អន្តរជាតិ
អូ​បា​ម៉ា អាច​នឹង​ជជែក​ជាមួយ ពូ​ទីន រឿង​ស៊ី​រី និង​អ៊ុយ​ក្រែ​ន​នៅ​ចិន
30, Aug 2016 , 10:39 pm        
រូបភាព
លោក អូបាម៉ា និងលោក ពូទីន
លោក អូបាម៉ា និងលោក ពូទីន
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក  វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស ២០  ដែល​រៀបចំឡើង​នៅ​ក្រុង​ហាង​ចូ​វ   ពីថ្ងៃ ៤ ដល់​ថ្ងៃ ៥​កញ្ញា​ខាងមុខ​។ មកដល់ពេលនេះ គេ​មិនទាន់​កំណត់​រៀបចំ​ជំនួប​ទ្វេភាគី​ផ្លូវការ​រវាង​មេដឹកនាំ​ទាំងពីរ​ឡើយ ប៉ុន្តែ​គេ​ជឿជាក់ថា អ្នក​ទាំងពីរ​អាច​នឹង​មានឱកាស​ជជែក​គ្នា​ក្នុងឱកាស​កិច្ចប្រជុំ​នេះដែរ​។ បើសិន ក្នុងករណី​ដែល​លោក អូ​បា​ម៉ា និង ពូ​ទីន អាចមាន​ពេលវេលា​ច្រើន​ល្មម​ដើម្បី​ពិភាក្សាគ្នា បញ្ហា​អ៊ុយ​ក្រែ​ន និង​សង្គ្រាមស៊ីវិល​ស៊ី​រី នឹង​ក្លាយជា​ប្រធានបទ ចម្បង នៃ​កិច្ចពិភាក្សា​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​កិច្ចប្រជុំ​ប្រទេស ២០ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហាង​ចូ​វ   ប្រទេស​ចិន ដោយ​ចិន​នឹងត្រូវ​ស្វាគមន៍​បណ្តា​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់ ក្នុងនោះ​មាន ប្រ​ធានា​ធិ​ប​តិ​អាមេរិក និង ប្រធានាធិបតី​រុស្ស៊ី​ផងដែរ​។ គេ​រំពឹងថា កិច្ចប្រជុំ​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​មេដឹកនាំ​ទាំងពីរ​ក្នុង​ការជជែក​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ និង​បញ្ហា​ពិភពលោក​ផ្សេងទៀត​ផងដែរ​។​

​កាលពី​ឆ្នាំ ២០១៥ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួបពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន  នៅក្រៅ​កិច្ចប្រជុំ​អាកាសធាតុ​ដែល​រៀបចំឡើង​នៅ​ប្រទេស​បារាំង ហើយ​អ្នក​ទាំងពីរ​បាន​បន្តម​ក​ជួបគ្នា​ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ ប្រទេស ២០ នៅ​តួ​ក​គី​នៅក្នុង​ខែវិច្ឆិកា​នោះ​។

​ប៉ុន្តែ ក្នុង​ឆ្នាំ ២០១៦​នេះ គេ​មិនទាន់​ឃើញ​មាន​ជំនួប​ទ្វេភាគី​ជា​ផ្លូវការ​រវាង​មេដឹកនាំ​ទាំងពីរ​ឡើយ​។ ហើយ​រឿង​ដែល​សំខាន់​នោះ ទោះបីជា លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ជូនពរ​បុណ្យខួបកំណើត និង​ជូនពរ​ដល់​ប្រជាជន​អាមេរិក​ដើម្បី​អបអរសាទរ​បុណ្យ​ឯករាជ្យ​អាមេរិក​កន្លងមក ក៏​ប្រធានាធិបតី​អាមេរិក មិនបាន​ឆ្លើយ​អ្វី​វិញ​ដែរ​។ សូម្បីតែ​កិច្ចសន្ទនា​តាមរយៈ​ទូរស័ព្ទ​ក៏​មិន​ត្រូវបាន​រៀបចំឡើង​ដែរ​។​

​ទាក់ទិន​កិច្ចប្រជុំ ប្រទេស ២០ នៅ​ក្រុង​ហាង​ចូ​វ  នេះដែរ​ទីប្រឹក្សា​រង​សន្តិសុខ លោក Ben Rhodes បានបញ្ជាក់​ច្បា​ស់នា​ថ្ងៃ​ចន្ទ​ទី ២៩ សីហា ក្នុង​សន្និសីទ​សារព័ត៌មាន​ថា វា​មិនមាន​កាលវិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជំនួប​ទ្វេភាគី​ជា​ផ្លូវការ​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឡើយ​។ តែ​លោក​រំពឹងថា អ្នក​ទាំងពីរ​នឹង​អាចមាន​ឱកាស​ក្នុង​ការជួប​និង​ពិភាក្សាគ្នា​ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​ពិភពលោក​។ 

​ខាង​ភាគី​រុស្ស៊ី​ឯណេះ​វិញ​ក៏​រំពឹង​ដូចគ្នា​ថា មេដឹកនាំ​ទាំងពីរ​អាច​នឹង​មានឱកាស​សន្ទនា​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ហាង​ចូ​វ  ដែរ​។ អ្នកនាំពាក្យ​ប្រធានាធិបតី លោក Dmitry Peskov បាន​អះអាងថា លោក​ទាំងពីរ​ពិត​អាចមាន​លទ្ធភាព​ក្នុងការ​ទំនាក់ទំនង​គ្នា​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស ២០ ខាងមុខ ហើយ​លោក​ក៏​សង្ឃឹម​ដូចគ្នា​ថា កិច្ចពិភាក្សា​ទ្វេភាគី​ផ្លូវការ​អាច​នឹងត្រូវ​រៀបចំឡើង​នៅពេល​ខាងមុខ​ដែរ​។​

​ក្នុងករណី​ដែល កិច្ចប្រជុំ​ឬ​កិច្ចពិភាក្សា​ណាមួយ​ត្រូវ​រៀបចំឡើង​មែន​នោះ បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន និង​សង្គ្រាមស៊ីវិល​ស៊ី​រី នឹង​ក្លាយជា​ប្រធានបទ​ស្នូល​។

១. ជម្លោះ​អ៊ុយ​ក្រែ​ន​៖ រុស្ស៊ី​ដំឡើង​សាច់ដុំ​កាន់តែខ្លាំង ក្រោយ​មាន​ចលនា​វិទ្ធង្សនា​នៅ Crimea
​តាំងពី​ឆ្នាំ ២០១៤ មក​វិបត្តិ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​។ អាមេរិក​ចោទប្រកាន់​រុស្ស៊ី​ថា​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ដើម្បី​បង្កជម្លោះ ហើយ​អាមេរិក​ក៏​បន្ត​ដាក់​គំនៀប​ឲ្យ​រុស្ស៊ី​លះបង់​ទឹកដី​គ្រី​មៀ​( Crimea) ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​តាមរយៈ​ការរក្សា​ទណ្ឌកម្មសេដ្ឋកិច្ច​ដែរ​។ ម្យ៉ាង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ទៀត រុស្ស៊ី​កាន់តែ​ដំឡើង​សាច់ដុំ​យោធា​ខ្លាំង​ដើម្បី​គំរាម អ៊ុយ​ក្រែ​ន ក្រោយ​ពេលដែល​ចលនា​វិទ្ធង្សនា​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទឹកដី គ្រី​មៀ ដើម្បី​ប្រឆាំង​អាជ្ញាធរ​រុស្ស៊ី​។ រុស្ស៊ី​ចោទ​អ៊ុយ​ក្រែ​ន​ពេញៗ​មាត់ ហើយ​ព្រមាន​កាត់​ផ្តាច់ចំណង​ការទូត​និង​ដាក់​កងទ័ព​ឲ្យ​ប្រុង​ជើងការ​ដើម្បី​ប្រយុទ្ធ​ថែមទៀត​។ បច្ចុប្បន្ន​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​រុស្ស៊ី​កំពុង​ធ្វើ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នៅ សមុទ្រ​ខ្មៅ និង​គ្រី​មៀ​។ ចំណែក ខាង​អ៊ុយ​ក្រែ​ន​វិញ​ក៏​បញ្ជា​ឲ្យ​ទ័ព​ប្រុង​ជើងការ​ត្រៀមប្រយុទ្ធ ក្នុងស្ថានភាព​ចាំបាច់​។

​ដូច្នេះហើយ បើសិនជា លោក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជួបពិភាក្សា​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មែន លោក​ប្រាកដជា​នឹង​លើកឡើង​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ក៏ដូចជា​ជម្លោះ​ប្រដាប់អាវុធ​ភាគ​ខាងកើត​ផង​។  ហើយ​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ក្រុង​ម៉ូស្គូ​ឲ្យ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែល​ចូល​ជា​ធរមាន​តាំងពី​ពាក់​កណ្តាលខែ កុម្ភៈ​មក​នោះ​។​

២.​សង្គ្រាមស៊ីវិល​ស៊ី​រី​៖ អាមេរិក​និង​រុស្ស៊ី​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​រួម​
​ក្រៅពី​បញ្ហា អ៊ុយ​ក្រែ​ន អាមេរិក​នៅតែ​ព្រួយបារម្ភ​ពី​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ដែរ​។ កាលពី​ថ្ងៃ​សុក្រ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov និង​សម​ភាគី​អាមេរិក ច​ន ឃែ​រី បាន​ជួប​ពិភាក្សាគ្នា​ជាថ្មី ពាក់ព័ន្ធ​ការអនុវត្ត​កិច្ច​កិច្ចព្រមព្រៀង​បញ្ចប់​ការប្រយុទ្ធ​ដែល​រុស្ស៊ី​និង​អាមេរិក​សម្រេចបាន​កាល​ពី​ចុងខែ​កុម្ភៈ​ឆ្នាំ ២០១៦ នេះ​។ កិច្ចពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​ការវាយប្រហារ​ផ្លូវអាកាស​របស់​រុស្ស៊ី និង​ជំរុញ​ឲ្យ​រុស្ស៊ី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អាសាដ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការផ្អាក​ការប្រយុទ្ធ​ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាពិសេស​នៅ ក្រុង Aleppo ។

 មកទល់ពេលនេះ ភាគី​ទាំងពីរ​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​រួមគ្នា​ឡើយ​។ ប៉ុ​ន្ត​កន្លងមក រុស្ស៊ី និង​អាមេរិក​ហាក់​ឯកភាពគ្នា​ក្នុងការ​សហការ​និង​ចែករំលែក​ព័ត៌មាន​ចារកម្ម ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ផង​។ ប៉ុន្តែ សហរដ្ឋអាមេរិក​ក៏​តែង​ទិតៀន​រុស្ស៊ី​ដែល​ជុំវិញ​គាំទ្រ​កងទ័ព​លោក អាសាដ ក្នុងការ​វាយប្រហារ​លើ​ទីក្រុង Aleppo និង​តំបន់​ផ្សេងទៀត​ដែលជា​ទាំង​ក្រុម​ឧទ្ទាម​កាន់កាប់​នោះ​។

​ដូច្នេះហើយ ក្នុង​កិច្ចប្រជុំ ប្រទេស ២០ បើសិន​លោក អូ​បា​ម៉ា ពិភាក្សា​ជាមួយ​លោក ពូ​ទីន លោក​នឹង​លើកយក​ការ​ឈានទៅ​ផ្អាក​ការប្រយុទ្ធ​, ឈប់​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​, ក៏ដូចជា​អនុញ្ញាត​ឲ្យ​មានការ​ចែកចាយ​ជំ​នួ មនុស្សធម៌​ដូច​រៀបរាប់​ខាងលើ និង​ចុងក្រោយ​បង្កើត​សម័យ​អន្តរកាល​តាមរយៈ​ការអនុវត្ត​ដំណោះស្រាយ​នយោបាយ​។ ការបណ្តេញ​លោក បា​សា អាល់ អាសាដ ចេញ​នៅតែ​ជា​កម្មវត្ថុ​ចម្បង​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដដែល​។ 

​យ៉ាងណាមិញ បើសិនជា លោក ពូ​ទីន និង​លោក អូ​បា​ម៉ា មិនមាន​ឱកាស​ជជែក​គ្នា​ក្នុង​ទីក្រុង ហាន ចូ​វ ទេ លោក ពូ​ទីន អាច​នឹង​អាច​ជួបពិភាក្សា​ជាមួយ​លោក អូ​បា​ម៉ា​ជា​លើកចុងក្រោយ​នៅ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី (APEC) មុន​លោក អូ​បា​ម៉ា ចេញពី​តំណែង​នា​ខែមករា​ឆ្នាំ​២០១៧ ។ កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​នេះ នឹងត្រូវ​រៀបចំឡើង​នៅ​ខែវិច្ឆិកា​នៅ​ទីក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ​៕


© រក្សាសិទ្ធិដោយ thmeythmey.com