ជាតិ
មន្ទីរពេទ្យ​កុមារ​អង្គរ​ខ្វះ​ថវិកា​១​លាន​ដុល្លារ​ទៀត​ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំ​
04, Aug 2016 , 4:42 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​ទី​២​បន្ទាប់ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ នៅក្នុង​ខេត្តសៀមរាប​។ ជា​រៀងរាល់ថ្ងៃ កុមារ​ក្រីក្រ​នៅ​ទូទាំងប្រទេស បានមក​ទទួល​ការព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ ស្វះ​ស្វែងរក​ជំនួយ និង​បង្កើត​កម្មវិធី​សប្បុរសធម៌​ជាច្រើន ក្នុង​បំណង​រក​ថវិកា​សម្រាប់​ចាយវាយ​ប្រចាំឆ្នាំ​។​



​នៅក្នុង​ឆ្នាំ​២០១៦​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខ្វះខាត​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំ​របស់ខ្លួន​។ លោក ងួន ចាន់​ភ​ក្រា្ត ប្រធាន​មន្ទីរពេទ្យ​កុមារ បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​មួយឆ្នាំៗ​មន្ទីរពេទ្យ​ត្រូវការ​ខ្ទង់​ថវិកា​ចំនួន ៦,៥​លាន​ដុល្លារ​។

​លោក ងួន ចា​ន់ភា​ក្ត្រា បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ខ្មែរ ជួយ​បរិច្ចាគ​ទាំង​ថវិកា សម្ភារ ថ្នាំពេទ្យ ដើម្បី​សម្រាល​បន្ទុក​របស់​មន្ទី​រ​ពេទ្យ​អង្គរ ដែល​តែងតែ​ព្យាបាល​កុមារ​ដោយ​មិន​គិតថ្លៃ​។ ក្រៅពី​កង្វះ​ថវិកា និង​ធនធាន​ហើយ​នោះ មន្ទីរពេទ្យ​មួយ​នេះ ក៏​នៅ​ត្រូវការ​អ្នកបរិច្ចាគឈាម ដើម្បី​ទុក​ជួយសង្គ្រោះ​កុមារ ដែល​ត្រូវ​ការវះកាត់​។​ល​។ នេះ​ជាការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យ​។​

​ក្រៅពី​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមា​រហើយ​នោះ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏មាន​សេវា​វះកាត់​បេះដូង​ដល់​កុមារ​ផងដែរ​។ ក្នុងនោះដែរ មន្ទីរពេទ្យ​មួយ​នេះ ក៏បាន​ជួយ​ផ្គត់​ផ្គន់​អាហារ កន្លែង​ស្នាក់នៅ ថ្លៃ​ឡាន​ឈ្នួល​។​ល​។ ដល់​អាណាព្យាបាល​ក្មេង ដែល​មកពី​បណ្តា​ខេត្ត​មួយចំនួន និង​ដែលមាន​ជីវភាព​ទីទ័លក្រ​ផងដែរ​។ តួលេខ​ពី​ខាង​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​មួយថ្ងៃ​មាន​កុមារ​ប្រមាណ ៥០០​នាក់ ដែល​បាន​ចូលមក​សម្រាក និង​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​។

​ជុំវិញ​ការអំពាវនាវ​ដល់​សប្បុ​រស​ជន​ជួយ​ដល់​មន្ទីរពេទ្យ​អង្គរ​នេះ គេ​សង្កេតឃើញ​កន្លងមក មាន​បណ្តា​ក្រុមហ៊ុន សមាគម សណ្ឋាគារ ភោជនីយដ្ឋាន សប្បុរសជន​។​ល​។ បានរៀបចំ​កម្មវិធី​ផ្សេងៗ​គ្នា ក្នុង​បំណង​រៃអង្គាស​ថវិកា ដើម្បី​យកមក​ជួយ​ដល់​មន្ទីរពេទ្យ​មួយ​នេះ​។ កន្លងមក ថ្នាក់​គ្រប់គ្រង​មន្ទីរពេទ្យ​ផ្ទាល់ ក៏​ធ្លាប់ធ្វើ​បុណ្យផ្កា​សាមគ្គី​ជាប្រចាំ​ឆ្នាំ ហើយ​នៅ​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៦​ខាងមុខនេះ មានកម្ម​វិធី​ជិះ​កង់​ប្រចាំឆ្នាំ ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​នេះ​ផងដែរ​។ ការចុះឈ្មោះ​ចូលរួម ក៏​កំពុង​បន្ត​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ភោជនីយដ្ឋាន​អាស៊ាន​ឃ្វែរ​ជាដើម​។​

​គួររម្លឹកថា មន្ទីរពេទ្យ​កុមារ​អង្គរ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ដោយ​ជនជាតិ​អាមេរិកកាំង ដើមកំណើត​ជប៉ុន​។ លោក ខេន​រ៉ូ អ៊ី​ហ្ស៊ុ មាន​អារម្មណ៍​សោកសង្រេង នៅពេល​លោក​បានឃើញ​ទិដ្ឋភាព​កុមារ​ជំងឺ និង​កង្វះ​អាហារូបត្ថម្ភ ហើយ​លោក​បាន​ប្រមូល​មិត្តភក្តិ និង​សប្បុរសជន​មួយចំនួន ដើម្បី​បើក​មន្ទីរពេទ្យ​មួយ​នេះ នៅក្នុង​ខេត្តសៀមរាប​៕


Tag:
 ​មន្ទីរពេទ្យ​កុមារ​អង្គរ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com