អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប៊ែ​នី សេន​ដឺ ថា លោកស្រី ហ៊ី​ឡា​រី គ្លីនតុន ត្រូវតែក្លាយជាប្រធានាធិបតីអាមេរិក
26, Jul 2016 , 3:33 pm        
រូបភាព
«​យើង​ត្រូវតែ​យកជ័យ​ជម្នះ​លើ​លោក ដូ​ណា​ល់ ត្រាំ​។ យើង​ត្រូវ​តែបោះឆ្នោត​ជ្រើសរើស​លោកស្រី  ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក Tim Kaine​។  ដូ​ណា​ល់​ត្រាំ ជា​អ្នកនយោបាយ​ប្រើការ​សំឡុត​គំរាម និង​ជា​អ្នកនយោបាយ​ប្រជា​ភិ​ថុ​ត​»​។ នេះ​ជាស​ម្តី​របស់​អតីត​គូប្រជែង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោក ប៊ែ​នី សេន​ដឺ ថ្លែង​ទៅកាន់​អ្នកប្រជាធិបតេយ្យ​ក្នុង​សមាជ​បក្ស​ប្រជាធិបតេយ្យ​នា​ថ្ងៃ​ចន្ទ​ទី ២៥ កក្កដា​នេះ​។​


ខណៈដែល​មានការ​បារ​ម្ភ​ថា អ្នកប្រជាធិបតេយ្យ​អាច​បែកខ្ញែក​គ្នា និង​អាច​ចាញ់​ប្រៀប​បក្ស​សា​ធាណ​រដ្ឋ​ក្នុងការ​បោះឆ្នោត​ខាងមុខ​នោះ សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ បាន​ចេញមុខ​ថ្លែង​គាំទ្រ​និង​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាប្រធានាធិបតី​។ លោក​បាន​រិះគន់​ពេញៗ​មាត់ និង​ហៅ សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ ថា​ជា​អ្នកនយោបាយ​ប្រជា​ភិ​ថុ​ត​បោក​ប្រាស​រាស្ត្រ​។​
 
​ថ្លែង​ក្នុង​សមាជបក្ស​ប្រជាធិបតេយ្យ​នៅ​ក្រុង Philadelphia  លោក ប៊ែ​នី សេន​ដឺ បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ក៏ដូចជា​អ្នក​ស្រលាញ់​ពេញចិត្ត​លោក​បោះឆ្នោត​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដើម្បី​ឲ្យ​មានការ​ឯកភាព​ជាតិ​និង​ការផ្លាស់ប្តូរ​ក្នុងសង្គម​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក​ថ្លែងថា​៖« យើង​ត្រូវការ​ភាពជា​អ្នកដឹកនាំ​​ដែល​អាច​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ក្រុមគ្រួសារ​វណ្ណៈ​កណ្តាល​និង​ទាប​, ក្មេងៗ​, មនុស្ស​ចាស់ជរា​, អ្នក​ឈឺ និង​អ្នកក្រីក្រ​ផងដែរ​។​យើង​ត្រូវការ​ភាពជា​អ្នកដឹកនាំ ដែល​អាច​ជំរុញ​ឲ្យ​ប្រជាជន​យើង​រស់នៅ​រួមគ្នា​និង​ធ្វើ​ឲ្យ​សង្គម​យើង​កាន់តែខ្លាំង​។ មិនមែន​ភាពជា​អ្នកដឹកនាំ​ដែល​ចេះតែ​បង្ក​ឲ្យ​មានការ​បែកបាក់​សង្គម និង​ប្រមាថ​ក៏ដូចជា​បន្តុះបង្អាប់​ប្រជាជន​អាមេរិក​ឡាទីន​, ប្រជាជន​ម៉ូ​ស្លី​ម​, ស្ត្រី , ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ឡើយ​»​។​
 
​លោក ប៊ែ​នី សេន​ដឺ បន្ត​លើកឡើងថា លោក​បាន​ស្គាល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន អស់កាល​២៥​ឆ្នាំ ហើយ​លោក​ក៏​មើលឃើញថា លោកស្រី​អតីត​ស្ត្រី​ទីមួយ និង​អតីតរដ្ឋមន្ត្រី​ការបរទេស​នេះ​ជាម​នុស្ស​ដែលមាន​សមត្ថភាព​និង​ស័ក្តិ​សមជា​ប្រធានាធិបតី​អាមេរិក​។​

លោកសង្កត់ធ្ងន់ថា៖ «​ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ក្លាយជា​ប្រធានាធិបតី​ដ៏​ពូកែ​ម្នាក់ ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​ឈរ​នៅ​ជាមួយ​នាង​នៅ​យប់​នេះ​»​។​
 
​លោក ប៊ែ​នី សេន​ដឺ ចេញមុខ​កោតសរសើរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​នេះ ដើម្បី​ជួយ​បង្រួបបង្រួម​សមាជិក​បក្ស​ប្រជាធិបតេយ្យ ព្រោះ វា​មានការ​វាយតម្លៃថា គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រេះឆា ហើយ​លោក ដូ​ណា​ល់ ត្រាំ កំពុង​មានប្រៀប​ឆ្ពោះទៅ​ឈ្នះឆ្នោត​នៅពេល​ខាងមុខ​នោះ​។​
 
​បើ​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP កាលពី​ថ្មីៗ​នេះ របាយការណ៍​ស្ទង់​មតិ​មួយ​បាន​បង្ហាញថា ប្រជាប្រិយភាព​បេក្ខជន​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ កើន​ខ្ពស់ជាង​ប្រជាប្រិយភាព​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ហើយ​ម្យ៉ាង ការមិនទុកចិត្ត​គ្នា​ក្នុងចំណោម​បណ្តា​អ្នកប្រជាធិបតេយ្យ​ចាប់ផ្តើម​កើតមានឡើង ព្រោះតែ​បញ្ហា​សារ​អេ​ឡិច​ត្រូវ​និក​ដែល​បង្ហាញថា មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​មាន​ភាពលម្អៀង​ទៅរក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នោះ​ជាង​លោក ប៊ែ​នី សេន​ដឺ​នោះ​៕
 

Tag:
 ប៊ែនី​ សេនដឺ
  ហ៊ីឡារី គ្លីនតុន
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com