម្បី​កេងចំណេញ​នយោបាយ​ឡើយ​។  ក្រៅពីនេះ​លោកស្រី​ក៏បាន​បកស្រាយ​ថា ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ឯកជន​ត្រូវបាន​អនុញ្ញាត​ចំពោះ​រដ្ឋមន្ត្រីការបរទេស​ដែរ​យោងតាម​របាយការណ៍​ក្រសួង​ការ​បរ​ទេ​ខាងលើ​។ ហើយ វា​ក៏មាន​ការបកស្រាយ​និង​បញ្ជាក់​ច្បាស់លាស់​ហើយ​ពាក់ព័ន្ធ​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​នេះ​កន្លងមក ព្រោះ​លោកស្រី​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ដើម្បី​បំភ្លឺ​និង​ឆ្លើយ​សំណួរ​ចំពោះមុខ​គណកម្មការ​ស៊ើបអង្កេត Benghazi ពាក់ព័ន្ធ​បញ្ហា​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​នេះ​។

​រឿងអាស្រូវ​អ៊ី​ម៉ែ​ល​នេះ​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​ក៏​ព្រោះតែ​មានការ​លូកដៃ​ពី​សំណាក់​សមាជិក​បក្ស​សាធារណរដ្ឋ​ដែរ ស្រប​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិត​មកដល់​។ ដូច​ឃើញស្រាប់ លោក ដូ​ណា​ល់ ត្រាំ បន្ត​យក​បញ្ហា​អ៊ី​ម៉ែ​ល និង​ការវាយប្រហារ​នៅ បេន​ហ្កា​ស៊ី (Benghazi)   ក្នុង​ឆ្នាំ ២០១២ មក​វាយប្រហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជារឿយ ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី​។​

 តាមពិតទៅ រឿង​ប្រើ​អ៊ី​ម៉ែ​ល​ឯកជន​នេះ​វា​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​បក្ស​សាធារណរដ្ឋ​ដើមឆ្នាំ ២០១៥  ក្នុងពេលដែល​គណកម្មកា​រ​សភា​បន្ត​ស៊ើបអង្កេត​ករណី​វាយប្រហារ​ដោយ​ក្រុម​ចលនា​ឥស្លាម​ជ្រុលនិយម​គាំទ្រ​លោក ហ្កា​ដា​ហ្វី​នៅ​ថ្ងៃ ១១​កញ្ញា​ឆ្នាំ ២០១២ លើ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​បេន​ហ្កា​ស៊ី (Benghazi)  លី​ប៊ី ដោយ​សម្លាប់​ជនជាតិ​អាមេរិក​បួនរូប​ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​លី​ប៊ី​លោក Chris Stevens ។ ហើយ​ក្រោយ​រកឃើញ​តម្រុយ​ថា អតីតរដ្ឋមន្ត្រី​ការបរទេស​នេះ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ឯកជន ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​បន្ត ហើយ​គណបក្ស​សាធារណរដ្ឋ​ចោទថា ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​ដើម្បី​ឆ្លើយឆ្លង​កិច្ចការ​ការបរទេស​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​ថែមទៀត​៕ 


Tag:
 ​អ៊ី​ម៉ែ​ល
  ​លោកស្រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com