អន្តរជាតិ
ចិន បញ្ជូន​នាវា​៥​គ្រឿង​និង​ទ័ព​ជាង​មួយ​ពាន់​នាក់ ចូលរួម​សមយុទ្ធ​នៅ​កោះ​ហា​វ៉ៃ​
25, Jun 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មហា​យក្ស​ចិន បាន​បង្កើន​ចំនួន​កងកម្លាំង​របស់​ខ្លួន ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ធំជាងគេ​លើ​ពិភពលោក ដែល​ធ្វើ​ក្នុង​ដែនទឹក​របស់​អាមេរិក​។ គេ​រំពឹងថា ចិន នឹង​យក​សមយុទ្ធ​នេះ សម្រាប់​បង្អួត​កម្លាំង​សាច់ដុំ​របស់ខ្លួន ខណៈដែល ចិន និង​អាមេរិក កំពុងតែ​មើលមុខ​គ្នា មិនសូវ​ត្រូវ ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។



​កងកម្លាំង​ជើង​ទឹក​មកពី​ជុំវិញ​ពិភពលោក នឹង​មក​ប្រមូល​ផ្ដុំគ្នា នៅឯ​កោះ​ហា​វ៉ៃ ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​សមយុទ្ធ​ដ៏​ធំ The Rim of the Pacific ប្រចាំឆ្នាំ​២០១៦ ឬ RIMPAC​។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​វត្តមាន​ទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។ នេះ ជា​ឆ្នាំ​ទី​ពីរ ដែល​ចិន​បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ធំ​បែបនេះ តាម​ការអញ្ជើញ​របស់​អាមេរិក ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​កងទ័ព និង​កងទ័ព​។

​បើតាម​សារព័ត៌មាន Diplomat ចិន បាន​បង្កើន​ទ័ព​របស់ខ្លួន​ក្នុង​សមយុទ្ធ RIMPAC ក្នុង​ឆ្នាំ​២០១៦ នេះ​។ សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន ផ្សាយ​ថា ក្រុង​ប៉េកាំង នឹង​បញ្ជូន​នាវា​ចំនួន​៥ មាន​ជា​ប្រភេទ​នាវា​ប្រយុទ្ធ នាវា​បំពាក់​មី​ស៊ី​ល និង​រួមទាំង​នាវាមុជទឹក​ជួយសង្គ្រោះ​មួយ​ផងដែរ​។ ជាមួយគ្នានេះ ក្រុង​ប៉េកាំង ក៏​នឹង​បញ្ជូន​មន្ត្រី និង​ទ័ពជើងទឹក ចំនួន​១២០០​នាក់​ផងដែរ ខណៈ​សមយុទ្ធ RIMPAC ឆ្នាំ​២០១៤ មានតែ​ចំនួន​១១០០​នាក់​ប៉ុណ្ណោះ​។

​ក្រៅពី​ទ័ពជើងទឹក​អាមេរិក និង​ចិន សមយុទ្ធ​ក្នុង​ឆ្នាំ​២០១៦ នេះ នឹងមាន​កងកម្លាំង​ទ័ពជើងទឹក​មកពី​២៧​ប្រទេស​ផ្សេងទៀត ចូលរួម​ផងដែរ​។ ប្រទេស​ទាំងនោះ​មាន អូស្ត្រាលី ប្រេ​ស៊ី​ល ព្រុយ​ណេ កាណាដា ស៊ី​លី កូ​ឡ​ប៊ី ដា​ណឺ​ម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី មិច​ស៊ិ​ច ហូ​ឡង់ ណូ​វែ​ល​សេ​ឡង់ ន័​រវេ​ស ប៉េ​រូ កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហ​បុរី ថៃ តុង​ហ្កា និង​ចក្រភព​អង់គ្លេស​។​

​សូមបញ្ជាក់ថា សមយុទ្ធ​ជើង​ទឹក​ដ៏​ធំជាងគេ RIMPAC នឹង​ចាប់ផ្ដើម​នៅ​ដំណាច់​ខែមិថុនា ដោយមាន​ការចូលរួម​ពី​នាវា​ចំនួន​៤៥​គ្រឿង នាវាមុជទឹក​៥​គ្រឿង ព្រមជាមួយ​យន្តហោះ​ច្រើនជាង​២០០​គ្រឿង ក៏ដូចជា​កងកម្លាំង​សរុប​ដល់​ទៅជិត​៣​ម៉ឺន​នាក់​ឯណោះ​។ សមយុទ្ធ​នេះ តែងតែ​ពីរ​ឆ្នាំ​ម្ដង ខណៈ​លើកចុងក្រោយ គឺ​ក្នុង​ឆ្នាំ​២០១៤ ដែល​ទ័ពជើងទឹក​ចិន បាន​ចូលរួម​ជា​លើកទីមួយ​។ 

​សមយុទ្ធ​នេះ ធ្វើឡើង​ក្បែរ​កោះ​ហា​វ៉ៃ និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរសមុទ្រ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​នោះទេ នឹង​ចាប់ផ្ដើម​លំ​ហាត់​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៤ ខែសីហា​។ អ្វី​កាន់តែ​ពិសេស​នោះ ជា​លើកដំបូង​បំផុត​ក្នុង​សមយុទ្ធ​នេះ នឹងមាន​លំ​ហាត់​របស់​នាវាមុជទឹក បន្ថែម​លើ​លំ​ហាត់​បញ្ជា​៕ 


Tag:
 ចិន​
 ​ អាមេរិក​
  ​សមយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com