អន្តរជាតិ
ស្ត្រីប៉ាគីស្ថានម្នាក់ទៅក្រេបទឹកឃ្មុំនៅក្រិកតែម្នាក់ឯងព្រោះស្វាមីគ្មានទិដ្ឋាការ
× គូស្នេហ៍ប៉ាគីស្ថានដែលទើបរៀបការថ្មីថ្មោងបានខកខានឱកាសឆ្លងកាត់រាត្រីទឹកឃ្មុំរួមគ្នានៅក្នុងប្រទេសក្រិក ដោយសារតែទិដ្ឋាការរបស់ស្វាមីមានបញ្ហា។ អ្វីៗត្រូវបានត្រៀមទុករួចរាល់អស់ហើយ ដូចជាសណ្ឋាគារ សំបុត្រយន្តហោះ ទីរមណីយដ្ឋានដែលត្រូវទស្សនា ប៉ុន្តែចំថ្ងៃចេញដំណើរ បុរសជាស្វាមី បានទទួលដំណឹងថា ទិដ្ឋាការរបស់គាត់ទៅកាន់ក្រិក ត្រូវបានបដិសេធ។ ដោយមិនអាចកែប្រែ និងផ្លាស់ប្តូរ ភរិយាបានសម្រេចចិត្តចេញទៅក្រេបទឹកឃ្មុំតែម្នាក់ឯង។
Huma Mobin បានក្លាយជាមនុស្សដ៏ល្បីម្នាក់នៅលើបណ្តាញសង្គម Instagram និងហ្វេសប៊ុក បន្ទាប់ពីគាត់បានបង្ហោះរូបថតជាច្រើនសន្លឹកនាអំឡុងនៃដំណើរទៅក្រេបទឹកឃ្មុំនៅប្រទេសក្រិកតែម្នាក់ឯង ជាមួយនឹងកាយវិការនឹករលឹកដល់លោក Arsalaan Sever Butt ជាស្វាមី។
ទោះបីជាយ៉ាងណាក៏ដោយ Huma ក៏មិនស្ថិតក្នុងភាពឯកោសុទ្ធសាធនោះដែរ ដោយគាត់មានម្តាយក្មេកតាមកំដរ និងថតរាល់សកម្មភាព និងទីកន្លែង ដែលនាងបានទៅ។ Hama បានផ្ញើររូបថតគ្រប់សន្លឹកទៅដល់ស្វាមី ដោយធ្វើកាយវិការបែបកំប្លែង ហើយលោក Arsalaan បានផ្ញើររូបថតតបទៅភរិយាវិញ ជាមួយនឹងកាយវិការដូចគ្នា។
Huma បានរៀបរាប់ប្រាប់គេហទំព័រ Buzzfeed ថា៖ «នៅរាត្រីទីមួយ ខ្ញុំបានយំនៅលើស្មារបស់ម្តាយក្មេក ប៉ុន្តែខ្ញុំបានធូរស្បើយចិត្តនៅពេលបន្ទាប់ដោយសារតែម្តាយក្មេកខ្ញុំថតរូបគ្រប់ទីកន្លែងដែលខ្ញុំទៅដល់ដើម្បីបង្ហាញស្វាមី»៕
© រក្សាសិទ្ធិដោយ thmeythmey.com