អន្តរជាតិ
លោក Kerry នឹង​ជួប​លោក Duterte ជា​លើកដំបូង​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​
22, Jul 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Jonh Kerry នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ហ្វីលីពីន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៧ ខែកក្កដា​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte​។ ជំនួប​នេះ នឹង​ក្លាយជា​ជំនួប​ផ្លូវការ​លើកដំបូង​ហើយ​រវាង​អាមេរិក និង​រដ្ឋបាល​ថ្មី​ហ្វីលីពីន​របស់លោក Duterte​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Mark Toner នៅ​ថ្ងៃទី​១៩ ខែកក្កដា​កន្លងទៅ បាន​អះអាងថា លោក Kerry នឹង​ពិភាក្សា​លើ​បញ្ហា​ទូទៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​អាមេរិក​ជាមួយនឹង​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ដែល​ទើប​ឡើងកាន់តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​កន្លងទៅ​។ លោក Kerry ក៏​នឹង​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​ហ្វីលីពីន​គឺ​លោក Perfecto Yasay​ផងដែរ​។

​មុនពេល​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏​នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៦ ខែកក្កដា​ខាងមុខនេះ​ផងដែរ​។ កិច្ចប្រជុំ​ទាំងនោះ​រួមមាន កិច្ចប្រជុំ​នៃ​វេទិកា​តំបន់​អាស៊ាន​(ARF), កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ី​បូព៌ា​, កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​។

​សូមបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយនឹង​គ្នា​ខ្លាំង​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​យោធា​។

​ដោយឡែក​សម្រាប់​រដ្ឋបាល​ហ្វីលីពីន​ថ្មី​នេះ គេ​មិនទាន់​ឃើញ​មាន​សញ្ញាណ​ណាមួយ​បង្ហាញ​ពី​គោលជំហរ​ជិតស្និទ្ធ​គ្នា​នៅឡើយ​នោះទេ រវាង​ភាគី​ទាំងពីរ ពោលគឺ ត្រូវ​រង់​ចាំមើល​លទ្ធផល​នៃ​កិច្ចពិភាក្សា​ទូទៅ​ផ្លូវការ​រវាង​លោក Kerry និង​លោក Duterte​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ហ្វីលីពីន និង​អាមេរិក គឺជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ដោយ​មិន​ត្រឹមតែ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នោះទេ តែ​ភាគី​ទាំងពីរ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សម្ព័ន្ធមិត្ត​ជាមួយគ្នា​ផងដែរ​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com