ជាតិ
សេដ្ឋកិច្ច
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងឡើងផ្សារហ៊ុននៅចុងឆ្នាំនេះ
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) នឹងចូលផ្សារភាគហ៊ុននៅមុនបំណាច់ឆ្នាំ ២០១៦ខាងមុខនេះ ដើម្បីគៀងគរដើមទុនបន្ថែមយកមកអភិវឌ្ឍន៍កំពង់ផែមួយនេះ។ នេះបើតាមអគ្គនាយក SAP ។
តំណាង SAP នៅថ្ងៃទី២៧ខែកក្កដា បានជួបក្រុមការងារមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនកិច្ចការចុះបញ្ជីក្នុងផ្សារភាគហ៊ុន។
លោក លូ គឹមឈន់ អគ្គនាយក SAP បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា SAP កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីសុំចុះបញ្ជីក្នុងផ្សារភាគហ៊ុនឲ្យបានមុនបំណាច់ឆ្នាំនេះ។ លោកបញ្ជាក់ទៀតថា៖«យើងបានទាក់ទងទៅគណៈកម្មការមូលបត្រកម្ពុជា (SECC) ជាប់មករហូតអំពីបញ្ហានេះ»។
អគ្គនាយក SAP រូបនេះ រំពឹងថា ការចូលផ្សារភាគហ៊ុន នឹងធ្វើឲ្យ SAP កាន់តែរីកចម្រើន។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំយល់ថាល្អ ទំនិញចេញចូលផែល្អ។ ខ្ញុំជឿថា ពេលចូលផ្សារហ៊ុន ការគ្រប់គ្រង(SAP) កាន់តែល្អ»។
លោក គឹមឈន់ បន្ថែមថា SAP គ្រោងបោះលក់ភាគហ៊ុនលើកដំបូង (IPO) របស់ខ្លួនប្រហែល ៨លាន ទៅ១០លានហ៊ុន ។ តែលោកមិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ ដែល SAP ត្រូវការ នៅពេលបោះលក់ភាគហ៊ុននោះទេ ដោយលោកកំពុងពិភាក្សាពីចំណុចនេះ។
បើតាមលោក លូ គឹមឈន់ ក្នុងឆមាសទី១ឆ្នាំនេះ ប្រាក់ចំណូលរបស់ SAP បានកើនឡើងប្រមាណ ១០,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។
យោងតាមតួលេខ ការចរាចរណ៍ទំនិញនៅកំពង់ផែ SAP មានចំនួន ២លានតោននៅឆមាសទី១ឆ្នាំនេះ កើនប្រហែល ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១,៨៩លានតោន។
នៅឆ្នាំ២០១៤ ប្រាក់ចំណូលរបស់ SAP មានប្រមាណជាង ៤៤លានដុល្លារ កើនឡើង ១៥ភាគរយធៀបនឹង ៣៩លានដុល្លារនៅឆ្នាំ២០១៣ ។ នេះបើតាមរបាយការណ៍។
បើដូចការគ្រោងទុកមែន កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋទី៣ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តភ្នំពេញ។ ហើយក្រៅពីនេះ រួមមានក្រុមហ៊ុនឯកជនពីរទៀតគឺ ក្រុមហ៊ុនកាត់ដេរតៃវ៉ាន់ Grand Twins International និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានបោះលក់ភាគហ៊ុន ក្នុងពេលកន្លង៕
Tag:
ផែស្វយ័តខេត្តព្រះសីហនុ
ភាគហ៊ុន
SAP
© រក្សាសិទ្ធិដោយ thmeythmey.com