អន្តរជាតិ
ជ័យលាភី​មេដាយមាស​អូឡាំពិក​នៅ​អាស៊ាន​អាច​ជិះ Air Asia ដោយ​ឥតគិតថ្លៃ​មួយជីវិត​
25, Aug 2016 , 9:43 am        
រូបភាព
អត្តពលិកអាស៊ាន​ដែល​ឈ្នះមេដាយមាសអូឡាំពិក​។ រូបថត ហ្វេសប៊ុក Tony Fernandes
អត្តពលិកអាស៊ាន​ដែល​ឈ្នះមេដាយមាសអូឡាំពិក​។ រូបថត ហ្វេសប៊ុក Tony Fernandes
​ក្នុង​គោលដៅ​អបអរ​អត្ត​ព​លិ​ក​អាស៊ាន​ដែល​ឈ្នះ​មេដាយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក Rio 2016 ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Air Asia បានសម្រេច​ផ្ដល់​សំបុត្រ​យន្តហោះ​ពិសេស​ដល់​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ​ទាំងអស់​។ ក្នុងនោះ ម្ចាស់​មេដាយមាស នឹង​ទទួលបាន​សំបុត្រ​ជិះ​យន្តហោះ​ដោយ​មិន​គិតថ្លៃ​អស់​មួយជីវិត ខណៈ​ម្ចាស់​មេដាយប្រាក់ និង​សំរិទ្ធ នឹង​ទទួលបាន​សំបុត្រ​ដែល​អាច​ជិះ​ក្នុងពេល​កំណត់​មួយ​។



​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែសីហា ក្រុមហ៊ុន​អាកាសចរណ៍ Air Asia នឹង​ផ្ដល់​សំបុត្រ​យន្តហោះ​ជិះ​ដោយ​សេរី​មួយជីវិត ដល់​អត្ត​ព​លិ​ក​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដែល​ឈ្នះ​មេដាយមាស នៅឯ​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្ថែមថា ចំពោះ​អត្ត​ព​លិ​ក​ដែល​ទទួលបាន​មេដាយប្រាក់ នឹង​ទទួលបាន​សំបុត្រ​យន្តហោះ​ដែល​អាច​ជិះ​ដោយ​សេរី​រយៈពេល​៥​ឆ្នាំ​។ ហើយ​ម្ចាស់​មេដាយសំរិទ្ធ​នៅតាម​ប្រភេទ​កីឡា​របស់ខ្លួន នឹង​ទទួលបាន​សំបុត្រ​ដែល​អាច​ជិះ​ក្នុង​រយៈពេល​២​ឆ្នាំ​ផងដែរ​។ អត្ត​ព​លិ​ក​ដែលមាន​សិទ្ធិ​ទទួលបាន​សំបុត្រ​ទាំងអស់ អាចធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​ច្រើនជាង​១២០ នៅ​អាស៊ី អូស្ត្រាលី មជ្ឈិមបូព៌ា និង​អាហ្វ្រិក​។​

​បើ​យោងតាម​លទ្ធផល​បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​អូឡាំពិក Rio 2016 អត្ត​ពលិកម​ក​ពី​តំបន់​អាស៊ាន​ដែល​ឈ្នះ​មេដាយមាស រួមមាន​កីឡាករ​ហែល​ទឹក​សិង្ហ​បុរី Joseph Schooling កីឡាករ​វាយ​សី​ដៃគូ​ឥណ្ឌូណេស៊ី Liliyana Natsir និង​Tontowi Ahmad​។ វៀតណាម​មាន ម្ចាស់​មេដាយមាស​វិញ្ញាសា​បាញ់កាំភ្លើង Hoang Xuan Vinh ឯ​ថៃ​មាន​ក៏​ទទួលបាន​មេដាយមាស​ពីរ​គ្រឿង​ដែរ​លើ​វិញ្ញាសា​លើក​ទម្ងន់ គឺ កីឡាការិនី Sukanya Srisurat និង​Sopita Tanasan​។

​នាយក​ប្រតិបត្តិ Air Asia លោក Tony Fernandes និយាយថា អត្ត​ព​លិ​ក​អាស៊ាន​ដែល​អាច​យកឈ្នះ​មេដាយ ជា​សក្ខីកម្ម​បង្ហាញថា រឿង​គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន តាមរយៈ​ការជឿជាក់​លើ​ខ្លួនឯង និង​ការប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ទៅដល់​គោលដៅ​។ លោក​សង្ឃឹម​ទៀតថា ជោគជ័យ​នេះ នឹង​ជំរុញ​អត្ត​ព​លិ​ក​ដទៃទៀត​នៅក្នុង​តំបន់​អាស៊ាន ឲ្យ​ដើរ​តាម​ការព្យាយាម​របស់​ពួកគេ ហើយ​លោក​រំពឹងថា នៅ​ថ្ងៃ​អនាគត តំបន់​អាស៊ាន នឹង​ទទួលបាន​មេដាយ​កាន់តែច្រើន​៕    


Tag:
 Rio 2016
 ​ អាស៊ាន​
  Air Asia
© រក្សាសិទ្ធិដោយ thmeythmey.com