អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Merkel៖ រដ្ឋ​អឺរ៉ុប​មិនត្រូវ​បដិសេធ​ទទួល​ជនភៀសខ្លួន​មូស្លីម​ឡើយ
30, Aug 2016 , 7:39 am        
រូបភាព
 
 
​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បានបង្ហាញ​ជំហរ​គាំទ្រ​គម្រោង​បែងចែក​ជនភៀសខ្លួន​តា​ម​កូតា​របស់​អឺរ៉ុប ស្រប​ពេលដែល​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន បាន​ទាត់ចោល​ផែនការ​នេះ​ក្រោម​ហេតុផល​សន្តិសុខ​។ មិនតែប៉ុណ្ណោះ លោកស្រី ក៏​ប្រាប់​ឲ្យ​សមាជិក​អឺរ៉ុប​ទាំងនោះ ត្រូវ​អនុវត្តតាម​គោលការណ៍​ដែល​ស្ថាប័ន​អឺរ៉ុប​សម្រេចចិត្ត​រួចហើយនោះ​។​

 
​លោកស្រី Angela Merkel នៅ​ថ្ងៃទី​២៨ ខែសីហា បានចាត់ទុក​ការបដិសេធ​ទទួលយក​ជន​ភៀស​មូស្លីម​របស់​រដ្ឋ​សមាជិក​អឺរ៉ុប គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​អឺរ៉ុប​ទាំងអស់ ត្រូវ​ធ្វើតាម​ការសម្រេច​ចិត្ត​របស់​ស្ថាប័ន​អឺរ៉ុប​។ អាល្លឺម៉ង់ ដែល​ត្រូវ​ចាត់ទុកជា​បងធំ​មួយ​របស់​អឺរ៉ុប បានស្នើ​ឲ្យ​មានការ​បែងចែក​ចំនួន​ជនភៀសខ្លួន​ទៅតាម​រដ្ឋ​សមាជិក​នានា ប៉ុន្តែ​សំណើ​នេះ មិនត្រូវ​បាន​រដ្ឋ​សមាជិក​ទាំងអស់​ស្វាគមន៍​ឡើយ​។ 
 
​អធិការបតី​អាល្លឺម៉ង់ បាន​ប្រាប់​ទូរទស្សន៍ ARD ថា វា​មិនមែនជា​រឿង​ត្រឹមត្រូវ​ទេ​ដែល​ប្រទេស​ខ្លះ​និយាយថា ខ្លួន​មិន​ត្រូវការ​ជន​មូស្លីម​ក្នុងប្រទេស​នោះ​។ ឆ្លៀត​ពេលនោះ លោកស្រី Merkel ដែល​គាំទ្រ​ប្រព័ន្ធ​បែងចែក​ជនភៀសខ្លួន​តា​ម​កូតា​នោះ ក៏​សង្កត់ធ្ងន់​ដែរ​ថា គ្រប់គ្នា (​រដ្ឋ​សមាជិក​អឺរ៉ុប​) ត្រូវតែ​គោរព​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ហើយ​គេ​នឹង​រក​ច្រកចេញ​រួមមួយ​សម្រាប់​បញ្ហា​នេះ​។ 
 
​គោលនយោបាយ​រួមមួយ​លើ​បញ្ហា​ជនភៀសខ្លួន គឺជា​បញ្ហា​រសើប​របស់​អឺរ៉ុប ខណៈដែល​រដ្ឋ​អឺរ៉ុប​ខ្លះ មិនសូវ​ជា​ពេញ​ចិត្តនឹង​គោលនយោបាយ​បែបនេះ​ឡើយ និង​ព្រមទាំង​ប្រកាស​មិន​ស្វាគមន៍​ជនភៀសខ្លួន​ថែមទៀត​។ បញ្ហា​ចម្រូងចម្រាស​នេះ នឹង​ក្លាយជា​ប្រធាន​ក្ដៅ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប នៅ​ខែក្រោយ ស្រប​ពេលដែល​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ជាមួយ​តួ​ក​គី ក៏​កំពុង​ប្រឈមមុខ​នឹង​ការដួលរលំ​ដែរនោះ​។ 
 
​សមាជិក​អឺរ៉ុប​មួយចំនួន ដែល​ភាគច្រើន​មកពី​តំបន់​អឺរ៉ុប​ខាងកើត ដូចជា សាធារណរដ្ឋ​ឆែក​, ហុង​គ្រី​, ប៉ូឡូញ​, និង​ស្លូ​វ៉ា​គី ជាដើម​នោះ​គឺ​សុទ្ធតែ​ប្រឆាំងនឹង​គម្រោង​បែងចែក​ជនភៀសខ្លួនរ​បស់​អឺរ៉ុប ឬក៏​ទទួល​យកតែ​ក្នុង​បរិមាណ​កំណត់​ណាមួយ​ប៉ុណ្ណោះ​។ ជាក់ស្ដែង​នោះ ប្រធានាធិបតី​ស្លូ​វ៉ា​គី លោក Robert Fico ប្រកាស​ហើយ​ថា ប្រទេស​លោក​នឹងមិន​ទទួលយក​ជន​មូស្លីម សូម្បីតែ​ម្នាក់​ឡើយ​។​
 
​ចំណែក​មេដឹកនាំ​ផ្សេងទៀត ក៏​ព្រួយបារម្ភ​ចំពោះ​ការទទួលយក​ជនភៀសខ្លួន​មូស្លីម​មកកាន់​ទឹកដី​របស់ខ្លួន បើទោះជា​មិនបាន​បដិសេធ​ផែនការ​របស់​អឺរ៉ុប​ក​ក៏ដោយចុះ​។ ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​បារាំង និង​បែ​ល​ហ្សិ​ក បានធ្វើ​ឲ្យ​សមាជិក​ដទៃទៀត ស្ទាក់​ស្ទើរចិត្ត​ទទួលយក​ជនភៀសខ្លួន ដែល​ភាគច្រើន​មកពី​មជ្ឈិមបូព៌ា​។ នាយករដ្ឋមន្ត្រី​ឆែក លោក Bohuslav Sobotka និយាយថា លោក​មិន​ចង់​មាន​សហគមន៍​មូស្លីម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​ឡើយ ហើយ​លោក​ចង់​ឲ្យ​ប្រទេស​នីមួយៗ ជា​អ្នក​សម្រេចចិត្តថា ពួកគេ​អាច​ទទួលបាន​ប៉ុន្មាន ជាជាង​ទទួលយក​អ្វីដែល​អឺរ៉ុប​សម្រេច​រួចហើយនោះ​៕    

Tag:
 អាល្លឺម៉ង់​
  អឺរ៉ុប​
  ជនភៀសខ្លួន​
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com