អត្ថបទពាណិជ្ជកម្ម
ស៊ី​កណល​បន្ត​អប់រំ​ពី​សុខភាព​មាត់​ធ្មេញ​ដោយ​បរិច្ចាគ​ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ
06, Jul 2016 , 2:41 pm        
រូបភាព
​ក្រុមហ៊ុន​យូនីលីវើ ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញប្រើប្រាស់​ឈានមុខ​គេ បាន​បរិច្ចាគ​ផលិតផល​ស៊ី​កណល ដែលជា​ម៉ាក​យីហោ​ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។ ដែល​នេះ​ជា​សកម្មភាព​មួយផ្នែក​ទៀត​នៃ​យុទ្ធនា​ការអបអរ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក ដើម្បី​លើកកម្ពស់​ពី​ការយល់ដឹង​ស្ដីពី​សុខភាព​មាត់​ធ្មេញ ។

​ក្រុមហ៊ុន​យូនីលីវើ​បាន​ឲ្យ​ដឹងថា ថ្នាំដុសធ្មេញ  និង​ច្រាស​ដុសធ្មេញ​ស៊ី​កណល ប្រមាណ​ជាង ៤៣០០០ ឈុត គិត​ជា​ទឹកប្រាក់​ជិត ៦ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​បរិច្ចាក​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ចែក​បន្ត​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​ដែល​បានមក​ពិនិត្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នោះ ក៏ដូចជា​ចែកជូន​សហគមន៍​ជនបទ​នៅក្នុង​ខេត្តសៀមរាប អំឡុងពេល​ចុះ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​មាត់​ធ្មេញ ។


​កញ្ញា សយ ម៉ូ​នី​កា ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​ទំនាក់ទំនង នៃ​ក្រុមហ៊ុន​យូនីលីវើ ដែល​ចែកចាយ​ថ្នាំ និង​ច្រាស​ដុសធ្មេញ​ស៊ី​កណល​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការពិតទៅ​ការបរិច្ចាគ​ថ្នាំដុសធ្មេញ​ស៊ី​កណល​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏​ជា​ផ្នែក​មួយ​នៃ ការ​ប្រារព្ធ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក ដែល​ក្រុមហ៊ុន​យូនីលីវើ​បាន​សហការ​ជាមួយនិង​ក្រសួងសុខាភិបាល ព្រមទាំង​សមាគម​ទន្តពេទ្យ​កម្ពុជា ។ … ក្រុមហ៊ុន​យូនីលីវើ ក៏ដូចជា​ថ្នាំដុសធ្មេញ​ស៊ី​កណល សង្ឃឹមថា​យើង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​បញ្ហា​សុខភាព​មាត់​ធ្មេញ ជាពិសេស​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​របស់​កុមារ​កម្ពុជា​” ។

​លោក លឹម ណា​រ៉េត ប្រធាន​ផ្នែក​សុខភាព​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងថា​៖ “​ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន​យូនីលីវើ​ដែលមាន​ថ្នាំដុសធ្មេញ​ស៊ី​កណល ហើយ​និង​ច្រាស​ដុសធ្មេញ​Deep Clean នេះ យើង​និង​យកទៅ​ចែកជូន​កុមារ ។ ទីមួយ យើង​យកទៅ​ចែកជូន​កុមារ​ដែល​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​រៀងរាល់ថ្ងៃ ។​…​ទី​ពីរ យើង​យក​ចែក​ដល់​កុមារ​នៅតាម​សហគមន៍ ដោយ​យើង​បាន​សហការ​ជាមួយ​កម្មវិធី​កសាង​សមត្ថភាព និង​អប់រំ​សុខភាព​សហគមន៍ យើង​ធ្វើការ​ជាមួយនិង​កុមារ​ជាង ២ ម៉ឺន​នាក់​នៅក្នុង​សហគមន៍ ដែលមាន​រហូតដល់ ៧៦ សាលាបឋមសិក្សា ហើយ​និង​ប្រជាជន​គោលដៅ​ចំនួន ១ ម៉ឺន​នាក់​ផ្សេងទៀត​នៅក្នុង​ស្រុក​ប្រតិបត្តិ​សូទ្រនិគម​” ។​

​ស្របពេល​ជាមួយគ្នានេះ ក្រុមការងារ​របស់​ស៊ី​កណល ដោយ​សហការ​ជាមួយនិង​គ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​អង្គរ​ក៏បាន​ចុះទៅ​អប់រំ​អំពី​បញ្ហា​មាត់​ធ្មេញ​ដល់​កុមារ​នៅ​ទីជនបទ និង​បង្រៀន​ពួកគាត់​អំពីរ​របៀប​ថែរក្សា​មាត់​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ។


​អ្នកស្រី មាស សុ​ទីន ជា​ទន្តពេទ្យ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​បាន​មានប្រសាសន៍ថា​៖ “​ចង់​ឲ្យ​ប្រជាជន​នៅតាម​សហគមន៍​យល់ដឹង​ផ្នែក​សុខភាព មាត់​ធ្មេញ ព្រោះ​ធម្មតា​នៅតាម​សហគមន៍​របស់​យើង ប្រជាជន​ភាគច្រើន​គាត់​មានការ​ចេះដឹង​មាន​កម្រិត  យើង​ត្រូវតែ​អប់រំ​ដើម្បី​ឲ្យ​គាត់​ដឹង ។ អ្នកខ្លះ គាត់​ដុសធ្មេញ តែ​គាត់​ដុស​ទៅតាម​របៀប​គាត់​ចេះ​ពី​ម៉ាក់​ប៉ា​គាត់ ។​នៅពេល​យើង​ប្រាប់​ពី​របៀប​ដុសធ្មេញ​ទៅ វា​ជួយ​ឲ្យ​ធ្មេញ​របស់គាត់​មាន​សុខ​ភាពល្អ ហើយ​វា​ជួយ​កាត់បន្ថយ​ជំងឺ​ពុក​ធ្មេញ​របស់​ពួកគាត់​ផង ។​” 

​កន្លងមក​នៅក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនា​ការអប់រំ​សុខភាព​មាត់​ធ្មេញ ក្រុមការងារ​ស៊ី​កណល និង​ទន្តពេទ្យ​ស្ម័គ្រចិត្ត​ក៏បាន​ចុះ​អប់រំ​អំពី​សុខភាព​មាត់​ធ្មេញ និង​ចែកចាយ​ផលិតផល​ស៊ី​កណល​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង ៧៨០០០ នាក់ មកពី​សាលាបឋមសិក្សា​ចំនួន ២៦០ សាលា​ក្នុង​ខេត្ត​ក្រុង​ចំនួន ១៥ ទូទាំងប្រទេស ។

​ក្រុមហ៊ុន​យូនីលីវើ និង​ស៊ី​កណល​បាន​ឲ្យ​ដឹងថា នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​ក្រុមហ៊ុន​បានរៀបចំ​យុទ្ធនា​ការអបអរ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​នេះ​ឡើង នៅ​កម្ពុជា​នេះ ។

​ក្រៅពីនេះ ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ ស៊ី​កណល​ក៏មាន​ជាកា​រៀបចំ ការប្រកួតប្រជែង​រៀបចំ​តាំង​បង្ហាញ​ផលិតផល​ក្នុងចំណោម​អាជីវករ​នា​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ។​

​អ្នកស្រី វ៉ន ម៉ាលី ដែលជា​អ្នកឈ្នះ​ម្នាក់​ក្នុងការ​ប្រកួតប្រជែង​នោះបាន​ថ្លែងថា ការចេះ​រៀបចំ​តូប​បង្ហាញ​ឲ្យ​មាន​ភាព​ទាក់ទាញ​ដូច្នេះ​បាន​ជួយ​បង្កើន​ចំណាប់អារម្មណ៍ និង​ការលក់​ផលិតផល​នៅ​តូប​របស់​លោកស្រី ក៏ដូចជា​សម្រួល​ដល់​ការលក់​ថែមទៀត​ផង ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​មែនទែន ដែល​ច្រាស​ដុសធ្មេញ និង​ថ្នាំដុសធ្មេញ​ស៊ី​កណល​បានរៀបចំ​ការប្រកួតប្រជែង​នៅ​តូប​នាង​ខ្ញុំ​ហ្នឹង ។ ទីមួយ​វា​មាន​សោភ័ណភាព​ស្រស់ស្អាត​លើ​តូប​នាង​ខ្ញុំ ហើយ​ទី​ពីរ​មើលទៅ​អតិថិជន​នាង​ខ្ញុំ​ឃើញថា​គួរ​ឲ្យ​ទាក់ទាញ ហើយ​គាត់​ក៏មាន​ចំណាប់អារម្មណ៍​ជាង​មុន​ដែរ​” ។

​ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​មើលឃើញ​ពី​សារសំខាន់​នៃ​ការចូលរួមចំណែក​រប​ស់​ស៊ី​កណល​ក្នុង​កិច្ចការងារ​អប់រំ​អំពី​សុខភាព​មាត់​ធ្មេញ​ដល់​ប្រជាជន​តាម​ទីជនបទ និង​នៅតាម​សាលារៀន  ។​

 “​នាង​ខ្ញុំ​យល់ឃើញថា បេសកកម្ម​ទិវា សុខភាព មាត់​ធ្មេញ​ពិភពលោក​នេះ​មាន​សារសំខាន់​ណាស់ ទីមួយ​ពួកគាត់​ទទួលបាន​ចំណេះដឹង​សុខភាព​មាត់​ធ្មេញ ទី​ពីរ​ពួកគាត់​ទទួលបាន​ថ្នាំដុសធ្មេញ និង​ច្រាស​ដុសធ្មេញ​ស៊ី​កណល យកទៅ​ប្រើ​ដោយ​ឥតគិតថ្លៃ​” ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com