អន្តរជាតិ
ចិន​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​G-20 ស្របពេល​ខ្លួន​កំពុង​ពង្រីក​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ
30, Aug 2016 , 8:59 pm        
រូបភាព
G-20 រូបភាពពី Xinhua
G-20 រូបភាពពី Xinhua
ដោយ:
​កិច្ចប្រជុំ​នៃ​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G-20) នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ក្នុង​ក្រុង Hangzhou​។ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស G-20 នឹងចូលរួម​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ស្របពេល​ដែល​គេ​រំពឹងថា មហា​យក្ស​នឹង​ឆ្លៀតឱកាស​នេះ បង្ហាញ​ពី​កម្លាំង​សេដ្ឋកិច្ច​ដ៏​មហិមា ក៏ដូចជា​តួនាទី​របស់ខ្លួន​លើ​ការងារ​អភិបាលកិច្ច​របស់​ពិភពលោក ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​។​



​កិច្ចប្រជុំ G-20 ដែល​ទីក្រុង Hangzhou ជា​ម្ចាស់ផ្ទះ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៣ ខែកញ្ញា​។ កិច្ចប្រជុំ​ពិភពលោក​នេះ ធ្វើឡើង​ចំពេល​ដែល​មហា​យក្ស​ចិន កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច និង​អភិបាលកិច្ច​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដូចជា​នាយករដ្ឋមន្ត្រី​ជប៉ុន  ក៏​នឹងមាន​វត្តមាន​ក្នុងជំនួប​កំពូល​សេដ្ឋកិច្ច​នេះដែរ​។​

​មហា​យក្ស​ចិន ឈាន​ជើង​ចូល​សេដ្ឋកិច្ចពិភពលោក​ជា​ផ្លូវការ បន្ទាប់ពី​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០១ ។ រយៈពេល​១៥​ឆ្នាំ​មក​នោះ ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ចំនួន​១០​ភាគរយ និង​ការវិនិយោគ​យ៉ាងច្រើន​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ អ្វី​គួរកត់សម្គាល់​នោះ នៅ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មហា​យក្ស ក៏​ប្រែ​មុខមាត់​ថ្មី​មួយទៀត គឺ​ចិន​លែង​ជា​ប្រទេស​លាក់​មុខ​លាក់​មាត់​ទៀតហើយ​។​

​ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សករាជ​នៃ​សកល​ភា​វូ​នីយកម្ម ហើយ​ចិន​ក៏​មិនមែនជា​ប្រទេស​ដែល​ចាំតែ​ឆក់យក​ប្រយោជន៍​ទៀត​ដែរ​។ ការផ្ដើមគំនិត​បង្កើត​ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែលមាន​សមាជិក​មក​ពី​អាស៊ី និង​អឺរ៉ុប និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ ដែល​ការ​គំនិត​នៃ​ការតភ្ជាប់​ប្រទេស​ជាច្រើន គឺជា​ឧទាហរណ៍​បង្ហាញ​ពី​ឥទ្ធិពល​របស់​ចិន​លើ​ឆាក​អន្តរជាតិ​។

​យ៉ាងណាមិញ ស្របពេល​ដែល​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​នោះ ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ បែរជា​ធ្លាក់ចុះ​ទៅវិញ​។ ជាមួយគ្នា​នោះ នៅឯ​ប្លុក​លោកខាងលិច​ឯណោះ ក៏មាន​ចលនា​ប្រឆាំងនឹង​បរិបទ​សកល​ភា​វូ​នីយកម្ម​។ តួយ៉ាង អ្នកប្រឆាំង​សកល​ភា​រូបនីយកម្ម​នោះ​មាន បេក្ខជន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សមាជិក​ព្រឹទ្ធសភា លោក Bernie Sanders ជាដើម ហើយ​ការចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប ក៏​ជា​បញ្ហា​ដូចគ្នា​។​

​បើ​ទោះ​មាន​ជាការ​ប្រឈម​ច្រើនក្ដី អ្វីដែល​គេ​មិនអាច​ប្រកែក​បាន​នោះ គឺ​សេដ្ឋកិច្ច​ចិន​នៅតែមាន​កំណើន​យ៉ាង​ឆាប់រហ័ស ហើយ​ចិន​នៅតែមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​គាំទ្រ សកល​ភា​វូ​នីយកម្ម និង​ជំរុញ​ឲ្យ​មានការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​។ នៅពេលនេះ ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ មាន​សមត្ថភាព​ក្នុងការ​ផ្ដល់នូវ​បរិបទ​ថ្មី​ដែល​ល្អប្រសើរ​ដល់​ពិភពលោក តាមរយៈ​កំណើនសេដ្ឋកិច្ច កិច្ចប្រតិបត្តិការ​រួម​គ្នា ក៏ដូចជា​សកល​ភា​វូ​នីយកម្ម​ថ្មី​ផងដែរ​។​

​មកទល់ពេលនេះ ប្លុក​លោកខាងលិច ដែលមាន​សេដ្ឋកិច្ច​ជាប់​ទ្រឹង ឬ​មាន​កំណើន​តិចតួច​នោះ និង​ប្រឈមមុខ​បញ្ហា​មិនចេះចប់ ទំនងជា​មិនអាច​រក​ច្រកចេញ​អ្វី​ធំដុំ​នៅ​អំឡុងពេល​កិច្ចប្រជុំ G-20 នេះឡើយ​។ ចំណែកឯ​ចិន និង​ឥណ្ឌា​វិញ ត្រូវគេ​មើលឃើញថា ជា​ប៉ូល​សេដ្ឋកិច្ច​វិជ្ជមាន​សម្រាប់​ពិភពលោក ជាពិសេស​ចិន​តែម្ដង ដែល​ស្ថិតនៅ​ចំ​បេះដូង​នៃ​សេដ្ឋកិច្ច​សកល និង​អភិបាលកិច្ច​ពិភពលោក​។

​ប្រសិនបើ​មហា​យក្ស​ចិន អាច​ឆក់យក​ឱកាស​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ដើម្បី​ផ្តល់នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ណាមួយ​សម្រាប់​ពិភពលោក​នោះ តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​ក្រុង​ប៉េកាំង​លើ​ឆាក​អន្តរជាតិ នឹង​កាន់តែ​ចាក់គ្រឹះ​រឹងមាំ​បន្ថែមទៀត​។ ឥទ្ធិពល​របស់​ចិន​ដែល​កើន​ឡើងជា​លំដាប់ នឹង​បន្ត​រីកសាយ​ភាយ​នៅ​គ្រប់​ទ្វីប​ទាំងអស់ តាមរយៈ​ការផ្ដល់​ជំនួយ ការវិនិយោគ និង​ការធ្វើជា​ពាណិជ្ជកម្ម​មិន​រើសមុខ ហើយ​ចិន នឹង​ក្លាយជា​មហាអំណាច​ពិតប្រាកដ​របស់​ពិភពលោក​មិន​ខាន​៕  


© រក្សាសិទ្ធិដោយ thmeythmey.com